Samsung គឺជា​ក្រុមហ៊ុន​ផលិត​ឈីប​ធំជាងគេ​លំដាប់​ទី 2 ក្នុង​ពិភពលោក បើគិត​នៅក្នុង​ត្រីមាស​ទីមួយ​កន្លង​ទៅនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

ដូចយើងបានដឹងហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ Samsung គឺជាក្រុមហ៊ុនផលិតឈីបធំមួយ នៅក្នុងពិភលោក ដោយក្រុមហ៊ុននេះ បានធ្វើការផលិតប្រភេទឈីបជាច្រើនប្រភេទ សម្រាប់នាំចេញទៅកាន់ទីផ្សារ មិនមែនត្រឹមតែប្រភេទ Processor នោះឡើយ ជាក់ស្ដែងក៏មានដូចជាប្រភេទ Memory Chips ក៏ដូចជាប្រភេទផ្សេងៗ ជាច្រើនទៀតផងដែរ។ ដោយឡែក នៅក្នុងពេលនេះ របាយការណ៍ថ្មីមួយ ដែលទើបតែត្រូវបានគេបង្ហាញ កាលពីពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា Samsung គឺជាក្រុមហ៊ុនផលិតឈីបធំបំផុតនៅក្នុងពិភពលំដាប់ទី 2 ថែមទៀតផង បើគិតក្នុងត្រីមាសទីមួយកន្លងទៅនេះ។

ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង បើតាមរបាយការណ៍ថ្មីមួយ ដែលបង្ហាញដោយក្រុមអ្នកស្រាវជ្រាវ ក៏ដូចជាអ្នកព្យាករណ៍ឈ្មោះថា Omdia នោះ បានធ្វើការបញ្ជាក់ឲ្យដឹងថា កាលពីក្នុងត្រីមាសទីមួយកន្លងទៅ Samsung បានជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោក ក្នុងនាមជាក្រុមហ៊ុនផលិតឈីបធំជាងគេបំផុត ខណៈពេលដែលលេខ 1 នោះ គឺបានទៅលើក្រុមហ៊ុន Intel នេះឯង។ នៅក្នុងនោះ Samsung អាចរកចំណូលបានខ្ទង់ប្រមាណជា 13.75 ពាន់លានដុល្លារ ពីផ្នែកផលិតឈីបនេះ ដោយមានការកើនឡើងប្រមាណជាមួយ 1.4% បើប្រៀបនឹងត្រីមាសទី 4 ក្នុងឆ្នាំ 2019 ពោលគឺកាលនោះ គេអាចរកចំណូលបានខ្ទង់ 13.55 ពាន់លានដុល្លារផងដែរ។ សម្រាប់កំណើនប្រាក់ចំណូលរបស់ Samsung នេះ បានធ្វើឲ្យគេ មានចំណែកខ្ទង់ 12.5% ភាគរយ ក្នុងចំណោមចំណូលសរុបទាំងអស់ នៅលើទីផ្សារសកលទាំងមូល។ យ៉ាងណាក៏ដោយ Intel ដែលក្រុមហ៊ុនឈានមុខគេនោះ គឺមានចំណូលប្រមាណជា 17.7% បើធៀបនឹងចំណូលសរុបលើទីផ្សារសកលទាំងមូល ហើយបើគិតជាទឹកប្រាក់ទៅ ក្នុងត្រីមាសទីមួយថ្មីៗនេះ គេអាចរកចំណូលបានខ្ទង់ 19.5 ពាន់លានដុល្លារ ប៉ុន្តែចំណូលនេះ គឺមានការធ្លាក់ចុះប្រមាណជា 1.8% បើប្រៀបជាមួយត្រីមាសទី 4 ឆ្នាំ 2019។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្សេងៗជាច្រើនទៀតដូចជា SK Hynix, Micron, Broadcom, Qualcomm, TI (Texas Instruments), HiSilicon, Nvidia, និង Kioxia នេះ គឺសុទ្ធសឹងតែជាក្រុមហ៊ុន ដែលមានឈ្មោះនៅរបាយការណ៍នោះ ក្នុងនាមជាក្រុមហ៊ុនផលិតឈីបធំជាងគេ ទាំង 10 ក្នុងពិភពលោក។ នៅក្នុងនោះដែរ យើងក៏ឃើញថា មានក្រុមហ៊ុនជាច្រើន ទទួលបានចំណូលកើនឡើងច្រើន នៅក្នុងអំឡុងត្រីមាសទីមួយ ដែលពោរពេញទៅដោយ ការរាតត្បាតចេញពី COVID-19 នោះ ជាក់ស្ដែងដូចជា Qualcomm ឈរនៅលើលេខរៀងទី 6 ប៉ុន្តែមានចំណូលកើនឡើងប្រមាណជា 14.6% ថែមទៀតផង ខណៈពេលដែល HiSilicon ឈរនៅលេខរៀងទី 8 នោះវិញ គឺមានការកើនឡើងដល់ទៅជាង 40.3% ឯណោះ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង