នេះជាកាសប៊ូធូសជំនាន់ថ្មី realme Buds Q មានថ្មអាចប្រើបាន ដល់ទៅ 20 ម៉ោងឯណោះ!​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

កាលពីខែមុននេះ យើងបានដឹងហើយថា realme បានប្រកាសចេញ កាសឥតខ្សែជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវបានដាក់ឈ្មោះថា realme Buds Air Neo ហើយក្នុងនោះ យើងឃើញថា វាពិតជាមានរូបរាងស្រដៀងគ្នា ជាមួយនឹង AirPods របស់ Apple មែនទែន មិនថាកាស ឬមួយក៏ប្រអប់របស់វានោះទេ។ ដោយឡែក ពេលនេះ realme ទើបតែធ្វើការប្រកាសចេញនូវកាស realme Buds Q ថ្មីមួយទៀត ដែលវាក៏មានតម្លៃទាបជាងជំនាន់មុនទៀតផង។

ពិតប្រាកដណាស់ កាសឥតខ្សែ realme Buds Q វាមានតួខ្លួនស្រោបដោយជ័រប្លាស្ទិច ដែលមាន Case អាចទ្រទ្រង់ការសាកបញ្ចូលថ្ម តាមរយៈរន្ធ MicroUSB ប៉ុណ្ណោះ មិនមែន USB-C ដូច Buds Air ឡើយ។ លើសពីនេះទៅទៀត realme បានប្រាប់អោយដឹងថា Buds Q បានបំពាក់មកជាមួយប្រព័ន្ធ Bluetooth ជំនាន់ 5.0 និងវាក៏មានមុខងារ Gaming Mode ដែលក្រុមហ៊ុននេះ អះអាងថាវាអាចបញ្ជូនសម្លេងនៅពេលលេងហ្គេម បានយ៉ាងច្បាស់ល្អដូចពិតៗ ជាមួយកម្រិត Super Low Latency ត្រឹម 119ms ប៉ុណ្ណោះ និងវាមានបាសបញ្ចេញសម្លេងទំហំ 10mm ដែលផ្ដល់នូវគុណភាពសម្លេងបានច្បាស់ល្អផងដែរ។ មួយវិញទៀត កាស realme Buds Q ថ្មីនេះ ក៏មានមុខងារប៉ះបញ្ជាជាច្រើនទៀត ដូចជាអាចបញ្ជាអោយលេង ឬបញ្ឈប់បទចម្រៀង, បញ្ជាជំនួយការសម្លេង, ទទួលការហៅចូល ដែល realme បានបញ្ជាក់ថាវាអាចប្រើជាប់បានរយៈពេល 4.5 ម៉ោងលើការសាកថ្មពេញម្ដង ហើយពេលប្រើជាមួយ Case វាអាចរស់បានដល់ 20 ម៉ោង និងវាក៏មានមុខងារការពារញើសកម្រិត IPX4 ទៀតផង។

ជាចុងក្រោយ កាសឥតខ្សែ realme Buds Q បានបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ចំនួន 3 រួមមាន ពណ៌ស, ខ្មៅ និងពណ៌លឿង ដែលវានឹងត្រូវបានដាក់លក់ជាផ្លូវការ នៅលើគេហទំព័រ Amazon India និងនៅលើវេបផ្សាយរបស់ realme ផ្ទាល់ ក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី 1 កក្កដាខាងមុខនេះ ជាមួយតម្លៃប្រមាណជាង ១០ ម៉ឺនរៀល (26 ដុល្លារ)។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង