Panasonic ប្រកាសចេញ Toughbook A3 ជាផ្លូវការ ប្រើឈីប Snapdragon 660 និងមានតួខ្លួនដ៏រឹងមាំ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

កាលពីខែសីហា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញថេប្លេត Galaxy Tab Active Pro ជាផ្លូវការនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលវាបានប្រើប្រាស់ឈីប Snapdragon 710 ជាមួយ RAM ទំហំ 4GB ហើយកាន់តែពិសេសនោះ វាជាថេប្លេតមានតួខ្លួនដ៏រឹងមាំទៀតផង។ ដោយឡែក ពេលនេះ Panasonic ក៏បានបញ្ចេញ ថេប្លេត ជំនាន់ចុងក្រោយរបស់ខ្លួនផងដែរ ដោយមានឈ្មោះថា Toughbook A3 ដែលវាជាថេប្លេតមានតួខ្លួនដ៏រឹងមាំ ស្រដៀងគ្នា Galaxy Tab Active Pro ដែរ។

ជាក់ស្ដែង ថេប្លេត Toughbook A3 ជំនាន់ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ទំហំ 10.1 អ៊ីញ ជាប្រភេទ IPS LCD ដែលមានកម្រិតបង្ហាញរូបភាព 1920 x 1200 ភិចសែល ជាមួយកម្រិតពន្លឺដល់ 800 nits ហើយវាមានតួខ្លួនយ៉ាងរឹងមាំ បានបង្កើតឡើង គឺផ្តោតសំខាន់លើប្រើប្រាស់ ក្នុងស្ថានភាពការងារលំបាក ដូចជាការឡើងភ្នំ និងការដើរព្រៃផងដែរ។ Toughbook A3 វាជាថេប្លេតមានភាពរឹងមាំខ្លាំង ជាមួយអាវក្រោះការពារទឹកនិងធូលីកម្រិត IP65 ហើយត្រូវបានផលិតឡើងតាមស្តង់ដារយោធា MIL-STD 810H ដើម្បីអាចស៊ូទ្រាំការធ្លាក់ និងការពារទឹកបានយ៉ាងល្អ។ លើសពីនេះទៅទៀត វាបានប្រើប្រាស់បន្ទះឈីបលំដាប់មធ្យម Snapdragon 660 គួបផ្សំមកជាមួយរ៉េមទំហំ 4GB ថែមទាំងមានអង្គផ្ទុកទិន្នន័យទំហំ 64GB ហើយវាក៏អាចធ្វើការបន្ថែម MicroSD Card ពីខាងក្រៅបាន ផងដែរ។

បន្ថែមពីនេះ Toughbook A3 បានដំណើរការដោយ Android 9 Pie ចេញពីប្រអប់ស្រាប់តែម្ដង និងមានថាមពលថ្មទំហំ 3,200mAh អាចទ្រាំទ្រការប្រើបាន 8 ម៉ោង ហើយ Panasonic ក៏ផ្តល់នូវជម្រើសនៃការបន្ថែមថ្មរបស់វាដល់ទៅទំហំ 5,500mAh ដែលអាចបង្កើនពេលវេលានៃការប្រើប្រាស់ដល់ 15 ម៉ោង។ មិនតែប៉ុណ្ណោះ វាក៏មានលក្ខណៈសម្បត្តិពិសេសមួយចំនួនទៀត ដូចជាមានប៊ិច Stylus, USB-A ចំនួន 1, ប្រើរន្ធសាកថ្មជាប្រភេទ USB-C, គាំទ្រការប្រើប្រាស់ស៊ីមបានចំនួន 2 និងវាថែមទាំងគាំទ្រ Global Navigation Satellite Systems ទៀតផង។ ជាចុងក្រោយ វានឹងត្រូវបានដាក់លក់ក្នុងចក្រភពអង់គ្លេស នៅខែសីហាខាងមុខ ជាមួយតម្លៃខ្ទង់ ៥ លាន ៨៧ ម៉ឺនរៀល (1,468 ដុល្លារ)។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង