ប្រព័ន្ធប្រតិបត្តិការ iPadOS 14 បានភ្ជាប់មកជាមួយមុខងារ Low Power Mode​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ខណៈដែលប្រព័ន្ធប្រតិបត្តិការ iPadOS 14 ទទួលបានមុខងារថ្មីៗជាច្រើនដូចទៅនឹង iOS 14 ដែលមានដូចជា Widgets ថ្មី, រចនាបថផ្ទាំងបង្ហាញរបស់ Incoming Call  និង Siri ថ្មី ជាដើម។ ស្របពេលនេះដែរក្រុមហ៊ុន Apple ក៏បានកែប្រែមុខងារខ្លះឲ្យសាកសមទៅនឹង iPad ផងដែរ តួយ៉ាងនៅលើ iPadOS 14 កម្មវិធី Music ទទួលបានការគាំទ្រមុខងារ Multi-Window ក៏ដូចជាទទួលបានមុខងារ Low Power Mode ផងដែរ។

យើងបានដឹងហើយថា ក្រុមហ៊ុន Apple បានធ្វើការបន្ថែមមុខងារ Multi-Window ទៅឲ្យ iPad តាមរយៈ iPadOS 13 ដែលបានប្រកាសចេញកាលពីឆ្នាំមុន។ មុខងារមួយនេះអនុញ្ញាឲ្យអ្នកប្រើប្រាស់អាចធ្វើការបើកកម្មវិធីដូចគ្នាក្នុងពេលតែមួយ ហើយវាមានប្រយោជន៍បំផុតសម្រាប់កម្មវិធី ដូចជា Safari។ គួរបញ្ជាក់ផងថា នៅលើ iPadOS 14 កម្មវិធី Music គឺជាកម្មវិធី First Party ចុងក្រោយគេ ដែលអាចគាំទ្រមុខងារ Multi-Window។ ក្រៅពីកម្មវីធី Music អាចគាំទ្រមុខងារ Multi-Window បានហើយ យើងក៏សង្កេតឃើញថា នៅលើ iPadOS 14 ក៏ទទួលបានមុខងារ Low Power Mode ដែលធ្លាប់ឃើញមាននៅលើ iOS ជាច្រើនឆ្នាំមកហើយ។ នៅលើ iPhone នៅពេលអ្នកប្រើប្រាស់បើកដំណើរការមុខងារ Low Power Mode វានឹងធ្វើការកែប្រែ Settings មួយចំនួនរបស់ iPhone ដោយក្នុងនោះមានដូចជាបិទមុខងារ Background  App Refresh, Mail Fetch, Automatic Downloads និង Visual Effects មួយចំនួនផ្សេងទៀត ដើម្បីជួយសន្សំសំចៃថ្មរបស់ iPhone។ 

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា Low Power Mode នៅលើ iPhone អ្នកប្រើប្រាស់អាចបើក ឬបិទមុខងារនេះបាន តាមរយៈ Settings ឬ Control Center ខណៈដែលនៅលើ iPadOS 14 ដើម្បីអាចបើកដំណើរការមុខងារនេះបាន តម្រូវឲ្យអ្នកប្រើប្រាស់និយាយបញ្ជាតាមរយៈ Siri ទៅវិញ ព្រោះថានៅក្នុង Settings របស់ iPadOS 14 មិនបានភ្ជាប់មកជាមួយប៊ូតុងសម្រាប់បើក ឬបិទមុខងារ Low Power Mode នោះទេ។ ជុំវិញរឿងរ៉ាវខាងលើនេះដែរ យើងក៏មិនទាន់ប្រាកដថា នៅពេលដែល iPadOS 14 ចេញជាផ្លូវការ Apple នឹងរក្សាទុកមុខងារគាំមុខងារ Low Power Mode ជាបន្តទៀត ឬក៏យ៉ាងណានោះដែរ ព្រោះថាជាទម្លាប់របស់ Apple ពួកគេតែងតែដកមុខងារខ្លះចេញពីប្រតិបត្តិការជំនាន់ថ្មី នៅពេលដែលពួកគេដាក់ឲ្យអ្នកប្រើប្រាស់ទាញយកជាផ្លូវការ ដូច្នេះយើងមានតែរង់ចាំតាមដានមើលទាំងអស់គ្នាជាបន្តទៀត។ 

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង