LG បាន​ប្រកាស​ចេញ​កាស​ឥតខ្សែ​ថ្មី​មួយ​ទៀត ​មាន​មុខងារអាច​សម្អាត​មេរោគ​ខ្លួនឯង​បាន ក៏ដូចជា​ជួយ​កាត់​បន្ថយ​សម្លេង​រំខានពីខាងក្រៅ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីក្នុងឆ្នាំមុន យើងបានឃើញកាសឥតខ្សែមួយរបស់ LG រួចហើយ ដោយវាត្រូវបានគេហៅថា LG Tone Free ហើយក្នុងនោះ យើងឃើញថា វាមានភ្ជាប់មកជាមួយមុខងារសំខាន់ជាច្រើន ក៏ដូចជាមានរូបរាងស្អាតម្យ៉ាងដែរ។ ដោយឡែក ថ្មីៗនេះ LG បានធ្វើការប្រកាសចេញ កាសឥតខ្សែម៉ូឌែលថ្មីមួយទៀត ដោយនៅតែត្រូវបានគេហៅថា Tone Free ដដែល ប៉ុន្តែលើកនេះ វាមានបន្ថែមលេខកូដពីក្រោយ HBS-FN6 ដើម្បីសម្គាល់ ហើយអ្វីដែលពិសេសនោះ គឺកាសខាងលើនេះ វាមានបំពាក់មកជាមួយបច្ចេកវិទ្យាផ្ទាល់របស់ LG មួយ ដែលអាចធ្វើការសម្អាតមេរោគបានទៀតផង។

ជាការពិតណាស់ កាសឥតខ្សែ LG Tone Free HBS-FN6 នេះ វាត្រូវបានគេរចនារូបរាងខុសពីឆ្នាំមុន សម្រាប់នៅលើកាសទាំងពីរ ប៉ុន្តែនៅលើប្រអប់វិញ ហាក់ដូចជាមិនមានការកែប្រែនោះទេ។ សម្រាប់កាសទាំងពីរនោះ វាត្រូវបានរចនាមកជាមួយរូបរាង ស្រដៀងកាសដទៃទៀត ក៏ដូចជា AirPods ដែរ ហើយសម្រាប់ផ្នែកគុណភាពសម្លេងវិញ វាបានភ្ជាប់មកជាមួយជម្រើស ក្នុងការកំណត់ EQ បាន តាមចំណូលចិត្តរបស់អ្នកប្រើប្រាស់ផ្ទាល់ ដោយក្នុងនោះមានដូចជាប្រភេទ Natural, Immersive, Bass Boost និង Treble Boost ផងដែរ។ ក្រៅពីនេះទៀត វាក៏មានភ្ជាប់មកជាមួយមុខងារ ជួយកាត់បន្ថយសម្លេងរំខានពីខាងក្រៅ, Ambient Sound Mode, មានអាវក្រោះការពារកម្រិត IPX4 ក៏ដូចជាមានភ្ជាប់មកជាមួយរន្ធស្រូបសម្លេងពីរគ្រាប់ ដែលអាចដំណើរការបានប្រសើរ ទៅលើការហៅ Google Assistant ឬមួយក៏ Siri ហ្នឹងឯង។ ទៅលើប្រអប់របស់វាវិញ គឺមានការរចនាឡើង មើលទៅស្រស់ស្អាតម្យ៉ាងដែរ អ្វីដែលពិសេសនៅលើប្រអប់នេះនោះគឺថា វាមានភ្ជាប់មកជាមួយមុខងារសម្អាតខ្លួនឯងបាន ដោយត្រូវបាន LG ហៅថា UVnano ដែលបានប្រើពន្លឺបែប Ultraviolet Light ដើម្បីដំណើរការ និយាយឲ្យចំទៅ វាអាចធ្វើការសម្អាតបាក់តេរីប្រភេទ Escherichia coli និង Staphylococcus បានដល់ 99.9% ឲ្យចេញពីកាសទាំងពីរនោះថែមទៀតផង។

ទៅលើថាមពលថ្មវិញ នៅលើកាសទាំងពីរ គឺមានភ្ជាប់មកជាមួយថ្មទំហំ 55mAh ដូចគ្នា ដែលអាចកំដរអ្នកប្រើប្រាស់បានដល់ 5 ម៉ោងក្នុងការនិយាយទូរសព្ទ ឬអាចដល់ 6 ម៉ោងសម្រាប់ការចាក់តន្ត្រីផ្សេងៗ។ នៅក្នុងប្រអប់របស់វា មានថាមពលថ្មទំហំ 390mAh ដែលអាចធ្វើការសាកឲ្យកាសទាំងពីរនោះបាន 3 ពេញលេញ ចំណែកឯរយៈពេលប្រើវិញ បើគិតទាំងកាស និងប្រអប់សាកនោះ វាអាចកំដរអ្នកប្រើប្រាស់បានដល់ 18 ម៉ោង ហើយប្រអប់នេះដែរ ក៏អាចគាំទ្រការសាកថ្មល្បឿនលឿន ដែលត្រូវបាន LG បញ្ជាក់ថា ក្នុងការសាក 5 នាទីវាអាចប្រើបានដល់ 1 ម៉ោង។ សម្រាប់ចំណុចពិសេសផ្សេងទៀត នៅលើកាស LG Tone Free HBS-FN6 នេះគឺមានដូចជា មានប្រើ Bluetooth 5.0 ក៏ដូចជាមានជម្រើសពីរពណ៌គឺ ស និងខ្មៅដូចក្នុងរូបអញ្ចឹង ចំណែកឯតម្លៃវិញ ពេលនេះ LG មិនទាន់បានបញ្ជាក់ឡើយ ដូច្នេះយើងមិនទាន់ប្រាកដនោះទេ។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង