អ្នកលេងហ្គេម Animal Crossing: New Horizons នឹងអាចចុះហែលទឹកបាន ចាប់ពីដើមខែក្រោយតទៅ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ហ្គេម Animal Crossing: New Horizons សម្រាប់ម៉ាស៊ីនហ្គេម Nintendo Switch គឺទើបតែបានដាក់ឲ្យលេងជាផ្លូវការ នៅខែមីនាកន្លងទៅនេះប៉ុណ្ណោះ ប៉ុន្ដែវាក៏ទទួលបានប្រជាប្រិយភាពខ្ពស់ទៅហើយ នៅក្នុងអំឡុងពេលដែលមនុស្សគ្រប់គ្នា កំពុងព្យាយាមទប់ស្កាតវីរុសកូវីដ 19 ដោយបានឈរលើតារាងកំពូលរបស់ Nintendo eShop អស់រយៈពេលប្រមាណជា 3 ខែឯណោះ។ រហូតមកដល់ពេលយប់មិញនេះ Nintendo ក៏បានប្រកាសចេញកំណែអាប់ដេត Summer Update សម្រាប់ហ្គេមដ៏ល្បីល្បាញមួយនេះ ដែលអនុញ្ញាតឲ្យអ្នកលេងទាំងអស់ ធ្វើការហែលទឹកកំសាន្ដ ជាលើកដំបូងបង្អស់ ថែមទៀតផង។

ដើម្បីជាការដោះស្រាយជំនួយដល់ឧបសគ្គជាមួយទឹក ដូចរបៀបលេងនៅពេលបច្ចុប្បន្ននេះ ហេតុដូច្នេះហើយក្រុមហ៊ុន Nintendo ក៏សម្រេចចិត្តផ្ដល់សិទ្ធិឲ្យហែលទឹកបាន ចាប់ពីកំណែអាប់ដេតលើកក្រោយតទៅ ដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2020 ខាងមុខនេះតែម្ដង។ ចាប់ផ្ដើមពីពេលនោះតទៅ អ្នកលេងទាំងអស់គ្នា នឹងអាចធ្វើការលោតទៅហែលទឹក នៅជុំវិញកោះរបស់ពួកគេបាន ក៏ដូចជាការស្វែងរកវត្ថុប្លែកៗ ឬ សត្វរស់នៅក្នុងសមុទ្រជាដើម។ លើសពីនេះទៅទៀត យើងក៏ឃើញមានការបន្ថែមជម្រើសសិប្បកម្មថ្មី, ការបន្ថែម Style បាតសមុទ្រ ឬ នាងមច្ឆាទៅឲ្យគ្រឿងសង្ហារឹមថ្មីៗ និងតួអង្គថ្មីឈ្មោះថា Gulliver ផងដែរ។ កាន់តែពិសេសទៀតនោះ Nintendo បានដាក់បង្ហាញឲ្យដឹងថា នេះគឺជាកំណែអាប់ដេតលើកទីមួយ (Wave 1) សម្រាប់រដូវក្ដៅនេះ (Summer) រីឯកំណែអាប់ដេតលើកទីពីរ (Wave) នឹងគ្រោងចាប់ផ្ដើមនៅដើមខែសីហា ឆាប់ៗខាងមុខនេះ។

អញ្ចឹង សម្រាប់អ្នកនិយមលេងហ្គេម Animal Crossing: New Horizons កុំភ្លេចរង់ចាំអាប់ដេតហ្គេមនៅលើម៉ាស៊ីន Nintendo Switch ក្នុងថ្ងៃទី 3 ខែកក្កដាខាងមុខនេះទាំងអស់គ្នា ដើម្បីទទួលបានការលេងកំសាន្ដថ្មីៗ ព្រមទាំងសាកល្បងហែលទឹកតែម្ដង។

ដោយ​ ៖ Nintendo
អត្ថបទទាក់ទង