កំណែ​អាប់ដេត​ថ្មី​លើ Google Photos ត្រូវបាន​កែប្រែ​មុខមាត់​ថ្មីជាច្រើន ហើយ​សូម្បី​តែ Icon ក៏ប្តូរដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីពេលកន្លងមកនេះ Google បានធ្វើការកែប្រែចំណុចថ្មីៗមួយចំនួន ម្ដងបន្តិចៗលើ Google Photos ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន។ ដោយឡែក នៅក្នុងពេលថ្មីៗនេះ Google បានធ្វើការប្រកាសចេញកំណែអាប់ដេតថ្មីមួយទៀត សម្រាប់កម្មវិធីខាងលើនេះ ទាំងនៅលើ Android ក៏ដូចជា iOS ហើយអ្វីដែលពិសេសនោះ យើងឃើញថា លើកនេះមិនមែនការប្រែបន្តិចបន្តួច ដូចពេលកន្លងមកទេ ផ្ទុយទៅវិញ Google បានកែប្រែចំណុចសំខាន់ៗ ក៏ដូចជាផ្ទៃបង្ហាញជាច្រើន ជាក់ស្ដែងសូម្បីតែ Logo ក៏ត្រូវបានគេផ្លាស់ប្តូរដែរ។

ជាការពិតណាស់ បើតាមការបង្ហាញចេញពី Google ផ្ទាល់បានបញ្ជាក់ឲ្យដឹងថា សម្រាប់ Google Photos ជំនាន់ថ្មីនេះ គឺត្រូវបានគេកែប្រែ ច្រើនចំណុចមែនទែន ជាក់ស្ដែងពេលនេះ Icon របស់វា ត្រូវបានរចនាសារជាថ្មី ឲ្យមើលទៅ វាមានលក្ខណៈមូល ខុសពីមុន ដែល Logo រាងស្លាបកង្ហារបស់វានោះ គឺមានលក្ខណៈជ្រុងៗ។ មិនត្រឹមតែប៉ុណ្ណោះទេ លើកនេះ Tab សំខាន់ដែលគេបាននៅខាងក្រោមនោះ គឺត្រូវបានកាត់បន្ថយមួយចេញវិញ ពោលគឺនៅសល់តែ 3 ប៉ុណ្ណោះ មានដូចជា Photos, Search និង Library ហើយសម្រាប់ Tab ដែលបាត់នោះ គឺបាត់ Tab Sharing និង For You ហើយវាទាំងពីរនេះ ត្រូវបានជំនួសកន្លែងវិញដោយ Tab Search ដែលនៅចំកណ្ដាលគេតែម្ដង នៃ Tab ទាំង 3 នោះ។ គួរបញ្ជាក់ដែរថា តួនាទីរបស់ Tab ទាំងនោះគឺមិនខុសពីមុនឡើយ និយាយឲ្យចំទៅ សម្រាប់ Photos មាននាទីបង្ហាញនូវរូបភាព ក៏ដូចជាវីដេអូផ្សេងៗរបស់អ្នកប្រើប្រាស់ ប៉ុន្តែលើកនេះ ផ្ទាំងរូបភាព និងវីដេអូតំណាងទាំងនោះ ត្រូវបានធ្វើឡើងឲ្យមានលក្ខណៈធំៗជាងមុន ហើយនៅក្នុងនោះ គេក៏បានកែប្រែទៅលើ Slideshow នៃ Memories ថ្មី ដែលមានសភាពជាចតុកោណបញ្ឈរវិញ មិនមែនមូលដូចមុនឡើយ មួយវិញទៀតនៅក្នុងនោះ ក៏មានបន្ថែម Content ថ្មីៗមួយចំនួនទៀតដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ សម្រាប់ផ្ទាំងមួយចំនួនដូចជា Movies, Collages, Animation, Stylized Photos ក៏ដូចជាផ្ទាំងមួយចំនួនទៀត ដែលធ្លាប់បានដាក់ក្នុង Tab For You ត្រូវបានគេផ្លាស់ប្តូរទៅដាក់ នៅក្នុងតំបន់ Memories ទាំងអស់តែម្ដង។ សម្រាប់ Tab Search វិញក៏នៅតែមាននាទីស្វែងរករូបភាព ក៏ដូចជាវីដេអូផ្សេងៗដូចមុនអញ្ចឹង ប៉ុន្តែលើកនេះវាពិសេសត្រង់ថា ត្រូវបានគេយកមកដាក់នៅជាមួយគ្នានឹង Tab សំខាន់ៗតែម្ដង ហើយសម្រាប់ផ្ទៃបង្ហាញរបស់វា ក៏មានការកែប្រែទម្រង់បន្តិចបន្តួចដែរ។ ចំណុចសំខាន់ថ្មី នៅក្នុង Tab Search នោះ គឺជាមុខងារ Map View នេះឯង ដោយ Google បានបញ្ជាក់ថា នេះជាមុខងារមួយ ដែលមានការសំណូមពរច្រើន ពោលគឺនៅក្នុងមុខងារនោះ គឺមានបង្ហាញពីផែនទី ក៏ដូចជារូបភាព ទាក់ទងនឹងចំណុច ដែលយើងបានចុចយកមកនោះទៀតផង។ ចូលមកដល់ Tab Library វិញ គឺជាកន្លែងដែលដាក់ Folder មួយចំនួនទៀត ជាក់ស្ដែងនៅក្នុងនោះមានដូចជា Albums, Favorites, Archives និង Trash ខណៈពេលដែលអ្នកប្រើប្រាស់ក្នុងប្រទេសកាណាដា និងតំបន់អឺរ៉ុបនោះ គឺទទួលបាន Print Store មួយទៀត។

អញ្ចឹងហើយ ទាំងនេះជាកំណែប្រែថ្មីលើ Google Photos ហើយកំណែអាប់ដេតនេះ នឹងត្រូវ Google ចាប់ផ្តើមទម្លាក់ចាប់ពីសប្តាហ៍ក្រោយទៅ ចំណែកពេលនេះនោះ គឺយើងអាចទទួលបានតែ Logo ឬ Icon ថ្មីសិនប៉ុណ្ណោះ ខណៈផ្ទៃខាងក្នុងគឺនៅដដែល ដរាបណាទាល់តែកំណែអាប់ដេតជំនាន់ទី 5.0 មកដល់ ទើបយើងទទួលបានចំណុចថ្មី ដូចបាននិយាយខាងលើ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង