ហ្គេម Cyberpunk 2077 ទទួលបានសាច់រឿង Anime នឹងចាក់បញ្ចាំងនៅលើ Netflix ក្នុងឆ្នាំ 2022 ខាងមុខនេះ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

អ្នកគាំទ្រជាច្រើននាក់ ត្រូវបានខកចិត្តមិនស្ទើរនោះទេ នៅពេលដែលបានដឹងថា ហ្គេមលេងពីអនាគត Cyberpunk 2077 ត្រូវបានពន្យាពេលសាជាថ្មីម្ដងទៀត រហូតដល់ទៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះ ដោយមិនមែននៅថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2020 ដូចបានសន្យាពីមុនទៀតទេ។ ទោះបីជាយ៉ាងណាក្ដី ស្របពេលនឹងបញ្ចេញវីដេអូ Gameplay ថ្មីកាលពីយប់មិញនេះ ពួកគេក៏បានផ្ដល់ជូនកាដូមួយ នោះគឺជាខ្សែភាពយន្ដគំនូរជីវចលបែប Anime ដែលដកស្រង់ចេញពីហ្គេមមួយនេះតែម្ដង។

ចំណែកឯខ្សែភាពយន្ដ Anime ថ្មីមួយនោះ គឺមានឈ្មោះហៅថា Cyberpunk: Edgerunners ដែលរៀបចំឲ្យដំណើរការ នៅក្នុងទីក្រុងរបស់ក្រុមហ៊ុន CD Projekt Red បានបង្កើតឡើងមកដដែល ជាមួយនឹងសាច់រឿងកាន់តែលម្អិត ថែមទៀតផង។ នាពេលបច្ចុប្បន្ននេះ យើងមិនទាន់ទទួលបានព័ត៌មានច្បាស់ ឬវីដេអូ Trailer អំពីខ្សែភាពយន្ដមួយនេះនៅឡើយទេ ដោយឡែក ពួកគេគ្រាន់តែបង្ហើបប្រាប់ឲ្យដឹងថា វានឹងចែកចេញជារឿងភាគចំនួន 10 ភាគ (Episode) ទាក់ទងទៅនឹងកុមារម្នាក់ ដែលរស់នៅតាមដងផ្លូវ និងព្យាយាមតស៊ូក្នុងសម័យបច្ចេកវិទ្យាខ្ពស់ នាពេលអនាគតផងដែរ។ វាកំពុងតែអភិឌ្ឍន៍ និងធ្វើការដឹកនាំដោយ ផលិតកម្មរបស់លោក Hiroyuki Imaishi ដែលជាអ្នកចូលរួមបង្កើតរឿង Gurren Lagann ក៏ដូចជា Kill la Kill និង Promare ជាដើម។ សម្រាប់ពេលចាក់បញ្ចាំងជាផ្លូវការវិញនោះ គឺត្រូវបានគ្រោងឡើងនៅអំឡុងឆ្នាំ 2022 តាមរយៈសេវាកម្មទស្សនាខ្សែភាពយន្ដ Netflix ផ្ដាច់មុខ។

***សូមទស្សនាវីដេអូប្រកាសចេញរឿង Cyberpunk: Edgerunners នៅខាងក្រោមនេះ ៖

ដោយសារតែហ្គេម Cyberpunk 2077 នឹងចាប់ផ្ដើមដាក់ឲ្យលេងនៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះ រីឯរឿងភាគ Cyberpunk: Edgerunners គ្រោងចាក់បញ្ចាំងក្នុងអំឡុងឆ្នាំ 2022 ហើយ ដូច្នេះអ្នកគាំទ្រទាំងអស់គ្នា នឹងអាចបញ្ចប់វគ្គក្នុងហ្គេមរួចរាល់ទាំងស្រុង បន្ទាប់មកអាចទស្សនារឿងបែប Anime នោះបន្ដទៀតបាន។ ខណៈពេលដែលកំពុងរង់ចាំមើលវីដេអូ Trailer របស់រឿងភាគច្រើនរបស់ហ្គេម Cyberpunk 2077 តើប្រិយមិត្តអ្នកអានទាំងអស់គ្នា មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះហ្គេមខ្នាតធំថ្មីមួយនេះ?

ដោយ​ ៖ IGN
អត្ថបទទាក់ទង