នេះ​អាច​ជារូបរាង​ពេញលេញនៃ​នាឡិកា​ឆ្លាត​ម៉ូឌែល​ថ្មី Galaxy Watch 3 របស់ Samsung​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីក្នុងសប្តាហ៍មុននេះ យើងទាំងអស់គ្នាបានឃើញហើយ ពីរូបភាពបែកធ្លាយមួយ ទាក់ទងនឹងរូបរាងនាឡិកាឆ្លាតម៉ូឌែលថ្មីរបស់ Samsung និយាយឲ្យចំទៅ វាធ្លាប់ត្រូវបានគេបង្ហាញថាជា Galaxy Watch 3 នេះឯង ដោយក្នុងនោះ វាក៏អាចនឹងត្រូវបានគេរចនាមក ជាមួយគែម Bezel បង្វិលបានពិតៗ ដូច Galaxy Watch ជំនាន់មុនៗអញ្ចឹង។ ដោយឡែក នៅក្នុងពេលនេះ យើងក៏បានឃើញរូប Render មួយទៀត ដែលទើបបែកធ្លាយ ហើយក្នុងរូបនោះ គឺបានបង្ហាញឲ្យយើងឃើញ ពីរូបរាងទាំងមូលរបស់ Galaxy Watch 3 ខាងលើនេះ កាន់តែច្បាស់ជាងមុន ថែមទៀតផង។

មិនខុសទេ បើតាមរូបភាពដែលទើបបែកធ្លាយនោះ យើងឃើញថា វាមិនខុសពីលើកមុនឡើយ គ្រាន់តែថាលើកនេះ វាកាន់តែច្បាស់ជាងមុន ថែមមួយកម្រិតទៀត និយាយឲ្យចំទៅ នៅក្នុងរូបភាពនោះ បានបង្ហាញឲ្យដឹងថា វាទំនងជារូបរាងរបស់ម៉ូឌែល ដែលមានទំហំ 45mm មានកូដម៉ូឌែល SM-R840 ហើយតួខ្លួនរបស់វានោះ ត្រូវបានគេបញ្ជាក់ថាជាប្រភេទ Stainless Steel ផងដែរ (វាអាចនៅមានជាប្រភេទទីតាញ៉ូមមួយទៀត)។ ក្រៅពីនេះទៀតនោះ នៅលើតួខ្លួនរបស់វានោះ គឺមានភ្ជាប់មកជាមួយគែម Bezel អាចបង្វិលបាន (Physical Rotating Bezel) ដូចការបែកធ្លាយកន្លងមក បានបង្ហាញអញ្ចឹង ចំណែកនៅផ្នែកខាងកៀន យើងមានប៊ូតុងពីរ សម្រាប់បញ្ជាមុខងារមួយចំនួន នៅលើនាឡិកាឆ្លាតនោះ ហើយចំពោះខ្សែរបស់វាវិញ គេបញ្ជាក់ថា អាចមានប្រវែង 22mm ជាប្រភេទស្បែកថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ដំណឹងថ្មីនេះ ក៏បានបន្ថែមដែរថា Galaxy Watch 3 អាចនឹងមានភ្ជាប់មកជាមួយ GPS, មានការរចនានៃភាពធុន ឲ្យស្របតាមការធ្វើតេស្តចេញពី MIL-STD-810G, អាចមានអាវក្រោះការពារក្រិត 5ATM ថែមទាំងអាចបំពាក់ដោយកញ្ចក់ការពារ Gorilla Glass DX ជាដើម។

លើសពីនេះទៅទៀត នៅក្នុងរូបនោះ ក៏មានបង្ហាញពីទម្រង់នៃ Watch Face ថ្មីមកជាមួយដែរ ជាក់ស្ដែងនៅក្នុងផ្ទៃមុខនាឡិកាឆ្លាតនោះ គឺមានបង្ហាញម៉ោងតាមរយៈទ្រនិចនាឡិកា ដូចជានាឡិកាទូទៅផង និងមានម៉ោងបែប Digital ផង ក្រៅពីនេះ ក៏មានបង្ហាញពីអាកាសធាតុ, ថាមពលថ្មដែលនៅសល់ ក៏ដូចជាមានការបង្ហាញទាក់ទងនឹងជំហានដើរផងដែរ។ គួរបញ្ជាក់ដែរថា Galaxy Watch 3 អាចនឹងមានប្រើប្រាស់អេក្រង់ទំហំ 1.4 អ៊ីញជាប្រភេទ AMOLED ដោយអាចមានភ្ជាប់មកជាមួយរ៉េមទំហំ 1GB ក៏ដូចជាអង្គផ្ទុក 8GB មួយវិញទៀត វាក៏ទំនងជានឹងដំណើរការដោយស្បែកមុខ Tizen OS 5.5 ថែមទាំងអាចនឹងភ្ជាប់មក ជាមួយថាមពលថ្មទំហំ 247mAh សម្រាប់ម៉ូឌែល 41mm និងម៉ូឌែល 45mm អាចមានប្រើប្រាស់ដល់ទំហំ 340mAh ហើយវាទាំងពីរនេះ ក៏ទំនងជាមានភ្ជាប់មកជាមួយ NFC ក៏ដូចជាមុខងារសំខាន់ៗជាច្រើនទៀត។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង