Panasonic ទើបបញ្ចេញកាមេរ៉ា Lumix G100 សម្រាប់ការថត Vlog ជាពិសេស និងមានតម្លៃខ្ទង់ ៣ លានរៀល (749 ដុល្លារ)​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកាមេរ៉ា Panasonic បានធ្វើការប្រកាសចេញនូវកាមេរ៉ាប្រភេទ Mirrorless ជំនាន់ថ្មីមកមួយម៉ូឌែលទៀត ដោយវាមានឈ្មោះផ្លូវការថា Lumix G100 ដែលជាអ្នកស្នងតំណែងពី Lumix G95 ហើយវាក៏ជាប្រភេទកាមេរ៉ា Mirrorless ជំនាន់ថ្មីស្ថិតក្នុងត្រកូល G របស់ក្រុមហ៊ុនមួយនេះផងដែរ ដែលវាបានភ្ជាប់មកជាមួយមុខងារស្រូបសម្លេង OZO Audio របស់ Nokia ទៀតផង។

ជាក់ស្ដែង កាមេរ៉ានេះ ត្រូវបានបង្កើតឡើងមកជាពិសេស សម្រាប់អ្នកដែលចូលចិត្តថតវីដេអូច្រើន ដែលវាមានលក្ខណៈពិសេសជាច្រើន និងការរចនាបែបសាមញ្ញ ជាមួយនឹងមុខងារគ្រប់គ្រងងាយស្រួល ហើយវាក៏បានផ្តោតយ៉ាងសំខាន់ទៅលើអេក្រង់អាច Touchscreen បានផងដែរ។ ជាងនេះទៅទៀត Lumix G100 មានសេនស័រកាមេរ៉ាទំហំ 20.3 មេហ្គាភិចសែល ជាមួយនឹងសេនស័រ MOS ថ្មី ដែល Panasonic បានអះអាងថា វាអាចផ្តល់កម្រិត ISO ខ្ពស់ផំផុតដល់ 25600 និងវាថែមទាំងមាន Viewfinder ទៀតផង។ លើសពីនេះ Lumix G100 ក៏ត្រូវបានធ្វើអោយប្រសើរឡើងលើមុខងារថតវីដេអូ ជាមួយកម្រិត 4K បានចំនួន 30fps ឬ 24 fps (Frames Per Second) និងកម្រិត 1080p បានដល់ទៅ 60fps ផងដែរ។ មិនតែប៉ុណ្ណោះ វាមានអេក្រង់ទំហំ 3 អ៊ីញ ជាប្រភេទ LCD ដូច្នេះ អ្នកអាចធ្វើការកំណត់មុខងារផ្សេងៗ បានកាន់តែងាយស្រួលផងដែរ។ មួយវិញទៀត អេក្រង់នេះ ជាប្រភេទថាច់ស្គ្រីន ហើយអាចបត់បានទៅមុខបាន សម្រាប់ថត Vlog ឬថតរូបដោយខ្លួនឯងបែប Portraits បានទៀតផង។

ជាចុងក្រោយ កាមេរ៉ា Lumix G100 ក៏មាន Wireless សម្រាប់ប្រើ Bluetooth 4.2 ឬ Wi-Fi និងកម្មវិធីដើម្បីភ្ជាប់ជាមួយទូរសព្ទរបស់អ្នក ក្នុងការផ្ទេររូបភាព ហើយវាថែមទាំងមាន Microphone ដល់ទៅ 3 សម្រាប់ថតចាប់យកសម្លេង បានកាន់តែច្បាស់នៅពេលថតវីដេអូ Vlog ដោយមិនចាំបាច់ប្រើ Microphone ជំនួយក៏បានដែត។ Lumix G100 មានតម្លៃប្រមាណជា ៣ លានរៀល (749.99 ដុល្លារ) ដែលបានភ្ជាប់មកជាមួយលេនប្រភេទ 12-32 មីលីម៉ែត្រ និងវាក៏មាន Tripod ជាមួយប៊ូតុងបញ្ជាថតវីដេអូ ដែលតម្លៃ 50 ដុល្លារផងដែរ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង