ថ្ងៃស្អែកនេះ រឿងខ្នាតធំចំនួន 3 របស់លោក Christopher Nolan នឹងចាក់បញ្ចាំងនៅក្នុងហ្គេម Fortnite ដោយឥតគិតថ្លៃ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

កាលពីប៉ុន្មានជាងមួយខែមុននេះ ក្រុមការងារយើងទទួលបានដំណឹងថា មានការចាប់ដៃគូសហការគ្នារវាងហ្គេម Fortnite របស់ក្រុមហ៊ុន Epic Games និងអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ លោក Christopher Nolan ផងដែរ ដោយចង់ធ្វើការនាំយកខ្សែភាពយន្ដកំពូលៗរបស់គាត់ ទៅចាក់បញ្ចាំងនៅក្នុងហ្គេម ដោយឥតគិតថ្លៃ ក្នុងរយៈពេលលេងពេញតែម្ដង។ រហូតមកដល់ពេលយប់មិញនេះ គណនី Twitter ផ្លូវការរបស់ហ្គេម Fortnite បានបង្ហោះប្រាប់ជាផ្លូវការហើយថា ពួកគេនឹងរៀបចំកម្មវិធីថ្មីមួយ សម្រាប់ឲ្យអ្នកលេងទាំងអស់ ធ្វើការចូលរួមទស្សនារឿងកំពូលៗចំនួន 3 របស់លោក Christopher Nolan នៅថ្ងៃស្អែកនេះហើយ។

ខ្សែភាពយន្ដខ្នាតធំចំនួន 3 ទាំងនោះ គឺរួមមានដូចជារឿង Inception, Batman Begins និង The Prestige ហើយនឹងធ្វើការចាក់បញ្ចាំងនៅក្នុងកម្មវិធី Party Royale ក្រោមប្រធានបទ Movie Nite ផងដែរ ដោយមានការអញ្ជើញអ្នកនិយមលេងហ្គេម Fortnite ឲ្យមកចូលរួមទាំងអស់គ្នា។ សម្រាប់ពេលវេលាជាក់លាក់ នៅក្នុងប្រទេសយើងវិញនោះ គឺចាប់ផ្ដើមចាក់បញ្ចាំងនៅថ្ងៃសុក្រ ទី 26 ខែមិថុនា ឆ្នាំ 2020 នៅម៉ោង 7PM យប់ ដែលត្រូវជាថ្ងៃស្អែកនេះ។ ជាការពិតណាស់ នេះមិនមែនជាលើកដំបូងនោះទេ សម្រាប់ការចាប់ដៃគូគ្នារវាង លោក Christopher Nolan និងក្រុមហ៊ុន Epic Games ដោយកាលពីខែមុនកន្លងទៅនេះ ក៏បានយកវីដេអូ Trailer របស់ខ្សែភាពយន្ដថ្មី Tenet របស់គាត់ ទៅចាក់បញ្ចាំងនៅក្នុងហ្គេម Fortnite ម្ដងរួចមកហើយដែរ។ ចំណែកឯកម្មវិធី Party Royale នៅក្រុមហ្គេម Fortnite ត្រូវបានចាប់ផ្ដើមតាំងពីខែមេសាមកម្ល៉េះ ដោយមានការចូលរួមពីលោក Diplo និងលោក Deadmau 5 សម្រាប់ការចាក់តន្រី្ដកំដរអ្នកលេង ផងដែរ។

អញ្ចឹង សម្រាប់អ្នកដែលតែងតែគាំទ្រលោក Christopher Nolan និងខ្សែភាពយន្ដកំពូលៗរបស់គាត់ ដូច្នេះកុំភ្លេចចូលរួមកម្មវិធី Party Royale នៅថ្ងៃសុក្រ ទី 26 ខែមិថុនា ឆ្នាំ 2020 នៅម៉ោង 7PM យប់ស្អែកនេះទាំងអស់គ្នា។ លើសពីនេះទៅទៀត នៅថ្ងៃទីស្អែក ក្នុងវេលាម៉ោង 8AM ព្រឹក នឹងមានការធ្វើកម្មវិធីតន្ដ្រីជាមួយលោក Diplo ព្រមទាំងមានភ្ញៀវពិសេសដូចជា លោក Young Thug និងកញ្ញា Noah Cryus ថែមទៀតផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង