កំពូលម៉ូនីទ័រហ្គេម Odyssey G9 ចេញផ្លូវការ មានអេក្រង់កោង QLED ទំហំ 49 អ៊ីញ ជាមួយល្បឿន Refresh Rate ដល់ 240Hz​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

ក្នុងថ្ងៃនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបបានធ្វើការប្រកាសចេញនូវ Monitor Gaming របស់ខ្លូន សម្រាប់ដាក់លក់នៅលើទីផ្សារសកលជាផ្លូវការ ដែលវាជាម៉ូនីទ័រម៉ូឌែលកំពូល សម្រាប់ការលេងហ្គេម ជាពិសេសផងដែរ។ មិនខុសនោះទេ Monitor Gaming ម៉ូឌែលថ្មីនេះ មានឈ្មោះថា Odyssey G9 ដែលវាមានអេក្រង់កោងដល់ទៅទំហំ 49 អ៊ីញឯណោះ។

ជាក់ស្ដែង Gaming Monitor មានឈ្មោះថា Odyssey G9 ថ្មីនេះ ធ្លាប់ត្រូវបាន Samsung ធ្វើការប្រកាសដាក់បង្ហាញម្ដងរួចមកហើយ កាលពីនៅក្នុងព្រឹត្តិការណ៍ CES ប្រចាំឆ្នាំ 2020 កន្លងទៅ ដែលពេលនោះវាបានបង្ហាញខ្លួនរួមគ្នាជាមួយ Gaming Monitor សិស្សប្អូនរបស់វាមួយម៉ូឌែលទៀត នោះគឺ Odyssey G7។ រហូតមកដល់ពេលនេះ ម៉ូនីទ័រហ្គេម Odyssey G9 បានបង្ហាញខ្លួនលើទីផ្សារជាផ្លូវការហើយ ដោយវាមានអេក្រង់កោងទំហំ 49 អ៊ីញ ជាប្រភេទ QLED Panel ជាមួយ Aspect Ratio 32:9 ក្នុងកម្រិតបង្ហាញរូបភាព QHD (5120 x 1440 ភិចសែល) ដែលវាបានបំពាក់បន្ទះបង្ហាញ QLED ជំនាន់ថ្មី និងមានកម្រិតកោងដល់ 1000R ឯណោះ។ ជាងនេះទៅទៀត Odyssey G9 វាក៏មានការគាំទ្រការប្រើជាមួយបច្ចេកវិទ្យា AMD FreeSync Premium Pro និង NVidia G-Sync ហើយមាន Response Time ត្រឹម 1ms ព្រមទាំងមានកម្រិតបង្ហាញពណ៌ DCI-P3 ដល់ 95% ជាមួយ DisplayHDR 1000, គាំទ្រ HDR10+ ក៏ដូចជាគាំទ្រកម្រិតពន្លឺដល់ 1000 nits និងមានល្បឿន Refresh Rate អេក្រង់លោតដល់ 240Hz។

លើសពីនេះទៅទៀត ម៉ូនីទ័រហ្គេម Odyssey G9 ក៏នៅមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា មានរន្ធ DisplayPort 1.4 ចំនួន 2, រន្ធ HDMI 2.0 ចំនួន 1 និងមានរន្ធ USB 3.0 ចំនួនដល់ទៅ 3 ដែលងាយស្រួលអោយអ្នកប្រើប្រាស់ ធ្វើការតភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត។ ជាចុងក្រោយ ពេលនេះវាត្រូវបានដាក់លក់លើទីផ្សារសកលជាផ្លូវការហើយ ដោយវាមានតម្លៃខ្ទង់ ៦ លាន ៤០ ម៉ឺនរៀល (1,600 ដុល្លារ)។ អញ្ចឹង Gaming Monitor កំពូលជំនាន់ចុងក្រោយរបស់ Samsung មួយនេះ ពិតជាសាកសមសម្រាប់ការលេងហ្គេម និងការប្រើប្រាស់ការងារកាត់តវីដេអូផ្សេងៗជាដើម។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង