Acer បញ្ចេញ Chromebook Spin 713 និង Spin 311 ជាផ្លូវការ មានរូបរាងស្តើងស្អាត ជាមួយតម្លៃចាប់ពី ១ លាន ៤ ម៉ឺនរៀល​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

បច្ចុប្បន្ននេះ កុំព្យូទ័រយួរដៃ បានដើរតួយ៉ាងសំខាន់ ពិសេសសម្រាប់ការប្រើប្រាស់សិក្សាស្រាវជ្រាវ ប្រើក្នុងមុខជំនួញផ្សេងៗ ក៏ដូចជាងាយស្រួលដាក់តាមខ្លួនតែម្តង។ ជាក់ស្ដែង ថ្មីៗនេះ Acer ក៏ទើបតែបានប្រកាសចេញនូវ កុំព្យូទ័រកូនកាត់ចំនួន 2 ម៉ូឌែល ដែលមានឈ្មោះហៅថា Chromebook Spin 713 និង Chromebook Spin 311 ដែលមានរូបរាងប្រណិត ជាមួយកម្រាស់ស្តើង អាចកាច់បត់បានដល់ 360 ដឺក្រេ ហើយកាន់តែពិសេសនោះ វាស្ថិតក្នុងតម្លៃសមរម្យទៀតផង។

ដោយសម្រាប់ Acer Chromebook Spin 713 មានអេក្រង់ទំហំ 13.5 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព 2256 x 1504 ភិចសែល មានកម្រិត Aspect Ratio 3:2 ដែលអេក្រង់របស់វា ត្រូវបានស្រោបដោយកញ្ជក់ការអារ Gorilla Glass ទៀតផង។ លើសពីនេះទៅទៀត វាបានបំពាក់បន្ទះឈីប CPU ជំនាន់ទី 10 របស់ក្រុមហ៊ុន ជាមួយរ៉េមទំហំ 4GB ជាប្រភេទ DDR4 និងមានអង្គផ្ទុកទិន្នន័យទំហំ 256GB។ ក្រៅពីនេះ វាមានរន្ធ USB-C មួយ, HDMI មួយ, មានរន្ធ USB មួយ និងមានកន្លែងដោត MicroSD Card Reader ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ Bluetooth 5.0 រួមជាមួយ Wi-Fi 6 និងមានការបញ្ជាក់ប្រាប់ថា វាមានថាមពលថ្ម  ដែលអាចប្រើប្រាស់បានដល់ទៅ 10 ម៉ោងឯណោះ។

រីឯចំពោះ Chromebook Spin 311 វិញ វាបានបំពាក់មកជាមួយអេក្រង់ទំហំត្រឹម 11.6 អ៊ីញ ដែលមានការប្រើប្រាស់បន្ទះឈីបរបស់ MediaTek លេខសម្គាល់ MT8183 ជាប្រភេទ Octa-Core។ ជាមួយគ្នានេះ វាក៏ត្រូវបានគេបញ្ជាក់ថា នៅពេលសាកមួយពេញ វាអាចប្រើប្រាស់បានដល់ 14 ម៉ោងឯណោះ ដែលប្រើបានច្រើនជាង Chromebook Spin 713 ចំនួន 4 ម៉ោង ទាំងនេះដោយសារវាមានអេក្រង់ទំហំតូចជាង Spin 713 ផងដែរ។ សរុបមក Chromebook Spin 311 ត្រូវបានដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិកក្នុងតម្លៃខ្ទង់ ១ លាន ៤ ម៉ឺនរៀល (259 ដុល្លារ) និងសម្រាប់ម៉ូឌែល Chromebook Spin 713 មានតម្លៃខ្ទង់ ២ លាន ៥២ ម៉ឺនរៀល (629 ដុល្លារ) ដែលពួកវាទាំង 2 នឹងត្រូវបានដាក់លក់ជាផ្លូវការ នៅខែក្រោយនេះហើយ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង