Mercedes-Benz និង NVIDIA បានចាប់ដៃគូសហការគ្នា ដើម្បីបង្កើតខួរក្បាលកំពូលថ្មីសម្រាប់រថយន្ដទំនើបៗ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ក្រុមហ៊ុនផលិតរថយន្ដប្រណិត Mercedes-Benz បានប្រកាសសហការគ្នាជាមួយនឹង ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញ NVIDIA ដែលត្រូវបានគេស្គាល់ច្រើន ទាក់ទងទៅនឹងក្រាហ្វិកកាតផងដែរ ហើយពួកគេនឹងធ្វើការអភិវឌ្ឍន៍លើ ខួរក្បាលកំពូលជំនាន់ក្រោយរួមគ្នា ដើម្បីយកមកបំពាក់លើរថយន្ដផ្ទាល់ខ្លួនតែម្ដង។ អ្វីដែលកាន់តែពិសេសជាង ការអនុញ្ញាតឲ្យរថយន្ដបើកបរខ្លួនឯង នោះគឺវាមានការផ្ដល់ជូនមុខងារ Software Update ហាក់បីដូចជា ទូរសព្ទឆ្លាតអញ្ចឹងដែរ ដោយអាចធានាបានថា រថយន្ដទទួលបានមុខងារថ្មីៗរហូត។

រថយន្ដប្រណិតកំពូលៗរបស់ Mercedes-Benz នឹងចាប់ផ្ដើមបំពាក់ឈីបខួរក្បាលថ្មីនេះ នៅក្នុងអំឡុងឆ្នាំ 2024 ខាងមុខតទៅហើយ ដោយប្រព័ន្ធប្រតិបត្តិការ Software របស់ NVIDIA នេះ គឺមានកម្រិត Level 2 និង Level 3 សម្រាប់ធានាលើការបើកបរដោយខ្លួនឯង ជាមួយនឹងមុខងារចូលចត ដោយខ្លួនឯងកម្រិត Level 4 ដូចមាននៅលើរថយន្ដ Tesla នាពេលបច្ចុប្បន្នននេះដែរ។ ហេតុដូច្នេះហើយ ការបញ្ជាឲ្យចូលទៅចត ឬ ចេញពីកន្លែងចតណាមួយក៏ដោយ គឺមិនត្រូវការឲ្យមានមនុស្សនៅក្នុងឡាននោះទេ។ ចំណែកឯការផ្ដល់ជូនសមត្ថភាព ឲ្យទទួលបានកំណែអាប់ដេត Software គឺពិតជាអស្ចារ្យមែនទែន សម្រាប់រថយន្ដម៉ាកផ្សេងមួយទៀត បន្ទាប់ពីរថយន្ដរបស់ Tesla ដោយជួយបង្កើនប្រសិទ្ធភាព លើការបើកបរដោយខ្លួនឯង ឲ្យកាន់តែត្រឹមត្រូវជាងមុន, ការអាប់ដេតឲ្យសេនស័រ អាចស្កេនបានលឿនជាងមុន ជាដើម។

ខណៈពេលដែល យើងមិនទាន់ទទួលបានដំណឹងថា រថយន្ដទំនើបមួយណានោះទេ ដែលនឹងអាចប្រើឈីបកំពូលមួយនេះមុនគេ ប៉ុន្ដែរថយន្ដប្រណិតម៉ូឌែល Mercedes-Benz AG គឺមើលទៅពិតជាទំនងនឹងប្រើប្រាស់បាន ជាក់ជាមិនខានឡើយ។ អញ្ចឹង ដំណឹងទាំងអស់នៅខាងលើនេះ គឺជាអ្វីដែលបានបង្ហើបប្រាប់អំពី ខួរក្បាលកំពូលថ្មី សម្រាប់រថយន្ដទំនើបៗរបស់ Mercedes-Benz ជាមួយក្រុមហ៊ុន NVIDIA ហើយយើងសង្ឃឹមថា នឹងអាចទទួលបានព័ត៌មានបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង