កុំព្យូទ័រ​ហ្គេម Predator Helios 300 ជំនាន់ថ្មី​ត្រូវបាន Acer ប្រកាស​ចេញ​ហើយ ដោយ​ប្រើ​ប្រាស់ CPU ថ្មី និងមាន​តម្លៃ​ចាប់ពី​ខ្ទង់ ៤ លាន ៨០ ម៉ឺនរៀល ឬ 1,199 ដុល្លារ​ឡើងទៅ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

មុននេះបន្តិចអ្នកទាំងអស់គ្នា បានឃើញហើយ ពីវត្តមានកុំព្យូទ័រហ្គេមជំនាន់ថ្មីដែល Dell ទើបប្រកាសចេញពោលគឺ Dell G7 ហ្នឹងឯង ដោយត្រូវបានគេប្រកាសចេញ កាលពីយប់មិញនេះ។ ដោយឡែក មិនមែនតែ Dell មួយនោះទេ ដែលបានប្រកាសចេញកុំព្យូទ័រជំនាន់ថ្មីរបស់ខ្លួន ជាក់ស្ដែង Acer ក៏បានប្រកាសចេញកុំព្យូទ័រហ្គេមត្រកូល Predator របស់ខ្លួនជាច្រើនម៉ូឌែល សម្រាប់នាំចេញទៅកាន់ទីផ្សារ ដោយក្នុងនោះ យើងឃើញក្រុមហ៊ុនខាងលើ ក៏បានប្រកាសចេញត្រកូល Predator Helios 300 មកជាមួយគ្នាដែរ ប៉ុន្តែវាហាក់ដូចជាមានរូបរាងស្ទើរតែដូចគ្នាទាំងស្រុង ជាមួយជំនាន់ចាស់កន្លងទៅ។

សម្រាប់ផ្នែករូបរាងរបស់វា យើងមិនមានអ្វីនិយាយច្រើននោះទេ ពោលគឺមួយភាគធំគឺដូចគ្នាទាំងស្រុង ជាមួយ Helios 300 ដែលបានចេញកាលពីឆ្នាំមុន មិនថាស្ទាយនៅខ្នងខាងក្រោយ, ផ្នែកខាងមុខ ក៏ដូចជាគែម Bezel របស់វានោះ គឺយើងមើលមិនដឹងថា វាខុសគ្នានោះឡើយ។ ជាការពិតណាស់ Predator Helios 300 ជំនានថ្មីនេះ វាបានបំពាក់មកជាមួយអេក្រង់ទំហំ 15.6 អ៊ីញប្រភេទ IPS ហើយក៏មានច្រើនជម្រើសដែរ សម្រាប់អ្នកប្រើប្រាស់ ដោយជម្រើសខ្ពស់បំផុតនោះ គឺមានកម្រិតបង្ហាញ FHD និងមានកម្រិត Refresh Rate ឡើងដល់ 240Hz ជាមួយកម្រិត Response 3ms ថែមទៀតផង ខណៈដែលជម្រើសពីរទៀត គឺមួយមានកម្រិត Refresh Rate 144Hz និងមួយទៀតត្រឹម 120Hz នេះឯង។ សម្រាប់ CPU វិញ ក៏មានជាជម្រើសដូចអេក្រង់ដែរ ពោលគឺមានពីរជម្រើសដូចជា Core i5 និង Core i7 ជំនាន់ចុងក្រោយ ខណៈពេលផ្នែក GPU វិញ Acer បានផ្តល់ឲ្យអ្នកប្រើប្រាស់ ជ្រើសរើសបានតាមតម្រូវការតែម្ដង ពោលគឺមានដូចជា NVIDIA GTX 1650Ti, GTX 1660Ti, RTX 2060 និងចុងក្រោយគឺឡើងដល់ RTX 2070 Max-Q ទៀតផង។

ទៅលើរ៉េម និងអង្គផ្ទុករបស់វាវិញ អ្នកទិញអាចកំណត់យកខ្ពស់បំផុតដល់រ៉េម 32GB ប៉ុន្តែនៅក្នុងនោះវាមានមកស្រាប់ 16GB រួចជាស្រេច ហើយវាអាចដាក់អង្គផ្ទុកជាប្រភេទ PCIe NVMe SSD បានដល់ទៅពីរដើម ថែមទាំងអាចដាក់បន្ថែម Hard Drive បានដល់ទៅ 2TB នៅក្នុងម៉ាស៊ីនតែមួយបានផងដែរ។ ក្រៅពីនេះទៀតនោះ Acer បានបញ្ជាក់ថា ពួកគេបានប្រើប្រាស់ប្រព័ន្ធសម្លេង DTS:X Ultra Audio នៅលើ Predator Helios 300 នេះ ថែមទាំងសន្យាថា ប្រព័ន្ធសម្លេងនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍ដូចសម្លេង Surround Sound 360 ដឺក្រេអញ្ចឹង។ សម្រាប់ចំណុចផ្សេងៗទៀត គឺថាវាមានភ្ជាប់មកជាមួយ កង្ហាបន្ថយកម្តៅជំនាន់ទី 4 របស់ Acer ដែលគេហៅថា AeroBlade 3D Fan, ប្រើប្រាស់ Wi-Fi 6 ក៏ដូចជាមានភ្លើងលើក្តារចុចប្រភេទ RGB ទៀតផង។ 

សម្រាប់តម្លៃវិញ Acer បានដាក់លក់នៅក្នុងកញ្ចប់មួយ ប្រហាក់ប្រហែលឆ្នាំមុនដែរ ពោលគឺសម្រាប់ទីផ្សារចិន Predator Helios 300 ត្រូវបានគេដាក់លក់ចាប់ពីខ្ទង់ ៤ លាន ៨០ ម៉ឺនរៀល ឬ 1,199 ដុល្លារឡើងទៅ ហើយតម្លៃនេះ នឹងកាន់តែថ្លៃថែមទៀត បើសិនជាអ្នកទិញ ជ្រើសរើសយកលក្ខណៈសម្បត្តិខ្ពស់ៗ។

ដោយ​ ៖ NoteBook Check
អត្ថបទទាក់ទង