Apple បានលុបបំបាត់មុខងារ Force Touch ចេញពីជំនាន់ WatchOS 7 បាត់ហើយ​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

ស្របពេលជាមួយការប្រកាសចេញប្រព័ន្ធប្រតិបតិ្តការ iOS 14, iPadOS 14 និង macOS Big Sur ជំនាន់ថ្មី កាលពីយប់ថ្ងៃទី 22 ខែមិថុនា ទើបកន្លងទៅថ្មីៗនេះ Apple ក៏បានបង្ហាញចេញកំណែអាប់ដេត WatchOS 7 ដោយមានការកែប្រែចំណុចមួយចំនួន ក៏ដូចជាបន្ថែមមុខងារពិសេសទៅលើការតាមដានដំណេក និងមុខងារតូចផ្សេងៗ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែប្រសើរជាងនេះ ថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនេះផងដែរ ក្នុងនោះគេបានដឹងថា Apple សម្រេចចិត្តក្នុងការដកចេញនូវមុខងារ Force Touch នៅលើប្រព័ន្ធប្រតិបតិ្តការជំនាន់ថ្មី WatchOS 7 នេះតែម្តង បន្ទាប់ពីវាមានអាយុកាលជាង 5 ឆ្នាំហើយ ដែលត្រូវបានដាក់បញ្ចូល ចាប់តាំងពី Apple Watch បានចេញដំបូងមកម្លេះ។ ដោយសារតែ WatchOS 7 បានទម្លាក់ការគាំទ្រលើមុខងារនេះហើយ ដូច្នេះ វាទំនងជាបង្ហាញថា Apple Watch ជំនាន់បន្ទាប់ក្រោយៗទៀត នឹងមិនភ្ជាប់មកជាមួយនូវ Force Touch នេះផងដែរ។ គួរបញ្ជាក់ផងថា មុខងារ Force Touch ក៏បានដើរតួនាទីយ៉ាងសំខាន់មួយដែរ សម្រាប់ Apple Watch ជាពិសេស ជួយសម្រួលដល់ការប្រើប្រាស់បញ្ជាបើក Menus ផ្សេងៗ នៅលើអេក្រង់ដ៏តូចមួយ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ គ្រាន់តែធ្វើការសង្កត់ពីលើអេក្រង់នាឡិការឆ្លាតរបស់ Apple ប៉ុណ្ណោះ។

សរុបមកវិញ បើទោះបីជានៅលើប្រព័ន្ធប្រតិបតិ្តការ WatchOS 7 ជំនាន់ថ្មី បានបន្ថែមមុខងារពិសេសៗ និងកែលម្អទៅលើចំណុចមួយចំនួន ឲ្យឃើញប្លែក ព្រមទាំងនឹងដំណើរការកាន់តែរលូនពិតមែន ប៉ុន្តែ ផ្អែកទៅតាមការដកចេញ នៃមុខងារ Force Touch សង្កត់ពីលើអេក្រង់ ដើម្បីបើកកម្មវិធីផ្សេងៗ ដែលគេបានរកឃើញនៅលើ WatchOS 7 ជំនាន់ Beta នេះ ឃើញថាវាបានចាប់ផ្តើមធ្វើឲ្យអ្នកប្រើប្រាស់មិនពេញចិត្តច្រើនទៅហើយ ព្រោះតែអ្នកប្រើមួយចំនួន គិតថាការដាក់មុខងារ Force Touch ពិតជាងាយស្រួលបញ្ជា សម្រាប់នាឡិកាឆ្លាត ដែលមានអេក្រង់តូចបែបនេះ។ ចុះបើដូច្នេះមែននោះ តើប្រិយមិត្តដែលជាម្ចាស់ Apple Watch ទាំងអស់ យល់យ៉ាងណាដែរ ចំពោះការសម្រេចចិត្តដកចេញមួយនេះ នៅពេលដែល Apple នឹងទម្លាក់ចេញឲ្យអាប់ដេតជំនាន់ផ្លូវការ? 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង