Widgets នៅលើ iPadOS 14 អាចដាក់បានតែនៅលើផ្ទាំង Today View ក្នុងលក្ខណៈ Landscape Mode តែប៉ុណ្ណោះ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកដែលកំពុងប្រើ iPhone និង iPad ប្រហែលជាបានដឹងហើយថា កាលម្សិលមិញ តាមរយៈព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ WWDC 2020 ក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញ iOS/iPad OS14 ជាផ្លូវការ។ ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីចុងក្រោយទាំង 2 នេះ ទទួលបានរចនាបថ Home Screen ថ្មី, Widget ថ្មី, ការកែប្រែទៅលើផ្ទាំងបង្ហាញរបស់ Incoming Call និង Siri ក៏ដូចជាបន្ថែមមុខងារពិសេសៗ និងកម្មវិធីថ្មីមួយចំនួនផ្សេងទៀតផងដែរ។

បើនិយាយទៅដល់ Widget ខ្ញុំជឿថាអ្នកដែលធ្លាប់ប្រើ iPad ដែលដំណើរការដោយ iPadOS 13 ឡើងទៅ ប្រាកដជាបានដឹងថា Widgets គឺជាមុខងារថ្មីពិសេសមួយ ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅលើ iPadOS 13 ដែលបានប្រកាសចេញកាលពីឆ្នាំមុន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា Widgets ដែលបង្ហាញខ្លួននៅលើ iOS 14 មានលក្ខណៈល្អប្រើសើរជាង Widgets នៅលើ iPadOS 14 ទៅវិញ ដោយនៅលើ iOS14 យើងអាចធ្វើការបន្ថែម Widgets ទៅលើផ្ទាំង Home Screen ក៏ដូចជាអាចជ្រើសរើសទំហំរបស់ Widgets ផងដែរ។ លើសពីនេះ យើងក៏មានសិទ្ធិអាចយក Widgets ទាំងនោះ ទៅដាក់នៅត្រង់ទំព័រណាមួយនៃ Home Screen បានថែមទៀតផង។ ខណៈដែល Widget នៅលើ iPadOS 14 អាចដាក់បានតែនៅលើផ្ទាំង Today View ក្នុងលក្ខណៈ Landscape Mode តែប៉ុណ្ណោះ។ 

អញ្ចឹងសរុបមកវិញ មានន័យថានៅលើប្រព័ន្ធប្រតិបត្តិការ iPadOS 14 យើងមិនមានសិទ្ធិយក Widgets ទៅដាក់នៅត្រង់ទំព័រណាមួយនៃ Home Screen ដូចទៅនឹង iOS 14 នោះទេ។ ជុំវិញរឿងរ៉ាវខាងលើនេះដែរ យើងសង្កេតឃើញថា មានមនុស្សមួយចំនួនបានធ្វើការបញ្ចេញមតិមិនពេញចិត្តទៅលើចំណុចមួយនេះ ហើយក៏មានមនុស្សមួយចំនួនផ្សេងទៀត បាននិយាយក្នុងន័យចំអកថា ក្រុមហ៊ុន Apple តែងតែអះអាងថា iPad Pro របស់ខ្លួន អាចយកទៅប្រើជំនួសឲ្យកុំព្យូទ័រយួរដៃបាន ប៉ុន្តែគ្រាន់តែយក Widgets ទៅដាក់នៅត្រង់ទំព័រណាមួយនៃ Home Screen ក៏ iPad Pro ធ្វើមិនបានផង។ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ គិតយ៉ាងណាដែរ ចំពោះចំណុចដែលយើងបាននិយាយពីខាងលើនេះ? 

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង