Dell បាន​ប្រកាស​ចេញ​កុំព្យូទ័រ​ហ្គេម​ត្រកូល G7 ជាផ្លូវការ​ហើយ ជាមួយ​ការរចនា​រូបរាង​ថ្មី, កម្លាំង​ម៉ាស៊ីន​ថ្មី និង​មាន​តម្លៃ​ខ្ទង់ ៥ លាន ៧១ ម៉ឺន​រៀល ឬ 1,429 ដុល្លារ​ឡើង​ទៅ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីពេលកន្លងទៅនេះ យើងបានឃើញហើយថា ក្រុមហ៊ុនកុំព្យូទ័រជាច្រើន បានធ្វើការប្រកាសចេញកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួន  ដោយក្នុងនោះ យើងឃើញមានកុំព្យូទ័រខ្លះ ត្រូវបានក្រុមហ៊ុនមួយចំនួនកែប្រែរូបរាងថ្មី មិនមែនត្រឹមតែកម្លាំងនោះទេ ប៉ុន្តែក្រុមហ៊ុនមួយចំនួនទៀត មិនបានកែប្រែរូបរាងឡើយ ពោលគឺគ្រាន់តែធ្វើការ Upgrade មកប្រើប្រាស់ CPU ក៏ដូចជា GPU ថ្មីជាដើម។ ដោយឡែក នៅក្នុងពេលនេះ Dell ក៏បានប្រកាសចេញកុំព្យូទ័រហ្គេមត្រកូល G7 របស់ខ្លួនមកដែរ ប៉ុន្តែសម្រាប់ឆ្នាំនេះ គេមិនធ្វើដូចឆ្នាំមុនឡើយ និយាយឲ្យចំទៅ Dell G7 លើកនេះ ត្រូវបានផ្លាស់ប្តូររូបរាងថ្មីជាច្រើន ជាពិសេសនោះ គឺគន្លាក់បត់របស់វាតែម្ដង។

ជាការពិតណាស់ ថ្មីៗនេះ Dell បានប្រកាសចេញកុំព្យូទ័រយួរដៃប្រភេទ Gaming ដែលស្ថិតក្នុងត្រកូល G7 ជាផ្លូវការហើយ ដោយក្នុងនោះ អ្វីដែលយើងចាប់អារម្មណ៍ដំបូងបំផុត គឺទៅលើរូបរាងរបស់វាតែម្ដង ព្រោះថាលើកនេះ វាត្រូវបានគេរចនារូបរាងថ្មី ដោយខុសគ្នាច្រើនចំណុចដែរ បើប្រៀបនឹងឆ្នាំមុន។ មិនខុសទេ លើកនេះ វាត្រូវបានគេធ្វើឡើង ឲ្យមានលក្ខណៈស្ដើងជាងមុន ថែមទាំងមានប្រើប្រាស់គន្លាក់បត់ថ្មីខុសពីមុន ពោលគឺ វាធ្វើមកស្រដៀងត្រកូល Alienware អញ្ចឹង ដោយកន្លែងបត់គឺនៅចំកណ្ដាលតួខ្លួន ខុសពីឆ្នាំមុន ដែលមានគន្លាក់បត់នៅខាងកៀន ហើយអ្វីដែលពិសេសជាងមុនបន្តិចនោះ លើកនេះវាមានបំពាក់ភ្លើង LED មួយឆ្នូតវែង នៅលើផ្នែកខាងមុខ ដើម្បីជួយលើកសោភ័ណភាព បានមួយកម្រិតបន្ថែមទៀត។ Dell G7 មានចំនួន 2 ម៉ូឌែល ពោលគឺមានម៉ូឌែល 15 អ៊ីញ និង 17 អ៊ីញ ហើយអេក្រង់របស់វា គឺមានច្រើនជម្រើសដែររួមមានជាប្រភេទ ដែលមានកម្រិត Refresh Rate 144Hz ឬ 300Hz និងជម្រើសមួយទៀតនោះ គឺជាអេក្រង់ប្រភេទ OLED ជាមួយកម្រិតបង្ហាញ 4K ប៉ុន្តែវាមានកម្រិត Refresh Rate ត្រឹម 60Hz ធម្មតាប៉ុណ្ណោះ។

ទៅលើកម្លាំងមាស៊ីនលើកនេះ Dell ហាក់ធ្វើឡើងតម្រូវតាមចិត្តអ្នកប្រើប្រាស់ គ្រប់ប្រភេទតែម្ដង ពោលគឺគេបានផ្តល់ជម្រើស CPU ស្ទើរគ្រប់កម្រិត ដោយអ្នកទិញអាចជ្រើសរើសបានចាប់ពី Core i5 ជំនាន់ទី 10 ទៅដល់ Core i9 ជំនាន់ទី 10 ខណៈពេលផ្នែក GPU អ្នកប្រើប្រាស់ធ្វើការកំណត់យកចាប់ពី NVIDIA GTX 1650Ti រហូតដល់ទៅ RTX 2070 Max-Q បានសម្រាប់ម៉ូឌែល 15 អ៊ីញ ខណៈពេលម៉ូឌែល 17 អ៊ីញវិញ គេបានផ្តល់ជម្រើសចាប់ពី NVIDIA GTX 1650Ti ដូចគ្នា ប៉ុន្តែអាចយកខ្ពស់បំផុតដល់ RTX 2070 Super ផងដែរ។ សម្រាប់រ៉េមវិញ អាចទិញអាចកំណត់យកបានដល់ទំហំ 32GB ខណៈពេលអង្គផ្ទុក គឺវាមានទំហំ 1TB មកស្រាប់ជាប្រភេទ PCIe M.2 SSD។ សម្រាប់ផតដែលមានលើតួខ្លួន G7 នោះ គឺមានបំពាក់មកដូចជា USB-A 2.0 ចំនួនមួយ, រន្ធ SD Card Reader មួយ, រន្ធ USB-A 3.2 ចំនួនពីរ, រន្ធដោតកាស និងរន្ធសាកថ្ម ហើយក្រៅពីនេះ វាមានរន្ធជាច្រើនទៀតដូចជា USB-C 3.1 ជំនាន់ទី 2 មួយ, រន្ធ Mini DisplayPort, HDMI 2.0 និងចុងក្រោយគឺរន្ធ Ethernet។ 

សម្រាប់តម្លៃវិញ Dell បានបញ្ជាក់ថា ទាំងម៉ូឌែល 15 អ៊ីញ និង 17 អ៊ីញ គឺមានតម្លៃចាប់ផ្តើមពីខ្ទង់ ៥ លាន ៧១ ម៉ឺនរៀល ឬ 1,429 ដុល្លារឡើងទៅដូចគ្នា សម្រាប់ទីផ្សារស្រុកគេ ហើយតម្លៃនឹងកាន់តែថ្លៃជាងនេះ អាស្រ័យទៅតាមជម្រើសរបស់អ្នកទិញ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង