កុំព្យូទ័រយួរដៃ Acer Swift 5 ស៊េរីថ្មី មានបំពាក់ស៊ីភីយូ Intel ជំនាន់ទី 11 នឹងចេញលក់នៅចុងឆ្នាំនេះ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុនកុំព្យូទ័រដ៏ល្បីឈ្មោះ Acer បានធ្វើការប្រកាសចេញនូវ កុំព្យូទ័រស៊េរីថ្មីៗជាច្រើន កាលពីពេលយប់មិញនេះ ដោយរួមមានដូចជា Chromebook Spin 713, ត្រកូល Swift 5 ស៊េរីថ្មី, ត្រកូល Predator ស៊េរីថ្មី ហើយសូម្បីតែផលិតផលគម្រូៗមានទាំង កុំព្យូទ័រលើតុ, ម៉ូនីទ័រ និងកុំព្យូទ័រយួរដៃផ្សេងៗបន្ថែមទៀត។ សម្រាប់អត្ថបទមួយនេះវិញ យើងផ្ដោតទៅលើកុំព្យូទ័រយួរដៃ Acer Swift 5 ស៊េរីថ្មីតែម្ដង ដោយវាមានបំពាក់ស៊ីភីយូ Intel ជំនាន់ទី 11 ចុងក្រោយ និងក្រាហ្វិកកាតរបស់ NVIDIA ផងដែរ។

នាពេលបច្ចុប្បន្ននេះ Acer មិនទាន់បានបង្ហើបប្រាប់ពីព័ត៌មានលម្អិតអំពី កុំព្យូទ័រយួរដៃថ្មីមួយនេះនៅឡើយទេ ដោយវាគ្រោងនឹងដាក់លក់ជាផ្លូវការ នៅអំឡុងពេលចុងឆ្នាំឯណោះ ដោយយើងគ្រាន់តែបានដឹងថា វានឹងប្រើប្រាស់ស៊ីភីយូប្រភេទ Tiger Lake ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិកកាតជាប់ថ្មីរបស់ Intel ដែលត្រូវជាប្រភេទ Xe ជំនាន់ចុងក្រោយ ថែមទៀតផង។ ចំណែកឯក្រាហ្វិកកាតដាច់ នោះម៉ូឌែល Acer Swift 5 ស៊េរីថ្មី ទទួលបានការបំពាក់ដោយ Nvidia GeForce MX350 សម្រាប់ធ្វើការអូសហ្គេមតូចធំ ឬ Render វីដេអូ និងរូបភាពជាដើម។ លើសពីនេះទៅទៀត វាក៏មានគែមអេក្រង់កាន់តែខ្លីជាងមុន រហូតដល់ទៅប្រមាណជាង 90% Screen-To-Body Ratio បើប្រៀបធៀបទៅនឹងចំនួន 86.4% នៅលើជំនាន់មុន ហើយនៅមានបំពាក់អេក្រង់ Full HD ទំហំ 14 អ៊ីញដដែល។ យើងនឹងឃើញមានរន្ធតំណរភ្ជាប់ដូចជា HDMI មួយ, USB-A ចំនួនពីរ, USB Type-C (Thunderbolt) និងរន្ធដោតកាស។

ខណៈពេលដែល លក្ខណៈសម្បត្តិពេញលេញរបស់ កុំព្យូទ័រយួរដៃម៉ូឌែល Swift 5 ស៊េរីថ្មី នៅមិនទាន់បញ្ចេញមកនោះទេ ដោយឡែក Acer បានបញ្ជាក់ប្រាប់ឲ្យដឹងមុនថា វានឹងមានតម្លៃចាប់ផ្ដើមពីខ្ទង់ ៤ លានរៀលឡើងទៅ ឬ ប្រហាក់ប្រហែល 999.99 ដុល្លារ។ វត្តមាននៅលើទីផ្សារលើកដំបូងរបស់វា ថែមទាំងលក្ខណៈសម្បត្តិទាំងអស់ នឹងត្រូវធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ 2020 ខាងមុខនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង