iPad Pro 12.9 អ៊ីញ ប្រើអេក្រង់ mini-LED ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្តើមដំណើរការផលិតសាកល្បងហើយ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

តាមរយៈដំណឹងបែកធ្លាយ ដែលទទួលបានកន្លងមក បានចង្អុលបង្ហាញថា ខណៈពេលនេះ ក្រុមហ៊ុន Apple កំពុងតែសម្ងំអភិវឌ្ឍ iPad Pro ជំនាន់ថ្មី ដែលបំពាក់មកជាមួយបន្ទះបង្ហាញ mini-LED។ លើសពីនេះ Apple ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផលិតផលថ្មី ដែលប្រើប្រាស់បន្ទះបង្ហាញ mini-LED ចំនួន 5 ផ្សេងទៀត នៅក្នុងចន្លោះត្រីមាសទី 4 ឆ្នាំ 2020 និងត្រីមាសទី 2 ឆ្នាំ 2021 ថែមទៀតផង។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ Apple Insider យើងទទួលបានរបាយការណ៍ថ្មីមួយ រាយការណ៍ដោយភ្នាក់ងារសារព័ត៌មានកូរ៉េ The Elec បាននិយាយថា iPad Pro 12.9 អ៊ីញ ប្រើអេក្រង់ mini-LED បានចាប់ផ្តើមដំណើរការផលិតសាកល្បងហើយ។ ជាងនេះទៅទៀត ប្រភពខាងលើដដែលនេះ បានបន្ថែមទៀតថា បន្ទះបង្ហាញ mini-LED ដែលបំពាក់នៅលើ iPad Pro 12.9 អ៊ីញ ជំនាន់ថ្មី គឺត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន LG តែម្តង។ អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺថា iPad Pro 12.9 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញ mini-LED ក៏ត្រូវបានគេរំពឹងថា អាចនឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2020 ខាងមុខនេះផងដែរ។

ផ្អែកតាមការបញ្ជាក់របស់កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo បាននិយាយ បន្ទះបង្ហាញ mini-LED ដែលត្រៀមនឹងបំពាក់នៅលើផលិតផលថ្មីរបស់ Apple នឹងភ្ជាប់មកជាមួយចំនួន LEDs សរុប ដល់ទៅ 10,000 គ្រាប់ ឯណោះ ខណៈដែលបន្ទះបង្ហាញ mini-LED ដែលបំពាក់នៅលើម៉ូនីទ័រតម្លៃថ្លៃរបស់ Apple (Pro Display XDR) មានចំនួន LEDs សរុបត្រឹមតែ 570 គ្រាប់ ប៉ុណ្ណោះ។ គួរបញ្ជាក់ផងថា លក្ខណៈពិសេសរបស់បន្ទះបង្ហាញ mini-LED គឺវាអាចជះពន្លឺបានខ្ពស់ និងបង្ហាញពណ៌បានច្បាស់ និងមានអាយុកាលរស់បានយូរ មិនងាប់នៃស្នាមទឹកពណ៌ ដូចទៅនឹងបន្ទះបង្ហាញ OLED នោះទេ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចកាត់បន្ថយចំណាំងផ្លាតបានយ៉ាងល្អបំផុតទៀតផង។

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង