Apple អាចប្រកាសចេញ AirPods 3 ជាមួយរចនាបថរូបរាងថ្មី នៅក្នុងអំឡុងឆមាសទី 1 ឆ្នាំ 2021 ខាងមុខ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពីទទួលបានជោគជ័យទៅលើការលក់កាសឥតខ្សែ AirPods ជំនាន់ទី 1 របស់ខ្លួនរួចមក កាលពីខែមីនា ឆ្នាំ 2019 កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញកាស AirPods 2 ជាផ្លូវការ។ បើគិតទល់មកដល់ពេលនេះ AirPods 2 មានវត្តមាននៅលើទីផ្សារបានរយៈពេលប្រហែលជាជាង 1 ឆ្នាំ ហើយ ដូច្នេះវាក៏គួរតែដល់ពេល ដែលយើងត្រូវទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹង AirPods 3 ដែរហើយ។

ជាក់ស្តែងនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ 9to5Mac យើងទទួលបានរបាយការណ៍មួយ រាយការណ៍ដោយកំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple នឹងបន្តធ្វើការដាក់លក់កាសឥតខ្សែ AirPods 2 របស់ខ្លួន រហូតដល់ចុងឆ្នាំ 2020 ខាងមុខនេះ។ បន្ទាប់មក នៅក្នុងអំឡុងឆមាសទី 1 ឆ្នាំ 2021 Apple នឹងប្រកាសចេញកាសឥតខ្សែ AirPods 3 ដែលត្រូវចូលខ្លួនមកជំនួសតំណែងរបស់ AirPods 2។ ជាងនេះទៅទៀត ប្រភពដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា កាសឥតខ្សែ AirPods 3 នឹងមានរចនាបថរូបរាងខាងក្រៅស្រដៀងគ្នាទៅនឹងកាសឥតខ្សែ AirPods Pro ដែលបានប្រកាសចេញកាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងទៅ។

គួរបញ្ជាក់ផងថា AirPods 2 មានរចនាបថរូបរាងខាងក្រៅស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងកាសឥតខ្សែ AirPods ដែលបានប្រកាសចេញតំណាលគ្នាជាមួយ iPhone 7 កាលពីខែកញ្ញា ឆ្នាំ 2016 កន្លងទៅ។ ខុសត្រង់ថា AirPods បានបំពាក់មកជាមួយបន្ទះឈីប W1 ខណៈដែល AirPods 2 បានបំពាក់មកជាមួយបន្ទះឈីប H1 អាចគាំទ្រមុខងារ Hey Siri និងមានដំណើរការតភ្ជាប់លឿនជាង AirPods 1 ក៏ដូចជាមកជាមួយជម្រើស Case សាកថ្មឥតខ្សែផងដែរ។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង