iOS14 ប្រកាសចេញជាផ្លូវការ ទទួលបានរចនាបថ Home Screen ថ្មី, ផ្ទាំង Incoming Call ថ្មី និង Widgets ក៏ដូចជាមុខងារថ្មីៗមួយចំនួនផ្សេងទៀត​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

 

ដូចដែលបានរំពឹងទុក កាលពីយប់មិញនេះ តាមរយៈព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ WWDC 2020 ធ្វើឡើងតាមរយៈអនឡាញ ក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 14 សម្រាប់ប្រើជាមួយ iPhone និង iPod ជាផ្លូវការ។ ប្រព័ន្ធប្រតិបត្តិការ iOS 14 ទទួលបានរចនាបថផ្ទាំង Home Screen ថ្មី, ផ្ទាំង Incoming Call ថ្មី និង Widgets ក៏ដូចជាមុខងារថ្មីៗជាច្រើនទៀត។

នៅលើប្រព័ន្ធប្រតិបត្តិការ iOS 14 យើងអាចធ្វើការបន្ថែម Widgets ទៅលើផ្ទាំង Home Screen ក៏ដូចជាអាចជ្រើសរើសទំហំរបស់ Widgets ផងដែរ។ លើសពីនេះ យើងក៏អាចធ្វើការយក Widgets ទាំងអស់នោះ ទៅដាក់នៅលើទំព័រណាមួយនៃ Home Screen ក៏បានថែមទៀតផង។ ជាងនេះទៅទៀត iOS 14 ក៏បានភ្ជាប់មកជាមួយ App Library សម្រាប់ជួយរៀបចំកម្មវិធីដែលមាននៅលើ iPhone ឬ iPod ដាក់ទៅតាមប្រភេទនៃកម្មវិធីនីមួយៗ ដើម្បីឲ្យយើងងាយស្រួលក្នុងការស្វែងរកផងដែរ។ កាន់តែពិសេសថែមទៀតនោះ iOS 14 ក៏អនុញ្ញាតឲ្យយើងអាចធ្វើការកំណត់ចំនួនទំព័រនៃ Home Screen ដែលយើងចង់បង្ហាញ ឬក៏លាក់ទំព័រណាមួយ ដែលយើងមិនចង់បង្ហាញបានថែមទៀតផង។

ក្រៅពីទទួលបានរចនាបថផ្ទាំង Home Screen ថ្មីហើយ ផ្ទាំង Incoming Call នៅលើប្រព័ន្ធប្រតិបត្តិការ iOS 14 ក៏ទទួលបានការកែប្រើផងដែរ ដោយនៅពេលដែលយើងកំពុងប្រើកម្មវិធីអ្វីមួយ ហើយមាននរណាម្នាក់ Call មកយើង ផ្ទាំង Incoming Call នឹងបង្ហាញក្នុងលក្ខណៈស្រដៀងទៅនឹង Notifications Bar អញ្ចឹងដែរ ខណៈដែលនៅលើ iOS ជំនាន់មុនៗ វាបង្ហាញក្នុងលក្ខណៈពេញផ្ទៃអេក្រង់តែម្តង។ មិនមានតែផ្ទាំង Incoming Call ដែលទទួលបានផ្ទៃបង្ហាញថ្មីនោះ សូម្បីតែមុខងារជំនួយការសំលេង Siri ក៏ទទួលបានផ្ទាំងបង្ហាញថ្មី ក៏ដូចជាមានដំណើរការកាន់តែប្រសើរជាងមុនផងដែរ។

ក្រៅពីលក្ខណៈសម្បត្តិ ដែលបានរៀបរាប់ពីខាងលើនេះ iOS 14 ក៏ទទួលបានកម្មវិធី និងមុខងារថ្មីមួយចំនួនផ្សេងទៀតផងដែរ ក្នុងនោះមានដូចជា កម្មវិធី Translate មានសមត្ថភាពអាចធ្វើការបកប្រែពីភាសាមួយទៅភាសាមួយផ្សេងទៀតក្នុងលក្ខណៈជា Offline, Picture In Picture អនុញ្ញាតិឲ្យយើងមើលវីដេអូបណ្តើរ ប្រើប្រាស់កម្មវិធីផ្សេងទៀតបណ្តើរ, App Clips អនុញ្ញាឲ្យយើងអាចធ្វើការសាកល្បងប្រើកម្មវីធីណាមួយ ដោយមិនចាំបាច់តម្រូវឲ្យទាញយកកម្មវិធីទាំងមូលពី App Store នោះទេ, មុខងារ Back Tap អនុញ្ញាតឲ្យយើងបើកដំណើរការមុខងារមួយចំនួនបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែប៉ះទៅលើខ្នងខាងក្រោយរបស់ iPhone ចំនួន 2 ឬ 3 ដងប៉ុណ្ណោះ, កម្មវិធី Messages ទទួលបានមុខងារ​ Mention និង Pin Conversation To Top ក៏ដូចជាអាចធ្វើការកំណត់ Group Photo ដោយប្រើរូបភាព ឬ Emoji ជាដើម។ ម៉្យាងវិញទៀត កម្មវិធី Maps និង App Privacy ក៏ទទួលបានការកែប្រែទាក់ទងទៅនឹងគោលនយោបាយមួយចំនួនផងដែរ។ មិនទាន់អស់នោះទេ iOS 14 ក៏បានធ្វើការបន្ថែមរូបភាព Wallpaper និង Memoji ថ្មីមួយចំនួនទៀតផងដែរ។ អញ្ចឹងសរុបមកវិញ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា iOS 14 ពិតជាកំណែអាប់ដេតមួយដ៏ធំ ដែលបានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិពិសេសៗ និងមុខងារថ្មីៗជាច្រើន។ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ គិតយ៉ាងណាដែរ ចំពោះលក្ខណៈសម្បត្តិ និងមុខងារដែលមាននៅលើ iOS 14? ជាចុងក្រោយ សូមកុំភ្លេចបញ្ចេញមតិ យោបល់របស់អ្នកទាំងអស់គ្នា នៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផង។

* ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ iPhone / iPod ដែលអាចធ្វើការដំឡើងទៅកាន់ប្រព័ន្ធតិបត្តិការ iOS 14 បាន  

- iPhone 11 

- iPhone 11 Pro 

- iPhone 11 Pro Max

- iPhone XS

- iPhone XS Max

- iPhone XR

- iPhone X

- iPhone 8

- iPhone 8 Plus

- iPhone 7

- iPhone 7 Plus

- iPhone 6s

- iPhone 6s Plus

- iPhone SE (1st generation)

- iPhone SE (2nd genartion)

- iPod touch (7th generation)

*** គួរបញ្ជាក់ផងថា ខណៈពេលនេះ ក្រុមហ៊ុន Apple មិនទាន់បានដាក់ប្រព័ន្ធប្រតិបត្តិការ iOS 14 ឲ្យយើងទាញយកមកប្រើប្រាស់ជាផ្លូវការនោះទេ។ ប៉ុន្តែសម្រាប់ iOS 14 Public Beta ជំនាន់ទី 1 នឹងត្រូវដាក់ឲ្យទាញយកនៅក្នុងអំឡូងខែកក្កដា ឆ្នាំ 2020 ខាងមុខនេះ។ 

ដោយ​ ៖ Apple
អត្ថបទទាក់ទង