Apple បាន​បិទ​ហាង​មួយ​ចំនួន​របស់​ខ្លួន​ម្ដង​ទៀត បន្ទាប់​ពី​មាន​ករណី​ឆ្លង​វីរុសកូរ៉ូណាថ្មី​បន្ត​កើន​ឡើង​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តភាគច្រើន ប្រហែលជាបានដឹងច្បាស់ហើយ ទាក់ទងនឹងបច្ចុប្បន្នភាពនៃវីរុស COVID-19 ពោលគឺយើងឃើញថា មានប្រទេសមួយចំនួន បានធូរស្រាលពីករណីឆ្លងវីរុសនេះ បានមួយផ្នែកធំហើយ ប៉ុន្តែប្រទេសមួយចំនួនទៀត ករណីឆ្លងថ្មីនៅតែបន្តកើតមានជាច្រើនថែមទៀតផង ជាក់ស្ដែងដូចជាសហរដ្ឋអាមេរិកជាដើម។ ដោយសារហេតុនេះហើយ ទើបនៅក្នុងពេលនេះ Apple បានធ្វើការប្រកាសបិទហាងមួយចំនួនរបស់ខ្លួនម្ដងទៀត ដើម្បីការពារពីការឆ្លងវីរុស COVID-19 មកលើបុគ្គលិករបស់គេ ក៏ដូចជាពីបុគ្គលិករបស់គេ ទៅកាន់អតិជនវិញផងដែរ។

មិនខុសទេ នៅក្នុងពេលថ្មីៗនេះ Apple បានបញ្ជាក់ថា ពួកគេនឹងធ្វើការបិទហាងលក់ នៅក្នុងទីក្រុង ក៏ដូចជារដ្ឋមួយចំនួន សារជាថ្មីម្ដងទៀត បើគិតសរុបទៅគឺប្រមាណជា 11 ហាង ព្រោះដោយសារតែនៅតំបន់នៃហាងទាំងនោះ ត្រូវបានគេស្វែងរកឃើញ ករណីនៃការឆ្លងវីរុសកូរ៉ូណាថ្មីថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើមិនបានបញ្ជាក់នោះទេថា ពួកគេនឹងបើកហាងទាំងនោះវិញ នៅពេលណា ប៉ុន្តែគេបានបញ្ជាក់ថា ហាងដែលនឹងត្រូវបិទនោះ គឺស្ថិតក្នុងរដ្ឋ Florida ចំនួនពីរហាង, North Carolina មានចំនួនពីរហាង, South Carolina មានចំនួនមួយ និងចុងក្រោយគឺហាងទាំង 6 ផ្សេងទៀត ដែលស្ថិតក្នុងរដ្ឋ Arizona នេះឯង។ គួរបញ្ជាក់ដែរថា ហាងទាំងនោះ គឺសុទ្ធធ្លាប់ត្រូវបានបិទដោយសារវីរុសខាងលើនេះ រួចម្ដងហើយ ដូច្នេះជាការបិទម្ដងទៀត ដែលបានកើតឡើងលើហាងទាំងនោះ ហើយដូចបានប្រាប់ម្ដងហើយថា ការធ្វើបែបនេះ គឺ Apple ចង់រក្សាសុវត្ថិភាពដល់បុគ្គលិករបស់ខ្លួន ក៏ដូចជាការពារដល់អតិថិជនរបស់គេដូចគ្នាដែរ។ 

បើទោះជាគេមិនបានប្រាប់ថា នឹងបើកហាងទាំងនោះឡើងវិញ នៅពេលណាមែន ប៉ុន្តែគេក៏បានបង្ហាញដែរថា ពួកគេនឹងចាប់ផ្តើមធ្វើការ បើកដំណើរការហាងទាំងនោះជាថ្មីម្ដងទៀត ឲ្យបានឆាប់បំផុត តាមដែលអាចទៅរួច។ ជាការពិតណាស់ នៅក្នុងពេលនេះ អាមេរិកនៅតែជាប្រទេសមួយ ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត និយាយឲ្យចំទៅ គឺឡើងដល់ទៅជាង 2 លានហើយ បើតាមរបាយការណ៍ចុងក្រោយនេះ ខណៈពេលប្រេស៊ីលវិញក៏មិនទាបនោះដែរ ពោលគឺមានអ្នកឆ្លងសរុបដល់ទៅជាង 1 លាននាក់ឯណោះ ប៉ុន្តែទោះជាយ៉ាងណា ប្រទេសជាច្រើនទៀត ក៏ឃើញថា អាចទប់ទល់ជាមួយមេរោគខាងលើនេះបានយ៉ាងប្រសើរដែរ ព្រោះថាករណីឆ្លងនៅក្នុងប្រទេសទាំងនោះ កាន់តែទាបទៅៗ ហើយប្រទេសខ្លះទៀត គឺមិនត្រូវបានគេរកឃើញករណីឆ្លងថ្មីតែម្ដង។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង