ព្រឹត្តិការណ៍ WWDC 2020 នឹងត្រូវផ្សាយផ្ទាល់តាមរយៈ YouTube Channel ផ្លូវការរបស់ Apple​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន Apple បានបញ្ជាក់ឲ្យមហាជនដឹងថា ព្រឹត្តិការណ៍ WWDC 2020 នឹងត្រូវធ្វើឡើងនៅថ្ងៃទី 22 ខែមិថុនា ខាងមុខនេះ។ លើសពីនេះ ពួកគេក៏បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍ WWDC នៅក្នុងឆ្នាំនេះ នឹងត្រូវធ្វើឡើងតាមរយៈអនឡាញ។ ចំពោះមូលហេតុនោះ ក៏ព្រោះតែក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងតែប្រឈមមុខនឹងជម្ងឺ COVID-19 ដូច្នេះដើម្បីចូលរួមទប់ស្កាត់ពីការរីករាលដាលរបស់ជម្ងឺឆ្លងដ៏កាចសហាវមួយនេះ ក្រុមហ៊ុន Apple ក៏បានសម្រេចចិត្តផ្លាស់ប្តូរទម្លាប់នៃការប្រព្រឹត្តិព្រឹត្តិការណ៍ WWDC របស់ខ្លួន។

ទាក់ទងទៅនឹងព្រឹត្តិការណ៍ WWDC 2020 នេះដែរ នៅក្នុងថ្ងៃនេះ តាមរយៈ YouTube Channel ផ្លូវការរបស់ខ្លួន Apple បានធ្វើការបង្ហោះតំណរភ្ជាប់មួយ ដែលមានឈ្មោះថា WWDC Special Event – June 22 ដើម្បីទុកផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ WWDC 2020 ដែលនឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍ក្រោយនេះ។ ដូច្នេះមានន័យថា នេះគឺជាព្រឹត្តិការណ៍ធំទី 2 របស់ Apple ដែលនឹងត្រូវផ្សាយផ្ទាល់ពី YouTube បន្ទាប់ពីព្រឹត្តិការណ៍ប្រកាសចេញ iPhone 11 Series ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ ថ្វីត្បិតតែ Apple មិនបានបញ្ជាក់ឲ្យយើងបានដឹងថា នៅក្នុងព្រឹត្តិការណ៍ WWDC 2020 ដែលត្រូវឡើងនាពេលឆាប់ៗខាងមុខនេះ ពួកគេនឹងដាក់បង្ហាញសមិទ្ធិផលអ្វីខ្លះ ឲ្យយើងបានឃើញក៏ដោយ ប៉ុន្តែបើផ្អែកទៅតាមទម្លាប់ជាច្រើនឆ្នាំកន្លងមកនេះ អាចធ្វើឲ្យយើងប៉ាន់ស្មានបានថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ Apple នឹងធ្វើការប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ខ្លួន ដោយក្នុងនោះរួមមានដូចជា iOS14, iPadOS 14, watchOS 7, tvOS 14 និង macOS ជំនាន់ថ្មី ជាដើម។

ក្រៅពីប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសចេញ Hardware មួយចំនួនផ្សេងទៀតផងដែរ ដោយក្នុងនោះរួមមានដូចជា កាសក្តោបត្រចៀកឥតខ្សែ AirPods Studio, កុំព្យូទ័រលើតុ iMac ជំនាន់ថ្មី ផងដែរ។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងថ្មី និយាយពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ WWDC 2020 ដែលត្រូវធ្វើឡើងនៅក្នុងថ្ងៃទី 22 ខែមិថុនា ខាងមុខនេះ (ត្រូវនឹងម៉ោង​ 12AM ឈានចូលថ្ងៃទី 23 ខែមិថុនា នៅក្នុងប្រទេសយើង)។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់ក្រុមហ៊ុន ក្រុមហ៊ុន Apple កុំភ្លេចធ្វើការកំណត់ Reminder ដើម្បីកុំឲ្យខកខាននូវព្រឹត្តិការណ៍ដ៏ធំ និងពិសេសមួយនេះ។

ដោយ​ ៖ Apple
អត្ថបទទាក់ទង