Warner Bros. ប្រកាសចេញព្រឹត្តិការណ៍អនឡាញខ្នាតយក្ស DC FanDome នៅថ្ងៃទី 22 ខែសីហាខាងមុខនេះ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

អ្នកដែលតែងតែគាំទ្រសៀវភៅ ឬ ខ្សែភាពយន្ដរបស់ DC Comics មកពីទូទាំង 7 ទ្វីបត្រូវបានធ្វើការអញ្ជើញ ឲ្យមកចូលរួមព្រឹត្តិការណ៍យក្ស DC FanDome តាមរយៈអនឡាញនៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ ដោយវានឹងរៀបចំឡើង ដល់ទៅរយៈពេល 24 ម៉ោងឯណោះ។ ការចូលរួមទស្សនាអនឡាញនេះ គឺមិនមានការបង់ប្រាក់អ្វីនោះឡើយ ដោយនឹងមានការប្រកាសចេញដំណឹងថ្មីៗអំពី DC Multiverse ទាំងខ្សែភាពយន្ដខ្នាតកុន, ខ្សែភាពយន្ដគំនូរជីវចល, រឿងភាគនានា និងផ្សេងៗជាច្រើនទៀត។

កាលពីពេលព្រឹកមិញនេះ គណនីផ្លូវការ Twitter របស់ DC ផ្ទាល់តែម្ដង បានបង្ហោះរូបភាព និងវីដេអូជាច្រើន ដើម្បីឲ្យអ្នកគាំទ្រទាំងអស់ដឹងថា ព្រឹត្តិការណ៍អនឡាញយក្ស DC FanDome នឹងរួមមានព័ត៌មានទាក់ទងជាមួយកម្មវិធី DC WatchVerse, DC YouVerse, DC KidsVerse, DC InsiderVerse និងកម្មវិធី DC FunVerse ថែមទៀតផង។ ខណៈពេលដែលកម្មវិធី DC WatchVerse ជាកន្លែងសម្រាប់ដាក់បង្ហាញអំពីវីដេអូ Trailer ថ្មីនៃខ្សែភាពយន្ដថ្មីៗ ក៏ដូចជាមានការចូលរួមដោយ តារាងសម្ដែង និងអ្នកដឹកនាំផងដែរ រីឯកម្មវិធី DC YouVerse ជាឱកាសដ៏ល្អបំផុត សម្រាប់អ្នកគាំទ្រទាំងអស់ ក្នុងការដាក់បង្ហាញពី Content ថ្មីៗ, តុបតែជា Cosplay ឬរូប Fan Art ទៅកាន់អ្នកគាំទ្រដូចគ្នា មកពីទូទាំងពិភពលោក។

ចំណែកឯកម្មវិធី DC KidsVerse ជាការចាក់បញ្ចាំងនូវ Content ថ្មីៗទាក់ទងទៅនឹងក្មេងៗ ហាក់បីដូចជា គំនូរជីវចលថ្មីរបស់ DC Comics ជាដើម និងកម្មវិធី DC InsiderVerse ជាមួយការណែនាំខ្លួនដោយ អ្នកកំពូលៗរបស់ DC ដូចជាលោក Jim Lee ជាអ្នកសរសេរសៀវភៅត្លុកដ៏ល្បី, លោក Walter Hamada ជាប្រធានផលិតកម្មភាពយន្តផ្អែកលើ DC ផ្ទាល់តែម្ដង និងអ្នកល្បីៗដទៃទៀត។ ចុងក្រោយគេជាកម្មវិធី DC FunVerse នឹងមានផ្ដល់ជូនបទពិសោធន៍កាន់តែច្បាស់ ជាមួយរបស់ប្រភេទ DIY ដូចជាអាវក្រោះ Golden Armor របស់ Wonder Woman ឬ ឡាន Batmobile បូកទាំងការចែករង្វាន់ពិសេសៗដល់អ្នកទស្សនា ជាដើម។

អ្វីដែលត្រូវបានគេរំពឹងទុកច្រើនជាងគេ នោះគឺជាវីដេអូ Trailer ចុងក្រោយ របស់ខ្សែភាពយន្ដ Wonder Woman 1984 ហើយរួមមានទាំងព័ត៌មានបន្ថែមអំពីរឿង Justice League ដើមរបស់លោក Zack Snyder, Batman 2021,  The Suicide Squad 2021, Black Adam 2021, Shazam! 2 (2022), Aquaman 2 (2022), The Flash 2022 និងហ្គេមថ្មីៗផងដែរ។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា មានចំណាប់អារម្មណ៍ក្នុងការចូលរួម ព្រឹត្តិការណ៍អនឡាញខ្នាតយក្ស DC FanDome នៅថ្ងៃទី 22 ខែសីហាខាងមុខនេះដែរឬទេ? ប្រសិនបើលោកអ្នកតែងតែគាំទ្រ DC Comics តាំងពីដើមរហូតមកនេះ អញ្ចឹង កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ Deadline
អត្ថបទទាក់ទង