Boston Dynamics បានសម្រេចចិត្តដាក់លក់សុនខយន្ដរបស់ខ្លួន ក្នុងតម្លៃខ្ទង់ 7 ម៉ឺនដុល្លារជាផ្លូវការ​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

Spot គឺជាសុនខយន្ដដ៏ទំនើបមួយរបស់ក្រុមហ៊ុន Boston Dynamics ដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងបានបង្កើតសុនខយន្ដមួយនេះឡើង អស់រយៈពេលប៉ុន្មានឆ្នាំដែរហើយ ដោយរហូតមកដល់ពេលថ្មីៗនេះ ពួកគេក៏បានប្រកាសជាផ្លូវការថា នឹងដាក់លក់វាទៅឲ្យអាជីវកម្មនានាតែម្ដង។ សម្រាប់តម្លៃខ្លួនរបស់សុនខយន្ដ Spot ក្នុងពេលបច្ចុប្បន្ននេះ គឺត្រូវបានដាក់លក់នៅខ្ទង់ 74,500 ដុល្លារឯណោះ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ចង់យកវាទៅបម្រើការងារទូទៅ ជាដើម។

សម្រាប់អ្នកចង់ដឹងអំពីសមត្ថភាពរបស់វា នោះគឺថាសុនខយន្ដ Spot របស់ក្រុមហ៊ុន Boston Dynamics អាចធ្វើការចូលទៅពិនិត្យមើលស្ថានភាព ក្នុងតំបន់គ្រោះថ្នាក់ណាមួយ ដែលមនុស្សយើងមិនអាចទៅបាន ឬក៏ការប្រើប្រាស់កាមេរ៉ាស្កេនទីតាំង នៅការដ្ឋានសំណង់ ឲ្យចេញជាប្លង់បែបលក្ខណៈ 3D តែម្ដង។ បើយោងទៅតាមវីដេអូខាងក្រោមនេះ ពួកគេក៏ដាក់បង្ហាញឲ្យឃើញថា វាក៏អាចចូលទៅក្នុងរណ្តៅប្រេង ដើម្បីស្វែងរកកំហុសបែកធ្លាយណាមួយបាន និងចូលរកមើលឧស្ម័ន ដែលបានធ្លាយនៅកន្លែងណា ថែមទៀតផង។ លើសពីនេះទៅទៀត នៅអំឡុងពេលដែល មានការរីករាលដាលនៃវីរុសកូវីដ 19 នេះ សុនខយន្ដ Spot ក៏អាចជួយដល់មន្ទីរពេទ្យ ក្នុងការពិនិត្យមើលមើលមុខសញ្ញាអ្នកជំងឺ ដោយមិនបាច់ឲ្យវេជ្ជបណ្ឌិតចូលទៅតេស្ដផ្ទាល់នោះទេ។ បើទោះបីជាមានបេសកកម្មដោះគ្រាប់បែកយ៉ាងណាក្ដី នោះវាក៏អាចចូលទៅជិត ដើម្បីជួយជាការរំដោះបាន ដោយគ្រាន់តែត្រូវការបញ្ជា ពីក្រុមប៉ូលីសជំនាញប៉ុណ្ណោះ។

***សូមទស្សនាវីដេអូខាងក្រោមនេះ ដែលដាក់បង្ហាញពីលក្ខណៈសម្បត្តិត្រួសៗរបស់សុនខយន្ដ Spot ៖

កាលពីប្រមាណជាង 1 ខែមុន ក្រុមការងារយើងក៏បានចុះផ្សាយជូនរួចមកហើយដែរ អំពីសុនខយន្ដមួយនេះ បានដាក់ឲ្យដើររំលឹកប្រជាជន ឲ្យរក្សាគម្លាតពីគ្នានៅប្រទេសសិង្ហបុរី ដើម្បីជួយធ្វើការការពារ និងទប់ស្ដាត់នៃការឆ្លងវីរុសកូវីដ 19 ផងដែរ។ ប្រសិនបើក្រុមហ៊ុន Boston Dynamics មានឱកាសយកវាមកដាក់លក់ក្នុងស្រុកយើង តើប្រិយមិត្តអ្នកអានទាំងអស់គ្នា មានគម្រោងចង់ជាវវាដែរឬទេ?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង