ទីបំផុត ក្រុមហ៊ុនអាមេរិកទាំងអស់ មានសិទ្ធិធ្វើអាជីវកម្មលើ 5G ជាមួយ Huawei បានវិញហើយ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

អស់រយៈពេលមួយឆ្នាំចុងក្រោយនេះ ស្ថានភាពអាជីវកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺមិនសូវផ្ដល់ផលល្អច្រើននោះទេ ដល់ក្រុមហ៊ុនក្នុងស្រុកទាំងសងខាង ដោយក្រុមហ៊ុនចិន Huawei ត្រូវបានផ្ដាច់ទំនាក់ទំនងទាំងស្រុង ជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ហើយប្រទេសចិនក៏បានបន្ថែមពន្ធ ជាដើម។ ទោះបីជាយ៉ាងណាក្ដី រហូតមកដល់ថ្ងៃម្សិលមិញនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចចិត្តសាជាថ្មីហើយ ដោយនឹងអនុញ្ញាតឲ្យក្រុមហ៊ុនរបស់ខ្លួនទាំងអស់ ធ្វើការសហការគ្នាជាមួយ Huawei វិញបាន ទៅលើបច្ចេកវិទ្យា 5G ក្នុងពេលខាងមុខនេះ។

បើយោងតាមសារព័ត៌មាន Reuters បានចុះផ្សាយឲ្យដឹងថា នាយកដ្ឋានពាណិជ្ជកម្ម នៃសហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្សេងៗទៀត បានចុះហត្ថលេខាលើការ ផ្លាស់ប្តូរច្បាប់នេះហើយ ដែលកំពុងរង់ចាំការបោះពុម្ពផ្សាយ នៅក្នុងសហព័ន្ធចុះឈ្មោះ ផងដែរ។ កាលពីពេលដំបូងមក សហរដ្ឋអាមេរិក បានហាមឃាត់លែងឲ្យក្រុមហ៊ុនក្នុងស្រុក ធ្វើការសហការជាមួយ Huawei ដោយសារតែបានចោទថា ពួកគេអាចលួចយកទិន្នន័យ ហើយផ្ញើទៅកាន់រដ្ឋាភិបាលចិនបាន គឺប៉ះពាល់ដល់សន្តិសុខជាតិមែនទែន។

ដោយឡែក នាពេលឥឡូវនេះ សហរដ្ឋអាមេរិក ហាក់បីដូចជា លែងព្រួយបារម្ភលើបច្ចេកវិទ្យាចិន តទៅទៀតហើយ ដោយនឹងប្រកាសអនុញ្ញាតឲ្យ Huawei ចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក លើអាជីវកម្មបណ្ដាញប្រព័ន្ធ 5G ក្នុងពេលខាងមុខវិញហើយ។ នេះអាចជាដំណាក់កាលដំបូង នៃការទម្លាក់ច្បាប់ហាមឃាត់បន្ដិចៗម្ដង របស់សហរដ្ឋអាមេរិកទៅលើប្រទេសចិន ប៉ុន្ដែគួរឲ្យសោកស្ដាយផងដែរថា Huawei គឺនៅមិនទាន់អាចប្រើប្រាស់ Google Mobile Services បានវិញដែរនោះទេ ដោយត្រឹមតែអនុញ្ញាតឲ្យលើផ្នែក 5G មួយប៉ុណ្ណោះ។

សម្រាប់ដំណឹងពីការបន្ថយច្បាប់ហាមឃាត់នេះ ប្រាកដជាធ្វើឲ្យអ្នកគាំទ្រ Huawei ជាច្រើននាក់ កើតមានក្ដីសង្ឃឹមវិញ ជាក់ជាមិនខានឡើយ ដោយនៅពេលអនាគតខាងមុខនេះ រដ្ឋាភិបាលអាមេរិក ក៏អាចប្ដូរចិត្តដកច្បាប់ទាំងអស់លើ Huawei បាន ប្រសិនបើប្រទេសទាំងពីរ មានការចចារត្រូវគ្នាដាច់ស្រេច។ ប្រភពដដែលក៏បានបង្ហើបប្រាប់ថា រដ្ឋលេខាធិការសហរដ្ឋអាមេរិក លោក Mike Pompeo នឹងមានការជាប់គ្នាជាមួយមន្ត្រីចិន នៅលើកោះ Hawaii ក្នុងអំឡុងសប្ដាហ៍នេះ ដោយពួកគេអាចចរចាគ្នា អំពីស្ថានភាពរវាងប្រទេសទាំងពីរ។

ដោយ​ ៖ Reuters
អត្ថបទទាក់ទង