ពិធីទទួលពានរង្វាន់ Oscars 2021 ត្រូវបានពន្យាពេលចំនួន 2 ខែទៅមុខវិញ​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

ការប្រគល់ពានរង្វាន់ដ៏ធំ The Academy Awards ឬមានឈ្មោះល្បីល្បាញហៅថា Oscars ត្រូវបានពន្យាពេលជាផ្លូវការហើយ សម្រាប់ព្រឹត្តិការណ៍រៀបចំឡើងប្រចាំឆ្នាំ 2021 នាពេលខាងមុខនេះ ដោយអាចចង់រង់ចាំស្ថានភាពពិភពលោក ត្រឡប់មកជាធម្មតាឲ្យអស់វិញសិន បន្ទាប់ពីមានការរីករាលដាល នៃវីរុសដ៏កាចសាហាវនេះ។ សម្រាប់ការសម្រេចចិត្តពន្យាពេល ព្រឹត្តិការណ៍ខ្សែភាពយន្ដខ្នាតធំមួយនេះ គឺត្រូវបានធ្វើឡើងជាលើកដំបូង ក្នុងរយៈពេលប្រមាណជាង 40 ឆ្នាំចុងក្រោយនេះ ដោយសារតែពិភពលោក កំពុងជួបគ្រោះលំបាក។

ហេតុដូច្នេះហើយ Oscars ប្រចាំឆ្នាំ 2021 ហើយក៏ត្រូវជាលើកទី 93 នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី 25 ខែមេសា ឆ្នាំ 2021 ជំនួសឲ្យថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2021 ដែលបានគ្រោងទុកមុនវិញ នេះបើយោងតាមគណៈអភិបាល នៃព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះ។ ប្រធានបណ្ឌិតសភា លោក David Rubin និងនាយកប្រតិបត្តិបណ្ឌិតសភា  លោក Dawn Hudson បានចេញសេចក្ដីប្រកាសមកថា ការពន្យាពេលវេលាលើកនេះ ក៏ចង់ឲ្យផលិតកម្មទាំងអស់ ធ្វើការបញ្ចប់ខ្សែភាពយន្ដរបស់ពួកគេ និងអាចចាក់បញ្ចាំងបានទាន់ពេល ដោយមិនចាំបាច់មានការប្រញាប់ ឬ បង្ខំខ្លាំងជាមួយរយៈពេលខ្លីនោះទេ។ ដោយសារតែវីរុសកូវីដ 19 ទើបបានធ្វើឲ្យផលិតកម្មទាំងអស់ ត្រូវការផ្អាកថតជាបណ្ដោះអាសន្ន និងប៉ះពាល់ដល់រយៈពេលកំណត់ ដែលត្រូវបានគ្រោងទុកពីមុនផងដែរ ដោយឡែក ខ្សែភាពយន្ដថ្មីៗទាំងអស់ ក៏ត្រូវពន្យាពេលចាក់ផ្សាយ នៅក្នុងរោងកុនដូចគ្នា។ 

ខណៈពេលដែល រោងភាពយន្ដមួយចំនួន តាមតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក អាចបើកដំណើរការឡើងវិញ នៅចុងខែមិថុនានេះ ឬ ដើមខែកក្កដាហើយ ប៉ុន្ដែមិនទាន់ទទួលបានដំណឹងច្បាស់ សម្រាប់ប្រទេសយើងនៅឡើយទេ ដោយគ្រាន់តែដឹងថា នឹងអាចបើកក្នុងពេលឆាប់ៗនេះដែរ។ ហើយចុះអ្នកចូលចិត្តទស្សនាខ្សែភាពយន្ដទាំងអស់គ្នា តើកំពុងរង់ចាំទស្សនារឿងមួយណាមុនគេ បន្ទាប់ពីរោងកុនបើកវិញ? តើខ្សែភាពយន្ដមួយណាទៅ ដែលអ្នកគិតថា គួរទទួលបានពានរង្វាន់ Oscars ប្រចាំឆ្នាំ 2021?

ដោយ​ ៖ CNN
អត្ថបទទាក់ទង