ព្រឹត្តិការណ៍ Computex 2020 ត្រូវបាន​រំសាយ​ចោល​ជាផ្លូវការ​ហើយ ដោយសារ​តែ COVID-19​
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់ហើយ ពីព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា Computex ដោយរៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះ ត្រូវបានគេប្រារព្ធធ្វើឡើង នៅតៃវ៉ាន់ក្នុងទីក្រុងតៃប៉ិហ្នឹងឯង ហើយគោលដៅសំខាន់ នៃព្រឹត្តិការណ៌នេះនោះ គឺទាក់ទងនឹងការប្រកាសចេញកុំព្យូទ័រជំនាន់ថ្មី ក៏ដូចជាបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ដោយឡែក ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ខាងលើ ត្រូវបានគេរៀបគម្រោងថា នឹងចាប់ផ្តើមដំណើរការ នៅក្នុងខែមិថុនានេះ ហើយក្រោយមកទៀត គេក៏បានលើកទៅខែកញ្ញាវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពេលនេះវាត្រូវបានគេរំសាយចោលផ្លូវការហើយ សម្រាប់ឆ្នាំ 2020។

ជាការពិតណាស់ កន្លងមកនេះ Computex 2020 ត្រូវបានគេរៀបគម្រោងថា នឹងធ្វើឡើងនៅក្នុងខែមិថុនានេះឯង ប៉ុន្តែដោយសារការរាលដាលនៃវីរុសកូរ៉ូណា ដូច្នេះគេក៏បានធ្វើការពន្យាពេលគម្រោងនោះ ទៅដល់ដើមខែកញ្ញាវិញ ចំណែកឯនៅក្នុងពេលនេះ គឺលែងមានការពន្យាពេលទៀតហើយ ព្រោះថាគេបានប្រកាសជាផ្លូវការថា នៅក្នុងឆ្នាំ 2020 នេះនឹងមិនមានព្រឹត្តិការណ៍ Computex កើតឡើងនោះទេ ពោលគឺព្រឹត្តិការណ៍នេះ ត្រូវបានគេរំសាយចោលតែម្ដង ក្រោមមូលហេតុដដែល (COVID-19)។ យ៉ាងណាក៏ដោយ បន្ទាប់ពីបានរំសាយ គេក៏បានបញ្ជាក់ដែរ ទាក់ទងនឹងព្រឹត្តិការណ៍ Computex បន្ទាប់ និយាយឲ្យចំ វាត្រូវបានគេកំណត់ ធ្វើបន្តទៀត ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 5 ខែមិថុនា ក្នុងឆ្នាំ 2021 ខាងមុខនេះ។ គួរបញ្ជាក់ដែរថា កាលពីព្រឹត្តិការណ៍ Computex 2019 កន្លងទៅ គឺមានចំនួនអ្នកចូលទស្សនាដល់ទៅ 43,000 នាក់ មកពីបណ្ដាប្រទេស 171 ផ្សេងៗគ្នា ដែលនេះជាចំនួនមនុស្សជួបជុំដ៏ច្រើនមួយ អាចបង្ករជាហានិភ័យបាន ក្នុងអំឡុងពេលដែល COVID-19 កំពុងរាតត្បាតនេះ។

អញ្ចឹងហើយ នៅក្នុងពេលនេះ ព្រឹត្តិការណ៍ Computex 2020 ក៏ដូចគ្នាជាមួយព្រឹត្តិការណ៍ធំៗផ្សេងទៀតដែរ ពោលគឺត្រូវបានគេប្រកាសរំសាយចេញវិញ ជាផ្លូវការហើយ ខណៈពេលកន្លងមក Computex 2020 ធ្លាប់ត្រូវបានគេលើកពីខែមិថុនា ទៅខែកញ្ញារួចម្ដងហើយ ប៉ុន្តែដោយសារសភាពការនៅតែមិនទាន់ស្ងប់ស្ងាត់ ដូច្នេះជម្រើសល្អបំផុត ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាតបន្តទៀត គឺមានតែរំសាយហ្នឹងឯង។ សូមរំឮកថាកន្លងមកនេះ មានព្រឹត្តិការណ៍ជាច្រើនមកហើយ ដែលបានរំសាយ ជាក់ស្ដែងមានដូចជា MWC 2020, E3 2020 ក៏ដូចជា Google I/O 2020 ជាដើម។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង