បន្ទាប់ពីពន្យារពេលអស់មួយរយៈធំ រឿងវីរនារី Mulan នឹងត្រៀមចាក់បញ្ចាំងនៅក្នុងខែក្រោយ​
ដោយ​ ៖ គាលី | 3 សប្តាហ៍មុន SHARE

 

ទីបំផុត ខ្សែភាពយន្តវីរនារី ហ័រម៉ូឡាន ឬហៅថា Mulan នឹងវិលត្រលប់មកវិញ បន្ទាប់ពីបានពន្យាពេលចាក់បញ្ចាំង អស់រយៈពេលជាង 4 ខែមក។ ដូចដែលយើងបានដឹងអញ្ចឹងថា ដោយសារតែមានការរីករាលដាលឡើង នៃជម្ងឺឆ្លងកូវីដ ១៩ ទើបបណ្តលឲ្យអាជីវកម្មទូទាំងប្រទេសជាច្រើន គឺត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន សូម្បីតែទៅលើវិស័យភាពយន្ត ក៏ទទួលផលប៉ះពាល់ដូចគ្នា ព្រោះដើម្បីចូលរួមធ្វើការទប់ស្កាត់ នៃវីរុសដ៏កាចសាហាវមួយនេះ។

រហូតមកដល់ពីពេលឥឡូវ ដោយឃើញថាសម្រាប់ប្រទេសមួយចំនួន អាចគ្រប់គ្រងជម្ងឺឆ្លងកូវីដ ក៏ដូចជាមានការធូរស្រាលជាងមុនច្រើន ជាហេតុធ្វើឲ្យប្រទេសទាំងនោះ ចាប់ផ្តើមពិចារណាទៅលើការបើកដំណើរការរោងកុនឡើងវិញ តួយ៉ាងដូចជា រោងកុនជាង 2,000 កន្លែង ក្នុងប្រទេសបារាំង ក៏កំពុងត្រៀមបើកសារជាថ្មីម្តងទៀត នៅចុងខែមិថុនាខាងមុខនេះ។ ខណៈដែលរោងកុនជាច្រើនកន្លែង បានរៀបចំបើកឡើងវិញ ខ្សែភាពយន្តល្បីៗមួយចំនួន ក៏ត្រៀមនឹងបង្ហាញខ្លួនមករួមគ្នាដែរ ក្នុងនោះរួមមានដូចជារឿង Tenet និងរឿង Wonder Woman 1984 ក៏ដូចជា Mulan ជាដើម។ ជាក់ស្តែង តាមរយៈគេហទំព័រល្បីឈ្មោះ Comicbook បានធ្វើឲ្យយើងដឹងថា ខ្សែភាពយន្ត Mulan ប្រភេទ Live Action នឹងត្រៀមខ្លួនវិលត្រលប់មកវិញ ដោយកាលពីពេលដំបូងមក រឿងមួយនេះ ត្រូវបានកំណត់ឲ្យចាក់បញ្ចាំងតាំងពីថ្ងៃទី 9 ខែមិនា ឆ្នាំ 2020 មកម្ល៉េះ ក៏ប៉ុន្ដែត្រូវបានសម្រេចចិត្តលើកទៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2020 ខាងមុខនេះវិញ ក្រោយពីបានពន្យាពេល នៃការចាក់បញ្ចាំង អស់រយៈពេលជាច្រើនខែរួចមក។ 

ជាការពិតណាស់ រឿង Mulan ប្រភេទ Live Action សម្រាប់ឆ្នាំ 2020 នេះ បានយកលំនាំតាមខ្សែភាពយន្តគំនូរជីវចលមានឈ្មោះដូចគ្នា ដែលបានចាក់បញ្ចាំងដំបូង តាំងពីឆ្នាំ 1998 ហើយវាត្រូវបានដឹកនាំដោយលោក Niki Caro និងចូលរួមសម្តែងដោយតារាស្រីចិន ដ៏ល្បីឈ្មោះ Liu Yifei (Fa Mulan), Gong Li (Xian Lang) និងតារាសម្តែងប្រុសល្បីឈ្មោះ Donnie Yen (តួមេទ័ព) ព្រមទាំង Jet Li (តួស្តេច) ជាដើម។ គួរបញ្ជាក់ផងថា រឿងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនយក្ស Walt Disney Pictures ក៏ដូចជាចំណាយដើមទន់អស់ខ្ទង់ប្រហែល 200 លានដុល្លារ ក្នុងការផលិតផងដែរ។ 

ដោយ​ ៖ Comicbook
អត្ថបទទាក់ទង