ខ្សែភាពយន្ដ Wonder Woman 1984 និង Tenet ត្រូវបានពន្យាពេលចាក់បញ្ចាំងសាជាថ្មីម្ដងទៀត​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ហេតុដោយសារតែ ការរីករាលដាលនៃវីរុសកូវីដ 19 ទើបធ្វើឲ្យអាជីវកម្មជាច្រើន ទូទាំងពិភពលោក បានបង្កការផ្អាកជាបណ្ដោះអាសន្នតែម្ដង ហើយខ្សែភាពយន្ដទាំងអស់ ក៏ត្រូវបានចាក់បញ្ចាំងតាមសេវាកម្មអនឡាញ ឬ ធ្វើការពន្យាពេលទៅមុខរហូតតែម្ដង។ ចំណែកឯពេលថ្មីៗកន្លងទៅនេះ ផលិតកម្ម Warner Bros. បានប្រកាសជាផ្លូវការថា ពួកគេនឹងត្រូវពន្យាពេលចាក់បញ្ចាំងរឿង Wonder Woman 1984 និង Tenet បន្ដទៀតហើយ ដោយអាចបណ្ដាលមកពីស្ថានភាព ហាក់បីដូចជាមិនទាន់ល្អទាំងស្រុងនោះទេ។

ខណៈពេលដែលរឿង Wonder Woman 1984 ត្រូវបានពន្យាពេលពីថ្ងៃទី 14 ខែសីហា ទៅថ្ងៃទី 2 ខែតុលាវិញ គឺត្រូវបានលើកពេលរហូតដល់ទៅជិត 2 ខែឯណោះ ដោយឡែកសម្រាប់រឿង Tenet គ្រាន់តែពន្យាពេលពីថ្ងៃទី 17 ទៅថ្ងៃទី 31 ខែកក្កដាប៉ុណ្ណោះ។ កាលពីពេលដំបូងមក រឿង Wonder Woman 1984 ត្រូវបានកំណត់ឲ្យចាក់បញ្ចាំងតាំងពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2019 មកម្ល៉េះ ក៏ប៉ុន្ដែត្រូវបានសម្រេចចិត្តលើកទៅថ្ងៃទី 5 ខែមិថុនានេះវិញ ហើយលើកម្ដងទៀតទៅថ្ងៃទី 14 ខែសីហា និងថ្មីៗនេះ ក៏លើកទៅដល់ថ្ងៃទី 2 ខែតុលាសាជាថ្មីម្ដងទៀត។ សម្រាប់ពេលបច្ចុប្បន្ននេះ យើងគ្រាន់តែបានដឹងថា តារាសម្ដែង Gal Gadot នឹងត្រឡប់មកដើរតួជា Wonder Woman ដដែល រីឯលោក Chris Pine ក៏មកចូលរួមដើរតួជា Steve Trevor ដូចគ្នាដែរ។ យ៉ាងណាមិញ មិនទាន់មាននរណាម្នាក់ដឹងច្បាស់នៅឡើយទេថា តួអង្គ Steve Trevor អាចវិលត្រឡប់មកវិញ តាមរបៀបណាបានទេ បន្ទាប់ពីគាត់ដូចជាត្រូវបានស្លាប់ កាលពីវគ្គមុនរួចទៅហើយ។ ចំពោះតួអង្គចិត្តអាក្រក់វិញនោះ យើងបានដឹងថា នឹងមានការបង្ហាញមុខដោយ Cheetah (សម្ដែងដោយកញ្ញា Kristen Wiig) និង Maxwell Lord (សម្ដែងដោយលោក Pedro Pascal) ជាដើម។

អញ្ចឹង សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងរង់ចាំចង់ទស្សនាខ្សែភាពយន្ដទាំងពីរនេះ គឺអាចកត់ចំណាំថ្ងៃខែទុកមុនបាន ដោយផលិតកម្ម Warner Bros បានលើករឿង Wonder Woman 1984 ទៅថ្ងៃទី 2 ខែតុលា ឆ្នាំ 2020 វិញ ហើយរឿង Tenet នឹងត្រូវលើកទៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2020 ខាងមុខនេះ។ ក្នុងចំណោមខ្សែភាពយន្ដទាំងពីរនេះ តើអ្នកទាំងអស់គ្នាចង់ទស្សនាមួយណាជាងគេ? សូមបញ្ចេញមតិរបស់លោកអ្នក តាមរយៈប្រអប់ Comment ផង។

ដោយ​ ៖ Variety
អត្ថបទទាក់ទង