ខ្សែភាពយន្ដគំនូរជីវចលមនុស្សពីងពាង Spider-Man: Into the Spider-Verse វគ្គបន្ទាប់ បានចាប់ផ្ដើមផលិតកម្មហើយ​
ដោយ​ ៖ ឡេង | 3 សប្តាហ៍មុន SHARE

 

សម្រាប់អ្នកគាំទ្រតួអង្គមនុស្សពីងពាងទាំងអស់ និងជាពិសេសរឿងគំនូរជីវចល Spider-Man: Into the Spider-Verse គឺប្រាកដជារំភើបមែនទែន បន្ទាប់ពីទទួលបានដំណឺងថា ផលិតកម្មខ្សែភាពយន្ដ Sony Pictures នៅមានគម្រោងចង់បង្កើតវគ្គទី 2 បន្ថែមទៀត កាលពីចុងឆ្នាំ 2019 កន្លងទៅនេះ។ កាន់តែពិសេសជាងនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះ យើងក៏ទទួលបានដំណឹងថ្មីថា ផលិតកម្មរបស់រឿង Spider-Man: Into the Spider-Verse វគ្គបន្ទាប់នោះ គឺត្រូវបានចាប់ផ្ដើមជាបណ្ដើរៗហើយ។

នេះគឺយោងទៅតាមការបង្ហោះមួយ នៅលើកម្មវិធីបណ្ដាញសង្គម Twitter ដែលលោក Nick Kondo ត្រូវជាអ្នកដឹកនាំជាន់ខ្ពស់ម្នាក់ លើផ្នែកគំនូរជីវចលប្រចាំ Sony បានបង្ហើបប្រាប់ឲ្យដឹងថា ថ្ងៃដំបូងនៃការងាររបស់គាត់ បានចាប់ផ្ដើមហើយ ជាមួយនឹងវីដេអូបង្ហាញពីរឿង Spider-Man: Into the Spider-Verse វគ្គទី 2 ថែមទៀតផង។ ហេតុដូច្នេះហើយ យើងអាចរំពឹងទុកបានថា ផលិតកម្មរបស់ខ្សែគំនូរជីវចលវគ្គថ្មី ត្រូវបានបន្ដទៅមុខទៀត ក្រោយពីការចាក់បញ្ចាំងវគ្គដំបូង អាចរកប្រាក់ចំណូល បានរហូតដល់ទៅចំនួន 375.5 លានដុល្លារឯណោះ ជាមួយការចំណាយត្រឹមតែ 90 លានដុល្លារប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាក៏ទទួលបានប្រជាប្រិយភាពខ្លាំង ពីអ្នកទស្សនាជុំវិញពិភពលោក និងអ្នកវាយតម្លៃខ្សែភាពយន្ដផងដែរ។ ការជំរុញឲ្យបន្ដផលិតវគ្គថ្មីនេះ ក៏ដោយសារតែពួកគទទួលបានពានរង្វាន់អូស្ការ (Oscars) ខាងផ្នែករូបភាពគំនូរល្អបំផុត (Best Animated Picture) កាលពីដើមឆ្នាំ 2019 និងការស្នើសុំពីអ្នកគាំទ្រជាច្រើននាក់ តែម្ដង។

ជាចុងក្រោយ គួរបញ្ជាក់ឲ្យដឹងផងថា លោក Tom Holland ដែលដើរតួជាមនុស្សពឹងពាងនៅក្នុង MCU ក៏ត្រូវបានគេរៀបចំចង់ឲ្យបង្ហាញខ្លួន (ឬសម្លេង) នៅក្នុងខ្សែភាពយន្ដ Spider-Man: Into the Spider-Verse វគ្គដំបូងដែរ ប៉ុន្ដែមិនដឹងមូលហេតុនោះទេ បែរជាមិនបានចូលរួមទៅវិញ។ ទោះបីជាយ៉ាងណាក្ដី យើងសង្ឃឹមថា គាត់នឹងអាចសម្រេចបាន នៅក្នុងរឿង Spider-Man: Into the Spider-Verse វគ្គបន្ទាប់នោះទៅចុះ ដោយវាអាចជាប្រភេទ Cameo សម្រាប់ការបង្ហាញខ្លួនក្នុងមួយឈុតខ្លី។

ដោយ​ ៖ IGN
អត្ថបទទាក់ទង