ក្រុមហ៊ុនរថយន្ដ Honda ត្រូវបានរងការវាយប្រហារពី Cyber Attack ដោយក្រុមអនាមិកមិនស្គាល់មុខ​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

កាលពីពេលយប់មិញនេះ គណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់ក្រុមហ៊ុនផលិតរថយន្ដ Honda បានធ្វើការប្រកាសឲ្យដឹងថា សេវាកម្មអតិថិជន និងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន គឺត្រូវបានជួបបញ្ហាផ្នែកបច្ចេកទេស និងមិនទាន់អាចបើកដំណើរការវិញបាននោះទេ ក៏ប៉ុន្ដែក្រុមការងាររបស់ពួកគេ កំពុងតែខិតខំជួសជុលជាបណ្ដើរៗហើយ។ ចំណែកឯមូលហេតុវិញនោះ គឺបណ្ដាលមកពីមានការវាយប្រហារ ដោយមេរោគរបស់ជនអនាមិកមិនស្គាល់មុខ ទើបបានជាបង្ខំឲ្យបិទដំណើរការសេវាកម្មនានា នៅលើទូទាំងពិភពលោកបែបនេះ។

បើយោងទៅតាមពាក្យដែល Honda បាននិយាយប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន BBC គឺពួកគេមិនទាន់ដឹងនៅឡើយទេថា ទិន្នន័យសំខាន់ៗប៉ុន្មាន ដែលរងផលប៉ះពាល់នេះ ដោយទៅលើប្រព័ន្ធផលិតកម្ម នៅខាងក្រៅប្រទេសជប៉ុន ក៏មានរងផលប៉ះពាល់ផងដែរ។ សម្រាប់ពេលបច្ចុប្បន្ននេះ មនុស្សមួយចំនួនចាត់ទុកវាថាជាមេរោគ Snake Ransomware ដែលភាគច្រើនពួកក្រុមអនាមិក ធ្វើការលួចទិន្នន័យរបស់ក្រុមហ៊ុនធំៗ ហើយគំរាមកំហែងថា នឹងធ្វើឲ្យបែកធ្លាយទិន្នន័យទាំងអស់ ប្រសិនបើមិនព្រមប្រគល់លុយទេ ជាដើម។ លើសពីនេះទៅទៀត Honda បានលើកឡើងមកថា ក្រុមជំនាញមកពីផ្នែក IT នៅលើទូទាំងពិភពលោករបស់ខ្លួន គឺកំពុងតែព្យាយាមបន្ដទប់ទល់ នៃការវាយប្រហារនេះហើយ ដើម្បីអាចបើកដំណើរការអាជីវកម្មបានវិញ ក្នុងរយៈពេលយ៉ាងឆាប់បំផុត។

ស្របនឹងពេលកំពុងរងផលប៉ះពាល់ពី វីរុសដ៏កាចសាហាវរបស់ធម្មជាតិហើយ រហូតមកដល់ពេលឥឡូវនេះ Honda ក៏ជួបបញ្ហាមេរោគតាមរយៈ Cyber Attack ថែមទៀត ដោយធ្វើឲ្យអាជីវកម្មទូទាំងពិភពលោក ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ពីការលួចទិន្នន័យរបស់ពួកគេ។ យ៉ាងណាមិញ យើងក៏សង្ឃឹមថា ក្រុមការងារកំពូលៗរបស់ Honda អាចចាប់មុខសញ្ញាបាន ក្នុងពេលឆាប់ៗនេះទៅចុះ ដើម្បីឲ្យអាចបើកអាជីវកម្មបានជាធម្មតាវិញ។

ដោយ​ ៖ BBC
អត្ថបទទាក់ទង