ទាំងនេះជាមូលហេតុមួយចំនួនដែលនាំឲ្យអាយុកាលថ្មរបស់ iPhone ឆាប់ធ្លាក់ចុះ​
ដោយ​ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន SHARE

 

ប្រិយមិត្តដែលប្រើប្រាស់ iPhone ចាប់ពី iPhone 6 ឡើងទៅ និងដំណើរការដោយ iOS 11.3 ឡើងទៅ ប្រហែលជាធ្លាប់បានចូលទៅឆែកមើលមុខងារ Battery Health នៅក្នុង Settings របស់ iPhone ហើយមើលទៅ ហើយខ្ញុំក៏ជឿថាមានប្រិយមិត្តមួយចំនួនបានដឹងអំពីតួនាទីរបស់វាផងដែរ។ ប៉ុន្តែសម្រាប់ប្រិយមិត្ត ដែលមិនបានដឹងពីតួនាទីរបស់មុខងារមួយនេះក៏មិនអីដែរ ព្រោះថាអ្នកនឹងបានដឹងពីវា ក្នុងពេលបន្តិចទៀតនេះ។ 

Battery Health គឺជាមុខងារមួយ ត្រូវបានក្រុមហ៊ុន Apple ដាក់បញ្ចូលជាលើកដំបូងនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 11.3 ហើយមានតួនាទីបង្ហាញពីអាយុកាលថ្មរបស់ទូរសព្ទ ក៏ដូចជាបង្ហាញឲ្យយើងបានដឹងពីកម្រិតសមត្ថភាព ដែលថ្មអាចផ្គត់ផ្គង់ទៅឲ្យ CPU, GPU, RAM និងតម្រូវការផ្សេងៗទៀត។ និយាយដល់ចំណុចនេះ ខ្ញុំជឿថា ប្រហែលជាមានប្រិយមិត្តមួយចំនួន ប្រាកដជាចង់ដឹងថា មូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យអាយុកាលថ្ម (Maximum Capacity) របស់ iPhone ឆាប់ធ្លាប់ចុះ? អញ្ចឹងកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្វែងរកមូលហេតុទាំងអស់គ្នា បើតាមបទពិសោធន៍នៃការប្រើប្រាស់ iPhone អស់ជាច្រើនជំនាន់មក ខ្ញុំគិតថា មូលហេតុដែលធ្វើឲុ្យអាយុកាលថ្មរបស់ iPhone ឆាប់ធ្លាក់ចុះ រួមមានដូចខាងក្រោម៖ 

- ប្រើប្រាស់កម្មវីធីធំៗ ឬលេងហ្គេមធំៗក្នុងកម្រិតក្រាហ្វិកខ្ពស់ ជាប់គ្នាច្រើនម៉ោង ជាញឹកញាប់ ឬជាប្រចាំ : នៅពេលដែលយើងប្រើប្រាស់កម្មវិធី ដែលត្រូវការគណនាច្រើន ក៏ដូចជាលេងហ្គេមធំៗក្នុងកម្រិតក្រាហ្វិកខ្ពស់ ជាប់គ្នាច្រើនម៉ោង វាធ្វើឲ្យខួរក្បាល (CPU) ក៏ដូចជា Hardware មួយចំនួនទៀត ដំណើរការខ្លាំងជាងធម្មតា ដូចដែលយើងបានដឹងហើយថា ដើម្បីឲ្យ CPU ក៏ដូចជាផ្នែកផ្សេងទៀតៗ ដំណើរការទៅបាន វាពឹងផ្អែកទៅលើថាមពលទូរសព្ទ ដូច្នេះមានន័យថា នៅពេលដែលអ្នកប្រើប្រាស់កម្មវីធី ឬក៏លេងហ្គេមធំៗច្រើនម៉ោងជាប់គ្នា វាក៏តម្រូវឲ្យថ្មទូរសព្ទរបស់យើងធ្វើការច្រើនម៉ោងជាប់ដូចគ្នាផងដែរ។ 

- ប្រើប្រាស់បណ្តើរសាកថ្មបណ្តើរ ជាញឹកញាប់ ឬជាប្រចាំ : ការប្រើប្រាស់បណ្តើរសាកថ្មបណ្តើរ ក៏ជាកក្កតាដ៏ធំមួយ ជម្រុញឲ្យអាយុកាលថ្មទូរសព្ទឆាប់ធ្លាក់ចុះផងដែរ ព្រោះថាវាធ្វើឲ្យកម្តៅថ្មរបស់ទូរសព្ទឆាប់កើនឡើង និងក្តៅខ្លាំងខុសពីធម្មតា ជាហេតុធ្វើឲ្យប៉ះពាល់ទៅដល់អាយុកាលរបស់ថ្ម។

- ប្រើប្រាស់រហូតដល់ថ្មធ្លាក់ចុះក្រោម 20% ឬក៏រលត់ រួចធ្វើការសាកថ្មទុកចោលពេញមួយយប់ ជាញឹកញាញប់ ឬជាប្រចាំ : ផ្អែកទៅតាមអ្វីដែលខ្ញុំបានដឹង គឺថាចំណុចខ្សោយរបស់ថ្មប្រភេទ Lithium Polymer គឺស្ថិតនៅក្នុងចន្លោះក្រោម 20% និងលើ 85% ដូច្នេះមានន័យថា បើសិនជាយើងឧស្សាហ៍ធ្វើឲ្យថ្មទូរសព្ទធ្លាក់ចុះក្រោម 20% និងសាកថ្មលើសពី 85% វានឹងធ្វើឲ្យអាយុរបស់ថ្មឆាប់ធ្លាប់ចុះទៅតាមហ្នឹងដែរ ដូច្នេះហើយទើបក្រុមហ៊ុន Apple ដាក់បញ្ចូលមុខងារ Optimized Battery Charging នៅក្នុង Battery Health ដើម្បីត្រួតពិនិត្យទម្លាប់នៃការសាកថ្ម និងការប្រើប្រាស់របស់យើង។ 

- ឧស្សាហ៍សាកថ្មក្រោមអាកាសធាតុក្តៅខ្លាំង ក៏ដូចជាប្រើប្រាស់ឆ្នាំងសាក ដែលមិនមានការទទួលស្គាល់ពីក្រុមហ៊ុន Apple : ជាធម្មតានៅពេលដែលអាកាសធាតុកំពុងឡើងក្តៅ ហើយយើងព្យាយាមធ្វើការសាកថ្មទៀត វានឹងធ្វើឲ្យថ្មឆាប់កើនឡើងក្តៅខុសប្លែកពីធម្មតា ដូច្នេះវានឹងបណ្តាលឲ្យប៉ះពាល់ទៅដល់អាយុកាលរបស់ថ្ម។ ខណៈដែលការប្រើប្រាស់ឆ្នាំងសាក ដែលមិនមានការទទួលស្គាល់ដោយក្រុមហ៊ុន Apple វានឹងធ្វើការសាកបញ្ចូលថ្មមិនត្រឹមត្រូវតាមស្តង់ដារដែល Apple បានកំណត់ ជាហេតុធ្វើឲ្យអាយុកាលរបស់ថ្មធ្លាក់ចុះផងដែរ។

- លេងហ្គេមអនឡាញ តាមរយៈប្រព័ន្ធអ៊ីនធើណេត ជាញឹកញាប់ ឬជាប្រចាំ : ដូចដែលយើងបានដឹងហើយថា កាលប្រើប្រាស់អ៊ីនធើណេតតាមរយៈប្រព័ន្ធ 4G វាងាយស្រួល និងឆាប់ឡើងកម្តៅជាងការប្រើប្រាស់តាមរយៈ Wi-Fi។ ចុះទម្រាំងតែយើងលេងហ្គេមអនឡាញ តាមរយៈប្រព័ន្ធ 4G ទៀត នោះវាមិនរឹតតែធ្វើឲ្យថ្មរបស់ទូរសព្ទ ឆាប់ឡើងកម្តៅខ្លាំងលឿនជាងមុនថែមមួយកម្រិតទៀត ជាហេតុធ្វើឲ្យអាយុកាលរបស់ថ្មឆាប់ធ្លាក់ចុះផងដែរ។ 

ក្រៅពីមូលហេតុធំៗខាងលើនេះ ក៏មានមូលហេតុមួយចំនួនផ្សេងទៀត ដែលធ្វើឲ្យអាយុកាលថ្ម iPhone ឆាប់ធ្លាក់ចុះផងដែរ ក្នុងនោះមានដូចជា ការប្រើប្រាស់ iPhone ជាមួយកម្រិតពន្លឺអេក្រង់ 100% ជាញឹកញាប់ ឬជាប្រចាំ, ឧស្សាហ៍ទុកកម្មវិធី ឬក៏ហ្គេមឲ្យដំណើរការចោលនៅក្នុង Background ទាំងដែលយើងមិនត្រូវការប្រើប្រាស់ ឬមិនបានលេងវា ជាដើម។ អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាមូលហេតុសំខាន់ៗមួយចំនួន ដែលនាំឲ្យអាយុកាលថ្មរបស់ iPhone ឆាប់ធ្លាប់ចុះ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមិនចង់ឲ្យថ្ម iPhone របស់ខ្លួន ឆាប់ធ្លាក់ចុះនោះទេ គួរណាតែជៀសវាងចំណុចទាំងប៉ុន្មាន ដែលយើងបានរៀបរាប់ពីខាងលើនេះ។ 

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង