សិង្ហបុរីត្រៀមចេញឧបករណ៍ដាក់តាមខ្លួនថ្មីមួយ ដើម្បីជួយប្រាប់ប្រជាជន ថាតើមានអ្នកកើតវីរុសកូវីដ 19 នៅជិតពួកគេឬទេ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី បានប្រកាសចេញនូវគម្រោងថ្មី ដែលធ្វើការចែកចាយឧបករណ៍ដាក់តាមខ្លួនមួយប្រភេទ ដើម្បីជួយតាមដានអ្នកឆ្លងវីរុសកូរីដ 19 ហើយបញ្ចេញសញ្ញាប្រាប់ទៅដល់ ប្រជាជននៅក្បែរៗនោះផងដែរ។ បើយោងទៅតាមសារព័ត៌មាននៅក្នុងស្រុកនោះ បានចុះផ្សាយមកឲ្យដឹងថា រដ្ឋាភិបាលរបស់ពួកគេ ត្រៀមនឹងផ្ដល់ជូនទៅដល់ប្រជាជនទាំង 5.7 លាននាក់ ប្រសិនបើវាធ្វើតេស្ដបានជោគជ័យ ហើយមានប្រសិទ្ធិភាពពិតមែន។

រដ្ឋមន្រ្តីក្រសួងការបរទេសប្រចាំសឹង្ហបូរី លោក Vivian Balakrishnan បានបញ្ជាក់ប្រាប់ថា ឧបករណ៍ដាក់តាមខ្លួនថ្មីមួយនោះ គឺមិនត្រូវការឲ្យតភ្ជាប់ជាមួយនឹងទូរសព្ទឆ្លាតនោះទេ ដោយវាអាចដំណើរការដោយខ្លួនឯងបាន និងអាចធានាបានថា ប្រជាជនគ្រប់ៗគ្នា សុទ្ធតែចេះប្រើទាំងអស់តែម្ដង។ នេះពិតជាមធ្យោបាយដ៏ល្អមែនទែន ពីព្រោះក៏មិនប្រាកដថា ប្រជាជនអាចចេះប្រើទូរសព្ទឆ្លាតបានទាំងអស់គ្នាឡើយ ក្នុងពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ កាលពីខែមីនាកន្លងទៅនេះ សិង្ហបុរីបានបញ្ចេញកម្មវិធី TraceTogether ដំបូងរបស់ខ្លួនរួចមកហើយ ដោយវាត្រូវការប្រើប្រាស់ប្រព័ន្ធ Bluetooth នៅក្នុងទូរសព្ទឆ្លាត ដើម្បីចែករំលែកទិន្នន័យនៅជុំវិញខ្លួនប្រជាជន ថាតើមានអ្នកកើតវីរុសកូវីដ 19 នៅក្បែរខ្លួនរបស់ពួកគេទេ។ ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីមួយនោះ មិនត្រូវបានប្រជាជនសឹង្ហបុរី ទាញយកមកប្រើបានច្រើនឡើយ ដោយមានអ្នកមិនសូវចេះបើកដំណើរការ ឬ ឆែកមើលព័ត៌មានឡើយ ព្រមទាំងប្រទះជួបបញ្ហានៅលើប្រព័ន្ធ iOS ថែមទៀតផង។

ស្របនឹងពេលនោះផងដែរ សុនខយន្ដពីក្រុមអ្នកស្រាវជ្រាវ Boston Dynamics ក៏ត្រូវបានដាក់ឲ្យដើររំលឹកប្រជាជន ឲ្យរក្សាគម្លាតឆ្ងាយពីគ្នា នៅឯប្រទេសសិង្ហបុរី ដើម្បីជាការទប់ស្កាត់ការឆ្លង នៃវីរុសដ៏កាចសាហាវនេះ។ បើគិតមកដល់បច្ចុប្បន្ន ករណីឆ្លងនៃវីរុសកូរ៉ូណា បានកើនឡើងដល់ខ្ទង់ 37,183 ករណីហើយ នៅក្នុងប្រទេសសិង្ហបុរី រួមបញ្ចូលនឹងចំនួនជាឡើងវិញចំនួនខ្ទង់ 24,209 ករណី និងចំនួនស្លាប់ខ្ទង់ 24 ករណី។

ដោយ​ ៖ CNET
អត្ថបទទាក់ទង