Mercedes-Benz CLS និង AMG CLS ស៊េរី​ឆ្នាំ 2021 ត្រូវបាន​ប្រកាស​ចេញ​ហើយ ដោយ​មាន​ការ​កែប្រែ​ទៅលើ MBUX និង​មាន​ជម្រើស​ពណ៌ថ្មី​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

បើនិយាយយីហោរថយន្ត Mercedes យើងគ្រប់គ្នាប្រហែលជាមិនមាននរណាម្នាក់ មិនធ្លាប់ស្គាល់នោះទេ ព្រោះថានេះក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះមួយ នៅក្នុងពិភពលោក ដែលរថយន្តរបស់គេ គឺត្រូវបានធ្វើឡើងជាមួយប្រណីតភាពខ្ពស់ ប៉ុន្តែក៏មានតម្លៃថ្លៃមិនធម្មតាដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ បានធ្វើការប្រកាសចេញរថយន្តជំនាន់ថ្មី ពីរម៉ូឌែលទៀត ដែលស្ថិតក្នុងត្រកូល Mercedes-Benz CLS និង AMG CLS ប៉ុន្តែលើកនេះ វាជាស៊េរីឆ្នាំ 2021 ហើយវាក៏បានភ្ជាប់មកជាមួយការកែប្រែ ពិសេសជាងមុនច្រើនចំណុចដែរ។

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ Mercedes បានប្រកាសចេញ Mercedes-Benz CLSស៊េរីឆ្នាំ 2021 និង Mercedes-AMG CLS 2021 ជាផ្លូវការហើយ ដោយក្នុងនោះ វាត្រូវបានគេកែប្រែចំណុចសំខាន់ៗមួយចំនួនដូចគ្នាដែរ។ ជាការពិតណាស់ រថយន្តជំនាន់ថ្មីទាំងពីរម៉ូឌែលខាងលើនេះ វាត្រូវបានគេយកចិត្តទុកដាក់បន្ថែម ទៅលើផ្នែក MBUX (Mercedes-Benz User Experience), កាន់តែមានសុវត្ថិភាពជាងមុន ជាពិសេសនោះ ក៏មានជម្រើសពណ៌ទឹកប្រាក់ ថ្មីចំនួនពីរប្រភេទទៀតរួមមាន Mojave Silver និង Cirrus Silver ទៀតផង។ មិនខុសទេ ទាក់ទងនឹងផ្នែក MBUX គឺ Mercedes បានធ្វើការបំពាក់មកជាមួយអេក្រង់បង្ហាញ ដែលមានទំហំដល់ 12.3 អ៊ីញ ដើម្បីធ្វើការបង្ហាញជូន ក៏ដូចជាអាចឲ្យអ្នកប្រើប្រាស់ ធ្វើការគ្រប់គ្រងផ្នែកផ្សេងៗ ក្នុងរថយន្តខាងលើនេះ បានកាន់តែងាយស្រួលជាងមុន អ្វីដែលពិសេសនោះ ប្រព័ន្ធមួយនេះ ត្រូវបានគេបំពាក់ជាមួយបច្ចេកវិទ្យា AI ផងដែរ។ ក្នុងនោះដែរ Mercedes បញ្ជាក់ថា អ្នកទិញអាចមានសិទ្ធបន្ថែមមុខងារ MBUX Interior Assist បាន ដោយវានឹងធ្វើឲ្យ ការប្រើប្រាស់របស់ពួកគេ កាន់តែងាយស្រួល ពោលគឺរាល់ការគ្រប់គ្រងលើផ្នែក HVAC (Heating, Ventilation, Air Conditioning) និង MBUX គឺមិនចាំបាច់ប្រើប៊ូតុងឡើយ។

សម្រាប់ Mercedes-Benz CLS 2021 វាបានភ្ជាប់មកជាមួយមុខងារ ដែលអាចធ្វើការចាប់ហ្រ្វាំង បានដោយស្វ័យប្រវត្តិ នៅពេលដែលវាឃើញ មានអ្នកដំណើរថ្មើជើង ឬមួយយានជំនិះផ្សេងទៀត នៅខាងមុខវា កាន់តែពិសេសនោះ វាក៏មានមុខងារជំនួយការកំណត់ល្បឿន Active Speed Limit Assist, Active Distance Assist និងមាន Active Stop-and-Go Assist ផងដែរ។ នៅក្នុងនោះដែរ សម្រាប់ម៉ូឌែល CLS 450 និង CLS 450 4MATIC គឺនៅតែបានបំពាក់ម៉ាស៊ីនប្រភេទ Turbocharged ចំណុះ 3.0 លីត្រ (3.0-liter) មានស៊ីឡាំង 6 ជាប្រភេទ I6 (Inline-Six) ជាមួយនឹង EQ Boost ហើយចំពោះចំពោះកម្លាំងវិញ វាអាចធ្វើបានដល់ 362 សេះ ព្រមទាំងមានកម្លាំងបង្វិល 369 Pound-feet។ នៅក្នុងនោះដែរ សម្រាប់ CLS 450 (ប្រភេទ RWD) វាអាចស្ទុះបានពី 0 ដល់ 96km/h ដោយចំណាយពេល 5.1 វិនាទី ខណៈពេលដែល CLS 450 4MATIC វាអាចចំណាយពេលត្រឹម 4.8 វិនាទីប៉ុណ្ណោះ។ 

ពិតណាស់ Mercedes បានបញ្ចេញម៉ូឌែលល្បឿនលឿនមួយទៀត សម្រាប់តម្រូវតាមអ្នកប្រើប្រាស់ពោលគឺ ត្រកូល Mercedes-AMG CLS 53 នេះឯង ដោយវាមានប្រើប្រាស់ម៉ាស៊ីនប្រភេទ AMG-tuned Turbocharged ចំណុះ 3.0 លីត្រ (3.0-liter) មានស៊ីឡាំង 6 ជាប្រភេទ I6 (Inline-Six) ដូចគ្នា ប៉ុន្តែវាមានកម្លាំងដល់ 429 សេះ ជាមួយកម្លាំងបង្វិលដល់ 384 Pound-feet ហើយវាអាចស្ទុះបានពី 0 ដល់ 96km/h ដោយចំណាយពេល 4.4 វិនាទីប៉ុណ្ណោះ។ ចូលមកដល់ផ្នែកតម្លៃវិញ សម្រាប់ត្រកូលទាំងពីរខាងលើនេះ គេមិនទាន់បានបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែសម្រាប់ម៉ូឌែលស្ដង់ដារ CLS 450 ចាប់ផ្តើមពី 71,000 ដុល្លារឡើងទៅ ហើយម៉ូឌែលស្ដង់ដារនៃ AMG CLS មានតម្លៃចាប់ពី 82,000 ដុល្លារឡើងទៅ ហើយក៏សូមបញ្ជាក់ថា នេះជាតម្លៃក្នុងទីផ្សារតំបន់អាមេរិកខាងជើង ព្រមទាំងនឹងត្រូវចាប់ផ្តើមដាក់លក់ នៅចុងឆ្នាំនេះ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង