Cowboy ប្រកាស​ចេញ​កង់​អគ្គិសនី​ជំនាន់ថ្មី​ឈ្មោះ Cowboy 3 ដោយ​បាន​បំពាក់​មក​ជាមួយ​មុខងារ​ឆ្លាតវៃ និង​មាន​តម្លៃ​ជាង ១០ លាន​រៀល​
ដោយ​ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន SHARE

 

ប្រិយមិត្តខ្លះប្រហែលជាធ្លាប់ស្គាល់ ហើយអ្នកខ្លះទៀត ប្រហែលជាមិនធ្លាប់ស្គាល់នោះទេ ពីក្រុមហ៊ុនផលិតកង់អគ្គិសនី ដែលមានមូលដ្ឋានក្នុងប្រទេសប៊ែលហ្សិកមួយ ឈ្មោះថា Cowboy ហើយបើអ្នកទាំងអស់គ្នា មិនធ្លាប់ស្គាល់ទេ ខ្ញុំសូមប្រាប់ថា នេះជាក្រុមហ៊ុនផលិតកង់អគ្គិសនីមួយ ដែលទទួលបានការគាំទ្រច្រើនគួរសម ពីសំណាក់អ្នកប្រើប្រាស់។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ បានធ្វើការប្រកាសចេញ កង់អគ្គសនីជំនាន់ថ្មីរបស់ខ្លួនមួយទៀតឈ្មោះថា Cowboy 3 ហើយលើកនេះ វាមានភ្ជាប់មកជាមួយមុខងារឆ្លាតវៃច្រើនជាងមុន។

ជាការពិតណាស់ កង់អគ្គិសនី Cowboy 3 វាត្រូវបានផលិតឡើង ដោយមានរូបរាងតូចល្មម ហើយ Cowboy បញ្ជាក់ថា វាមានភាពធន់, ផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាមានល្បឿនលឿនជាងមុនផងដែរ។ មិនខុសទេ Cowboy 3 នេះ វាមានភ្ជាប់មកជាមួយថ្ម ដែលអាចធ្វើការដោះចេញបាន មានថាមពល 360Wh/10Ah ដែលអាចធ្វើការសាកមួយពេញ ចំណាយពេល 3.5 ម៉ោង ហើយក្នុងការសាកម្ដង វាអាចនាំអ្នកប្រើប្រាស់ ទៅកាន់ទីកន្លែងនានាជាច្រើន បានដល់ទៅខ្ទង់ 70 គីឡូម៉ែត្រទៀតផង។ លើសពីនេះទៀត វាបានភ្ជាប់មកជាមួយច្រវាក់ ជាប្រភេទកាបូន ជួយបង្កើនសោភ័ណភាព បានមួយកម្រិត ថែមទាំងមានភាពធន់ និងមិនទាមទារការថែទាំច្រើន ពីសំណាក់សំណាក់អ្នកប្រើប្រាស់នោះទេ ជាក់ស្ដែង Cowboy បញ្ជាក់ថា វាអាចធន់បានដល់ទៅ 30,000 គីឡូម៉ែត្រឯណោះ។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានភ្ជាប់មកជាមួយមុខងារ ដែលជួយធ្វើការបង្កើនល្បឿន ពេលជិះឡើងភ្នំ ហើយសំបកកង់របស់វា ក៏បានធ្វើឡើងពីកៅស៊ូ មានភាពរឹងមាំ ធន់មិនងាយប្រេះ ក៏ដូចជាជួយបង្កើនសុវត្ថិភាព បានមួយកម្រិតដល់អ្នកប្រើប្រាស់ នៅលើដងផ្លូវ។ 

គួរបញ្ជាក់ថា សម្រាប់មុខងារវៃឆ្លាត ដែលត្រូវបានគេដាក់បន្ថែមមកនោះ គឺទាក់ទងទៅនឹងការភ្ជាប់ជាមួយទូរសព្ទឆ្លាតតែម្ដង ពោលគឺវាអាចធ្វើការតាមដាន ការប៉ះទង្គិចផ្សេងៗ, អាចធ្វើការដោះសោរដោយស្វ័យប្រវត្តិ និងជាពិសេសនោះ មានមុខងារផ្តល់ដំណឹង នៅពេលមានចោរលួច ថែមទាំងទទួលបាន ផែនទីដឹងពីកម្រិតខ្យល់ (Air Quality Maps) នៅពេលភ្ជាប់ជាមួយទូរសព្ទឆ្លាតថែមទៀតផង។ ពេលនេះ Cowboy បានចាប់ផ្តើមដាក់លក់កង់អគ្គិសនីខាងលើនេះ ក្នុងតំបន់អឺរ៉ុបហើយ និយាយឲ្យចំទៅ វាមានតម្លៃថ្លៃគួរសមដែរ គឺខ្ទង់ជាង ១០ លានរៀល ឬ 2,500 ដុល្លារផងដែរ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង