Samsung អាច​នឹង​បន្ត​ប្រើ​ឈ្មោះ Ultra នៅ​លើ Galaxy Note 20 Series ដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

គិតមកទល់ពេលនេះ មានដំណឹងលេចធ្លាយច្រើនមែនទែន ដែលធ្លាប់បង្ហាញពីវត្តមានទូរសព្ទឆ្លាតលំដាប់កំពូលត្រកូល Note របស់ Samsung ពោលគឹ Galaxy Note 20 Series នេះឯង នេះក៏ដោយសារតែ វាកាន់តែកៀកក្នុងការបង្ហាញខ្លួនហើយ ព្រោះជាក់ស្ដែង ទូរសព្ទឆ្លាតនេះត្រូវបានគេរំពឹងថា នឹងចេញមុខនៅក្នុងខែសីហាខាងមុខ។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀត ដែលនិយាយពីឈ្មោះរបស់វាវិញម្ដង ពោលគឺដំណឹងនោះបានបញ្ជាក់ថា Galaxy Note 20 អាចមានម៉ូឌែលដែលប្រើកន្ទុយ Ultra ដូចត្រកូល S20 ដែរ។

មិនខុសទេ កាលពីកន្លងមក យើងធ្លាប់បានទទួលបាន ដំណឹងជាច្រើនទាក់ទងនឹង Galaxy Note 20 និង Note 20+ ព្រោះព័ត៌មានពេលនោះ បានបញ្ជាក់ថាត្រកូល Note 20 របស់ Samsung នេះ អាចនឹងមិនមានម៉ូឌែល ដែលប្រើកន្ទុយ Ultra ឡើយ។ ផ្ទុយទៅវិញនៅក្នុងពេលនេះ យើងក៏បានឃើញដំណឹងថ្មីមួយ ដែលបង្ហាញចេញពីបញ្ជីមួយរបស់ Bluetooth Launch Studio (ជាកន្លែងដែលមាននាទី ធ្វើការផ្តល់វិញ្ញាបនបត្រ ទៅឲ្យឧបករណ៍ទាំងអស់ ដែលប្រើប្រាស់ Bluetooth) បានធ្វើការបញ្ជាក់ឲ្យដឹងថា ទូរសព្ទឆ្លាតរបស់ Samsung មួយ ដែលមានលេខកូដម៉ូឌែល SM-N986U ត្រូវបានទទួលការចុះបញ្ជី ពីភ្នាក់ងារខាងលើ ហើយនៅក្នុងនោះ លេខកូដម៉ូឌែលនេះ ត្រូវបានគេបញ្ជាក់ថា មានឈ្មោះផ្លូវការគឺជា Samsung Galaxy Note20 Ultra ថែមទៀតផង។ សូមរំឮកដែរថា ឈ្មោះកូដ SM-N986U នេះ គឺជាឈ្មោះកូដ ដែលធ្លាប់ត្រូវបានដំណឹងលេចធ្លាយកន្លងមក បញ្ជាក់ថាជា Galaxy Note 20+ នេះឯង អញ្ចឹងហើយ អាចនិយាយបានថា Samsung ទំនងជាមិនប្រើឈ្មោះ Galaxy Note 20+ នោះទេ ប៉ុន្តែគេអាចនឹងប្តូរទៅដាក់ថា Galaxy Note 20 Ultra តែម្ដង។

គួរបញ្ជាក់ដែរថា បើសិនជា Samsung ចង់ប្រើប្រាស់ឈ្មោះថា Galaxy Note 20 Ultra ជំនួស Galaxy Note 20+ មែន ដូច្នេះអាចប្រាប់បានថា វាមានលក្ខណៈសម្បត្តិជាច្រើន ស្រដៀងគ្នានឹង S20 Ultra ជាក់ស្ដែងអាចមានអេក្រង់ 6.9 អ៊ីញ ជាមួយកម្រិតបង្ហាញ WQHD+ រួមទាំងកម្រិត Refresh Rate 120Hz ផងដែរ។ សម្រាប់ផ្នែកកាមេរ៉ាវិញ ដំណឹងថ្មីៗនេះបញ្ជាក់ថា វាមានកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះ មានលេនគោលទំហំ 108MP, លេនទូលាយ (Ultra Wide) ទំហំ 12MP និងមួយគ្រាប់ចុងក្រោយគេ គឺជាលេនពង្រីក Periscope ទំហំ 13MP ហើយវាក៏អាចភ្ជាប់មក ជាមួយសេនស័រ Laser Focus ដើម្បីជំនួយក្នុងការចាប់យកចំណុច Focus ឲ្យកាន់តែរហ័សជាងមុន ថែមទៀតផង។ យ៉ាងណាក៏ដោយ បើសិនជា Samsung ប្រើប្រាស់ឈ្មោះ Ultra បែបនេះលើ Note 20 Series មែន អាចនិយាយបានថា តម្លៃរបស់ម៉ូឌែលនេះ នឹងកាន់តែថ្លៃថែមមួយកម្រិតទៀត ព្រោះថាវាជាឈ្មោះតំណាងឲ្យម៉ូឌែល ដែលលក្ខណៈសម្បត្តិកំពូលៗ ជាក់ស្ដែងដូចយើងធ្លាប់ឃើញលើ S20 Ultra អញ្ចឹង។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង