នេះជាទូរសព្ទឆ្លាត Android លំដាប់កណ្ដាលទាំង 10 ជាប់លើកំពូលតារាង AnTuTu ក្នុងខែឧសភា​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីម្សិលមិញនេះ យើងបានធ្វើការបង្ហាញរួចមកហើយ ទាក់ទងទៅនឹងទូរសព្ទឆ្លាតលំដាប់កំពូលចំនួន 10 ម៉ូឌែល ដែលបានជាប់ឈ្មោះក្នុងកំពូលតារាង ធ្វើតេស្តពិន្ទុពីកម្មវិធី AnTuTu ប្រចាំខែឧសភា កន្លងផុតទៅថ្មីនេះ។ ដោយឡែក ក្នុងថ្ងៃនេះ យើងមកដឹងពីចំណាត់ថ្នាក់ របស់ស្មាតហ្វូន Android លំដាប់កណ្ដាលទាំង 10 លើការធ្វើតេស្តពិន្ទុ AnTuTu ប្រចាំខែឧសភា សម្រាប់ទីផ្សារប្រទេសចិនទាំងអស់គ្នា។

ពិតណាស់ ក្នុងតារាងពិន្ទុ AnTuTu នេះ យើងឃើញថា ទូរសព្ទឆ្លាតដែលមានពិន្ទុខ្ពស់ជាងគេ គឺបានទៅលើ OPPO Reno3 5G ដែលទទួលបានដល់ 403,607 ពិន្ទុ ដោយវាបានបំពាក់មកជាមួយឈីប Dimensity 1000L ហើយវាក៏ជាម៉ូឌែលមានរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB។ ខណៈពេលដែលលេខ 2 គឺជាទូរសព្ទឆ្លាត Honor 30 ជាមួយការប្រើឈីប Kirin 985 ហើយពិន្ទុរបស់វា គឺលោតដល់ទៅ 387,583 ពិន្ទុ។ ចំណែកឯ ទូរសព្ទឆ្លាតដែលជាប់ចំណាត់ថ្នាក់ទី 3 វិញ គឺបានទៅលើ Huawei Nova 7 ដោយទទួលបានពិន្ទុ 385,323 តាមពីក្រោយដោយ Honor 30s ដែលប្រើឈីប Kirin 820 ទទួលបានចំនួន 362,502 ពិន្ទុ ចំណែកលេខ 5 វិញ បានទៅលើស្មាតហ្វូនរបស់ Honor ទៀត គឺ X10 ដែលវាទទួលបានពិន្ទុ 360,460 ផងដែរ។ រីឯចំណាត់ថ្នាក់ទី 6 បានទៅលើ nova 7 SE ជាមួយពិន្ទុសរុបចំនួន 353,868 ខណៈដែល Reno3 Pro 5G នៅតែឈរលេខរៀងទី 7 ដដែល ជាមួយពិន្ទុចំនួន 342,415 ចំណែកឯលេខ 8 គឺជា vivo S6 5G ក៏ដូចជា vivo X30 5G ស្ថិតចំណាត់ថ្នាក់លេខ 9 និងចុងក្រោយគេនោះ គឺ Redmi K30 5G របស់ Xiaomi ដែលស្ថិតនៅលេខរៀងទី 10 ផងដែរ។

សរុបមក នៅក្នុងតារាងទូរសព្ទ Android លំដាប់កណ្តាលទាំង 10 ដែលមានពិន្ទុខ្ពស់ជាងគេនេះ យើងមើលឃើញថា OPPO Reno3 5G ជាអ្នកឈរនៅលើកំពូលតារាង និងវាបានប្រើប្រាស់បន្ទះឈីប Dimensity 1000L របស់ក្រុមហ៊ុន MediaTek។ អញ្ចឹងទាំងនេះ គឺជាសមត្ថភាពកម្លាំងម៉ាស៊ីនរបស់ ទូរសព្ទឆ្លាតលំដាប់ Mid-Range ទាំង 10 ម៉ូឌែល ដែលបានឈរលើកំពូលតារាង AnTuTu ប្រចាំខែឧសភា កន្លងផុតទៅនេះ។ បើមើលទៅលើពិន្ទុរបស់ទូរសព្ទឆ្លាតទាំងអស់នេះ អាចនិយាយបានថា ពួកវាមានកម្លាំងម៉ាស៊ីនខ្លាំងគ្រប់គ្រាន់សម្រាប់ការលេងហ្គេមល្បីៗក្នុងពេលបច្ចុប្បន្ននេះ និងវាមានពិន្ទុខុសគ្នានឹងទូរសព្ទលំដាប់កំពូលជាង 20 ម៉ឺនប៉ុណ្ណោះ។

ដោយ​ ៖ AnTuTu
អត្ថបទទាក់ទង