ASUS ROG Phone III ត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង Geekbench ដោយអាចបំពាក់​រ៉េម​ទំហំ 12GB​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រិយមិត្តជាច្រើន ច្បាស់ជាបានស្គាល់ហើយ ពីទូរសព្ទឆ្លាតប្រភេទហ្គេមរបស់ ASUS ហើយមកទល់ពេលនេះ យើងបានឃើញវត្តមានរបស់វា ចំនួនពីរជំនាន់រួចមកហើយ ដោយជំនាន់ចុងក្រោយគឺ ASUS ROG Phone II នេះឯង ដែលត្រូវបានគេប្រកាសចេញកាលពីឆ្នាំមុន។ ដោយឡែក នៅក្នុងពេលនេះ យើងមិននិយាយពីរជំនាន់ទី 2 ទៀតនោះទេ និយាយឲ្យចំទៅ គឺមកនិយាយពីជំនាន់ទី 3 វិញម្ដង ព្រោះថ្មីៗនេះ គេបានប្រទះឃើញវា នៅក្នុងបញ្ជីរបស់ Geekbench ដោយបានបង្ហាញពី លក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន របស់វាថែមទៀតផង។

ជាការពិតណាស់ បើតាមបញ្ជីរបស់ Geekbench ដែលយើងបានឃើញនៅក្នុងពេលនេះ បានធ្វើការបញ្ជាក់ ពីឈ្មោះកូដម៉ូឌែលរបស់ទូរសព្ទឆ្លាតរបស់ ASUS មួយឈ្មោះថា ASUS I003D ហើយកូដម៉ូឌែលនេះ ត្រូវបានគេរំពឹងខ្ពស់ថា ជាកូដម៉ូឌែលរបស់ ASUS ROG Phone III ហ្នឹងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ កូដម៉ូឌែលខាងលើនេះ ត្រូវបានគេបញ្ជាក់ថា វាមានភ្ជាប់មកជាមួយរ៉េមទំហំ 12GB ផងដែរ ហើយនៅក្នុងនោះ យើងក៏ឃើញថា សម្រាប់ផ្នែក Single-Core វាធ្វើបានចំនួន 910 ពិន្ទុ ខណៈពេលដែលផ្នែក Multi-Core វាអាចធ្វើបានដល់ 3229 ថែមទៀតផង។ ពិន្ទុនេះដែរ ក៏អាចបញ្ជាក់ឲ្យដឹងបានថា ឈីបដែលទូរសព្ទឆ្លាតខាងលើ បានប្រើប្រាស់នោះ គឺទំនងជា Snapdragon 865 នេះឯង ហើយលើសពីនេះ បញ្ជីនោះបានធ្វើការបង្ហាញទៀតថា វាបានដំណើរការដោយ Android 10 ផងដែរ។ គួរបញ្ជាក់ដែរថា កាលពីមួយរយៈពេលមុន គេបានប្រទះឃើញ ទូរសព្ទឆ្លាតប្រភេទខាងលើនេះ នៅក្នុង Geekbench រួចម្ដងហើយ ដោយក្នុងនោះ វាមានកូដម៉ូឌែល ASUS I003DD ប៉ុន្តែម៉ូឌែលនេះ វាមានរ៉េមត្រឹម 8GB ប៉ុណ្ណោះ ដូច្នេះអាចបញ្ជាក់បានថា ASUS ROG Phone III វាអាចមានជម្រើសរ៉េម 2 ប្រភេទគឺ 8GB និង 12GB។

បើតាមតំរុយខ្លះៗចេញពី Geekbench នោះ បានធ្វើឲ្យគេរំពឹងថា ROG Phone III អាចនឹងមានជម្រើសអង្គផ្ទុកចំនួន 3 ប្រភេទរួមមាន 128GB, 256GB និងចុងក្រោយគឺ 512GB ហើយអង្គផ្ទុកទាំងនោះ ក៏អាចជាប្រភេទ UFS 3.1 ខណៈពេលដែលរ៉េមរបស់វាវិញ គឺទំនងជានឹងប្រើប្រាស់រ៉េមជំនាន់ថ្មី LPDDR5X ថែមទៀតផង។ យ៉ាងណាក៏ដោយ ខាងលើនេះជាលក្ខណៈសម្បត្តិមួយចំនួន ដែល Geekbench បង្ហាញពី ASUS I003D ឬ ASUS ROG Phone III នេះ ហើយសម្រាប់លក្ខណៈសម្បត្តិផ្សេងទៀត គឺមិនទាន់មានការបញ្ជាក់បន្ថែមនោះទេ ប៉ុន្តែមានមតិមួយចំនួន បានរំពឹងថា ទូរសព្ទឆ្លាតខាងលើនេះ វាអាចនឹងមានអេក្រង់ 144Hz ថែមទាំងអាចនឹងបង្ហាញខ្លួន នៅក្នុងខែកក្កដាខាងមុខនេះ ជាមួយគ្នានឹង ASUS Zenfone 7 ដែរ។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង