Activision ពន្យារពេលក្នុងការបញ្ចេញកំណែអាប់ដេត Call of Duty: Mobile រដូវកាលទី 7 ទៅពេលក្រោយវិញ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ប្រិយមិត្តដែលចូលចិត្តលេងហ្គេមច្រើន ប្រាកដជាធ្លាប់បានលឺពីឈ្មោះ Call of Duty: Mobile ច្បាស់ជាមិនខាន។ Call of Duty Mobile គឺជាហ្គេមប្រភេទបែបបាញ់ប្រហារគ្នា (First-Person Shooter) ដែលមានលក្ខណៈលេងខ្លះៗស្រដៀងទៅនឹង PUBG និង Fortnite អញ្ចឹងដែរ។ ហ្គេមមួយនេះត្រូវបានបង្កើតឡើងដោយ TiMi Studio និងចែកចាយដោយ Activision ហើយវាត្រូវបានដាក់ឲ្យលេងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ជាផ្លូវការ កាលពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2019 កន្លងទៅ។ 

Call of Duty: Mobile ស្ទើរតែក្លាយទៅជាហ្គេមមួយ ដែលគេទាញយកច្រើនជាងគេបង្អស់នៅក្នុង App Store ទៅហើយ ព្រោះថាត្រឹមតែ 3 ថ្ងៃ ដំបូង ដែលហ្គេមមួយនេះត្រូវបានដាក់ឲ្យទាញយកជាផ្លូវការនោះ វាទទួលបានការទាញយកដល់ទៅជាង 35 លានដងទៅហើយ ហើយចំនួននៃការទាញយកត្រូវបានកើតឡើងរហូតដល់ទៅជាង 100 លានដងឯណោះ នេះគិតត្រឹម 1 សប្តាហ៍ដំបូងដែលវាបានបង្ហាញខ្លួនជាផ្លូវការប៉ុណ្ណោះ។ និយាយដល់ចំណុចនេះ ខ្ញុំជឿថាសម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់ហ្គេមមួយនេះ ប្រាកដជាបានដឹងហើយថា កំណែអាប់ដេតរបស់ Call of Duty: Mobile រដូវកាលទី 7 ត្រូវបានកំណត់បញ្ចេញជាផ្លូវការ នៅក្នុងអំឡុងសប្តាហ៍នេះតែម្តង។ ប៉ុន្តែបើយោងទៅតាមការសរសេរបញ្ជាក់ នៅលើគណនី Twitter ផ្លូវការរបស់ហ្គេមមួយនេះ បានធ្វើឲ្យយើងដឹងថា Activision បានសម្រេចចិត្តពន្យារពេលក្នុងការបញ្ចេញកំណែអាប់ដេត Call of Duty: Mobile រដូវកាលទី 7 ទៅពេលក្រោយវិញ។

ចំពោះមូលហេតុនោះ ក៏ព្រោះនៅពេលបច្ចុប្បន្ននេះ នៅក្នុងសហរដ្ឋអាមេរិកកំពុងផ្ទុះការប្រឆាំងតវ៉ា ក៏ដូចជាអំពើហិង្សាមួយចំនួន ទាក់ទងទោនឹងការស្លាប់របស់បុរសស្បែកខ្មៅមួយរូបមានឈ្មោះថា George Floyd ដូច្នេះហើយវាមិនមែនជាពេលវេលាដ៏ល្អសម្រាប់ការអបអរនឹងអ្វីមួយនោះទេ។ ជុំវិញរឿងរ៉ាវខាងលើនេះដែរ ខ្ញុំសង្កេតឃើញថា មានមនុស្សមួយចំនួនបានគាំទ្រការសម្រេចចិត្តរបស់ Activision ហើយក៏មានមនុស្សមួយចំនួនទៀតមិនបានគាំទ្រនឹងការសម្រេចចិត្តមួយនេះទេ ដោយពួកគេបានលើកឡើងមកថា ខណៈពេលនេះទីកន្លែងដែលពួកគេរស់នៅកំពុងតែជួបនឹងភាពវឹកវរ ជាលទ្ធផលធ្វើឲ្យពួកមានអារម្មណ៍មិនល្អ ដូច្នេះហើយពួកគេត្រូវការអ្វីមួយ ដែលជួយឲ្យពួកគេអាចកាត់បន្ថយភាពតានតឹងទាំងអស់នេះបាន។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងណាដែរ? តើអ្នកគាំទ្រការសម្រេចចិត្តរបស់ Activision ដែរឬទេ ?

ដោយ​ ៖ Call of Duty
អត្ថបទទាក់ទង