CEO របស់ Zoom ភ្លេចចុចបើក Mic ហើយបន្ដការនិយាយនៅក្នុងវីដេអូខល Zoom មួយរបស់គាត់​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ការបន្ដសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និងបុគ្គលិកក្រុមហ៊ុននានា នៅតាមផ្ទះរបស់រៀងៗខ្លួនរបស់ពួកគេ បន្ទាប់ពីមានការរីករាលដាលនៃវីរុសកូវីដ 19 គឺបានធ្វើឲ្យកម្មវិធីហៅជាវីដេអូ Zoom មានប្រជាប្រិយភាពខ្លាំងមែនទែន រហូតមកដល់ពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក៏មានក្រុមសារព័ត៌មានពី CNBC បានរាយការណ៍មកថា លោក Eric Yuan ដែលត្រូវជា CEO ប្រចាំកម្មវិធី Zoom ផ្ទាល់តែម្ដង បានចុចដាក់បិទសម្លេងមីក្រូហ្វូន (Mute) ហើយភ្លេចបើកវិញ និងបន្ដការនិយាយអស់ប៉ុន្មានវិនាទីមក ទើបមានអ្នកជួយប្រាប់គាត់។

លើសពីនេះទៅទៀត ការវីដេអូខលក្នុងកម្មវិធី Zoom របស់លោក Eric Yuan នៅពេលនោះ គឺមិនមែនជាការខលធម្មតានោះទេ ដោយវាជាការពិភាក្សាគ្នា ជាមួយអ្នកវិនិយោគិន ថែមទៀតផង។ ជាការពិតណាស់ នេះមិនមែនជាបញ្ហាធំនោះទេ ប៉ុន្ដែគ្រាន់តែដាក់បង្ហាញឲ្យឃើញថា ចំពោះស្ថានភាពបែបនេះ ក៏អាចកើតមានឡើង ទៅលើមេដែលជាបង្កើតវាផងដែរ។ គួរឲ្យសោកស្ដាយ ព្រោះតែកិច្ចប្រជុំសំខាន់នេះ មិនអនុញ្ញាតឲ្យមានការថតវីដេអូទុកឡើយ ដោយគ្រាន់តែមានអ្នកបាន Screenshot រូបមួយសន្លឹក (នៅខាងក្រោមនេះ) ខណៈពេលកំពុងកើតឡើងភ្លាមៗតែម្ដង។ បន្ទាប់ពីនេះ កម្មវិធីវីដេអូខល Zoom នៅតែជាជម្រើសដំបូង សម្រាប់មនុស្សភាគច្រើនដដែល ដោយវាអនុញ្ញាតឲ្យផ្ទុកអ្នកចូលរួមដល់ទៅ 50 នាក់ឯណោះ ព្រមទាំងមានភាពងាយស្រួល ក្នុងការប្រើប្រាស់ថែមទៀត ដែលជាមូលហេតុចម្បង ធ្វើឲ្យទាក់ទាញអ្នកប្រើប្រាស់បាន។

បើទោះបីជាកម្មវិធី Zoom ធ្លាប់បានជួបប្រទះបញ្ហាមួយចំនួន ដូចជាការចោទទៅលើ ផ្នែកប្រព័ន្ធសុវត្ថិភាពយ៉ាងណាក៏ដោយ ប៉ុន្ដែក្រុមការងាររបស់ពួកគេ កំពុងតែខិតខំព្យាយាមអាប់ដេត ដើម្បីពង្រឹងឲ្យកាន់តែរឹងមាំហើយ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់ មិនចាំបាច់មានការព្រួយបារម្ភទៀតនោះទេ។ តើប្រិយមិត្តអ្នកអាន តែងតែប្រើប្រាស់កម្មវិធី Zoom សម្រាប់ធ្វើការហៅជាវីដេអូដែរឬទេ? ឬក៏មានកម្មវិធីផ្សេង ដែលលោកអ្នកយល់ឃើញថា គ្រាន់បើជាងនេះ? សូមបញ្ចេញមតិរៀងៗខ្លួន តាមរយៈប្រអប់ Comment ឲ្យក្រុមការងារយើងបានដឹងផង។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង