Xiaomi បាន​កែប្រែ​ឈ្មោះ​យីហោ MIJIA របស់ខ្លួន​ទៅ​ជា Xiaomi Smart Life វិញ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យើងបានដឹងហើយថា នៅក្នុងពេលបច្ចុប្បន្នេះ Xiaomi គឺជាក្រុមហ៊ុនធំមួយ ដែលផលិតឧបករណ៍ឆ្លាតវៃ សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ក៏ដូចជាគ្រឿងអេឡិចត្រូនិចផ្សេងៗជាច្រើន ពោលគឺមិនមែនត្រឹមតែជាយីហោ ទូរសព្ទឆ្លាតមួយនោះទេ។ ដោយឡែក ចំពោះឧបករណ៍វៃឆ្លាត សម្រាប់ប្រើប្រាស់ជាប្រចាំក្នុងផ្ទះ ឬយើងហៅថា Smart Home នោះ គឺ Xiaomi បានធ្វើការបង្កើតយីហោមួយដោយឡែក ដែលដាក់ឈ្មោះថា MIJIA នេះឯង ប៉ុន្តែនៅក្នុងពេលនេះ Xiaomi លែងប្រើប្រាស់ឈ្មោះនេះទៀតហើយ ពោលគឺគេបានធ្វើការផ្លាស់ប្តូទៅជា Xiaomi Smart Life វិញ។

ជាការពិតណាស់ បើតាមការបង្ហោះនៅតាមបណ្ដាញសង្គម Weibo ចេញពីអតីតគណនីឈ្មោះ MIJIA នោះបានបង្ហាញថា Xiaomi បានធ្វើការប្តូរឈ្មោះយីហោ ដែលតែងមានលើឧបករណ៍ Smart Home របស់ខ្លួនថា MIJIA នោះ ទៅជាប្រើប្រាស់ឈ្មោះថា Xiaomi Smart Life វិញផងដែរ។ មិនខុសទេ នៅក្នុងការបញ្ជាក់របស់គេនោះ ក៏បានប្រាប់ច្បាស់ដែរថា គេគ្រាន់តែធ្វើការប្តូរឈ្មោះប៉ុណ្ណោះ ខណៈពេលដែល Logo ដែលនឹងប្រើប្រាស់លើផលិតផ្សេងៗ នៅក្នុងពេលខាងមុខវិញ គឺមិនមានការផ្លាស់ប្តូរនោះទេ ពោលគឺនៅតែប្រើប្រាស់និមិត្តសញ្ញារាងខែល ដែលបង្ហាញពីអក្សរ M ហ្នឹងដដែល។ គួរបញ្ជាក់ដែរថា យីហោ MIJIA ត្រូវបាន Xiaomi បង្កើតឡើងក្នុងឆ្នាំ 2016 ដែលមានគោលដៅសំខាន់ ទៅលើការផលិតឧបករណ៍ Smart Home ជាច្រើនប្រភេទ សម្រាប់អ្នកប្រើប្រាស់សម័យទំនើប ហើយផលិតផលដំបូងដែលប្រើប្រាស់ឈ្មោះថា MIJIA នេះនោះ គឺជាឆ្នាំងដាំបាយអគ្គិសនី ឈ្មោះថា MIJIA Rice Cooker នេះឯង។

និយាយរួមមកវិញ នៅក្នុងពេលនេះ Xiaomi បានធ្វើការផ្លាស់ប្តូរឈ្មោះ យីហោឧបករណ៍ Smart Home របស់ខ្លួនពី MIJIA ទៅជា Xiaomi Smart Life វិញ ប៉ុន្តែនៅក្នុងនោះ Logo ដែលនឹងត្រូវបំពាក់លើ ឧបករណ៍ជំនាន់ថ្មីៗខាងមុខ គឺនៅតែប្រើប្រាស់ដូចមុនដដែល។ អញ្ចឹងហើយ អាចនិយាយបានថា Xiaomi បានធ្វើការប្តូរតែឈ្មោះ នៃយីហោឧបករណ៍ Smart Home របស់ខ្លួនប៉ុណ្ណោះ ចំណែកឯចំណុចសំខាន់ផ្សេងៗទៀត គឺមិនត្រូវបានផ្លាស់ប្តូរនោះទេ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង