ទីបំផុត បេសកកម្មស្វែងរកមនុស្សភពផ្កាយរបស់ចិន នឹងត្រូវចាប់ផ្ដើមនៅខែកញ្ញាឆ្នាំ 2020 នេះហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

អស់រយៈពេលជាង 2 ឆ្នាំមកហើយ ដែលក្រុមការងាររបស់យើង ទទួលបានដំណឹងមកថា ប្រទេសចិនបានធ្វើ្វការកសាង តេលេស្កុបធំបំផុតលើពិភពលោក ជាមួយឈ្មោះផ្លូវការហៅថា FAST ឬមានពាក្យពេញជា “Five-Hundred-Meter Aperture Spherical Radio Telescope” ដោយវាមានអង្កត់ផ្ចិតប្រមាណ 500 ម៉ែត្រឯណោះ។ ជាការពិតណាស់ វាត្រូវបានសម្រេចការសាងសង់តាំងពីខែកក្កដា ឆ្នាំ 2016 មកម្ល៉េះ ក៏ប៉ុន្ដែប្រទេសចិន ទើបតែបានសម្រេចចិត្តថា វាត្រូវរួចរាល់សម្រាប់បើកដំណើរការជាផ្លូវការ នៅអំឡុងខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះទៅ។

ចំពោះគោលបំណងចម្បងរបស់ឧបករណ៍យក្សមួយនេះ គឺដើម្បីធ្វើការស្វែងរកមើលមនុស្សភពផ្កាយ ក្នុងការចាប់យករលកសម្លេងពីលើអាកាស នេះបើយោងតាមសេចក្ដីប្រកាសផងដែរ។ លោក Zhang Tongjie ដែលត្រូវជាអ្នកវិទ្យាសាស្រ្ដជំនាញ នៅលើការដឹកនាំគម្រោងបង្កើតនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា បេសកកម្មស្វែងរកមនុស្សភពផ្កាយនេះ នឹងមិនប៉ះពាល់ទៅដល់ បេសកកម្មវិទ្យាសាស្ត្រផ្សេងៗទៀតនោះទេ ដោយគោលបំណងមានតែមួយ គឺស្វែងរកជីវិតនៅក្នុងលំហ។ ទោះបីជាយ៉ាងណាក្ដី គាត់ក៏បានបន្ថែមទៀតថា មិនរំពឹងទុកនឹងទទួលបានដំណឹងភ្លាមៗនោះទេ ប៉ុន្ដែប្រសិនបើមានមនុស្សភពផ្កាយចូលមកជិត ដូច្នេះវានឹងអាចចាប់យករលកសម្លេងបាន។ សមត្ថភាពពិសេសរបស់វា គឺអាចចាប់យករលកសម្លេង (Signal) បានឆ្ងាយបំផុតរហូតដល់ទៅដល់ចម្ងាយជាង 13,700,000,000 ឆ្នាំពន្លឺឯណោះ ដោយ 1 ឆ្នាំពន្លឺស្មើនឹង 9,500,000,000,000 គីឡូម៉ែត្រ។

ប្រសិនបើប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍ទៅលើ តេលេស្កុបធំបំផុតលើពិភពលោក របស់ប្រទេសចិននេះ គឺអាចរង់ចាំនៅអំឡុងខែកញ្ញា ឆ្នាំ 2020 ដើម្បីទទួលយកដំណឹងបន្ថែម អំពីព្រឹត្តិការណ៍បើកដំណើរការ ស្វែងរកមនុស្សភពផ្កាយលើកដំបូងបាន។ ក្រុមការងារយើងក៏សង្ឃឹមថា វានឹងអាចចាប់យកបានរលកសម្លេង គួរឲ្យចាប់អារម្មណ៍ណាមួយ ដែលមិនមែនមកពីផែនដីយើង ហើយចុះផ្សាយជូនប្រិយមិត្ត ឲ្យបានដឹងភ្លាមៗតែម្ដង។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង