Apple បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជា 334 លានដុល្លារ​ទៅលើ​ក្រុមហ៊ុន​តៃវ៉ាន់ ដើម្បី​អភិវឌ្ឍន៍​អេក្រង់ Mini-LED និង MicroLED​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យើងធ្លាប់ទទួលបានដំណឹងច្រើនមកហើយ ទាក់ទងនឹងគម្រោងរបស់ Apple ក្នុងនាំយកអេក្រង់ប្រភេទ MicroLED មកប្រើប្រាស់លើឧបករណ៍ជំនាន់ថ្មីរបស់ខ្លួន ប៉ុន្តែជាក់ស្ដែងពីមួយជំនាន់ទៅមួយជំនាន់ យើងមិនទាន់បានឃើញ វត្តមានអេក្រង់ខាងលើនេះ បង្ហាញខ្លួនលើផលិតផលរបស់ Apple ឡើយ។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានរបាយការណ៍ថ្មីមួយ បញ្ជាក់ថា Apple បានធ្វើការវិនិយោគជាមួយក្រុមហ៊ុនផលិតធំៗចំនួន 2 ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ ជួយខ្លួនក្នុងការផលិតបន្ទះអេក្រង់ខាងលើនេះ សម្រាប់ប្រើប្រាស់លើឧបករណ៍ថ្មីនាពេលខាងមុខ។

ជាការពិតណាស់ បើតាមដំណឹងថ្មី ដែលយើងទទួលបាននៅក្នុងពេលនេះ បានបញ្ជាក់ឲ្យដឹងថា Apple បានធ្វើការវិនិយោគជាទឹកប្រាក់ប្រមាណជា 334 លានដុល្លារ ទៅលើក្រុមហ៊ុន 2 ដែលមានមូលដ្ឋានរោងចក្រនៅតៃវ៉ាន់ ដោយមួយជាក្រុមហ៊ុនផលិតអេក្រង់ LED ឈ្មោះថា Epistar និងមួយទៀតជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ LCD ឈ្មោះថា AU Optronics ផងដែរ។ នៅក្នុងការចំណាយទឹកប្រាក់យ៉ាងច្រើននេះដែរ គេបានបញ្ជាក់ថា Apple ចង់ឲ្យក្រុមហ៊ុនទាំងពីរខាងលើនេះ ធ្វើការផលិតអេក្រង់ទាំងអេក្រង់ប្រភេទ Mini-LED និងអេក្រង់ MicroLED ដើម្បីប្រើប្រាស់នៅលើ iPhone, iPad, MacBook និងឧបករណ៍ជាច្រើន នៅពេលអានាគត។ មិនត្រឹមតែប៉ុណ្ណោះទេ Apple ទំនងជានឹងមានគម្រោងក្នុងរយៈពេលយូរ នៃការប្រើប្រាស់អេក្រង់ប្រភេទ Mini-LED និង MicroLED នៅលើឧបករណ៍ជំនាន់ក្រោយរបស់ខ្លួន ជាក់ស្ដែងធ្លាប់ត្រូវបានគេរំពឹងថា អាចនឹងមានលើនាឡិកាឆ្លាតក្នុងឆ្នាំនេះ ហើយក្រៅពីនេះ គេក៏អាចនឹងប្រើប្រាស់លើ MacBook Pro 16 នាពេលខាងមុខទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បើតាមដំណឹងថ្មីៗនេះ បានបង្ហាញថា នាឡិកាឆ្លាតរបស់ Apple នៅក្នុងឆ្នាំនេះ អាចនឹងនៅតែប្រើប្រាស់អេក្រង់ OLED ដូចជំនាន់មុនដដែល ពោលគឺមិនអាចមានអេក្រង់ប្រភេទ MincroLED ឡើយ។

គួរបញ្ជាក់ដែរថា សម្រាប់អេក្រង់ Mini-LED យើងអាចប្រៀបជាមួយអេក្រង់ LCD បាន ពោលគឺវាមានសមត្ថភាពប្រសើរជាងបន្តិច ខណៈពេលដែលអេក្រង់ MicroLED វិញ ក៏ត្រូវបានគេបង្ហាញដែរថា វាមានសមត្ថភាពប្រសើរជាងអេក្រង់ប្រភេទ OLED និយាយឲ្យចំទៅ វាមានកម្រាស់ស្ដើងជាង, មានកម្រិតពន្លឺខ្ពស់ជាង, កម្រិតទឹកពណ៌ប្រសើរជាង ក៏ដូចជាប្រើប្រាស់ថាមពលថ្មតិចជាងផងដែរ។ បើតាមការបង្ហាញរបស់លោក Ming-Chi Kou បានបង្ហាញឲ្យដឹងថា Apple មានផលិតផលថ្មីចំនួន 6 ដែលកំពុងតែសិក្សា ក្នុងការបំពាក់អេក្រង់ប្រភេទ Mini-LED ក៏ដូចជាអាចនឹងប្រកាសចេញ ក្នុងចន្លោះឆ្នាំ 2020 និង 2021 ខាងមុខ ពោលគឺអាចមានដូចជា iPad Pro 12.9 អ៊ីញ, iMac Pro 27 អ៊ីញ, MacBook Pro 14.1 អ៊ីញ និង 16 អ៊ីញ, iPad 10.2 និងអាចមាន iPad Mini 7.9 អ៊ីញផងដែរ។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង