Microsoft បន្ដបញ្ឈប់ការងារអ្នកកាសែតរបស់ខ្លួន ដោយប្រើបច្ចេកវិទ្យា AI ឲ្យជ្រើសរើសព័ត៌មានជំនួសវិញ​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

សម្រាប់ប្រិយមិត្តមួយចំនួន ដែលមិនទាន់បានដឹងច្បាស់ពីមុនមកទេ នោះគឺថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft មិនត្រឹមតែផលិតប្រព័ន្ធប្រតិបត្តិការ Windows និងម៉ាស៊ីនហ្គេម Xbox នោះទេ ដោយឡែកពួកគេនៅគ្រប់គ្រងផ្នែកជាច្រើនទៀត ហាក់បីដូចជា ក្រុមអ្នកចែកចាយព័ត៌មាន តាមរយៈវេបសាយ MSN ឬ Microsoft News ថែមទៀតផង។ ទោះបីជាយ៉ាងណាក្ដី អស់រយៈពេលប៉ុន្មានខែមកនេះ ក៏លេចឮដំណឹងថ្មីមួយថា Microsoft បានចាប់ផ្ដើមបន្ដបញ្ឈប់ការងារ របស់អ្នកកាសែតនៅក្រុមហ៊ុនខ្លួន ដើម្បីធ្វើការជំនួសដោយបច្ចេកវិទ្យា AI ទៅវិញ។

បច្ចេកវិទ្យា AI ឬមានឈ្មោះពេញហៅថា Artificial Intelligence ត្រូវបានបំពាក់នៅលើឧបករណ៍ឆ្លាតវៃជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមិត្តអ្នកអានភាគច្រើន ប្រាកដជាធ្លាប់ឃើញមាន ការផ្សព្វផ្សាយនៅលើទូរសព្ទឆ្លាតច្រើនជាងគេ ចាប់ពីមុខងារជំនួយលើការថត Selfie រហូតដល់មុខងារជំនួយកម្លាំងម៉ាស៊ីន។ នោះក៏ដោយសារតែ AI ជាបច្ចេកវិទ្យាចុងក្រោយមួយ ដែលមានភាពឆ្លាតវៃខ្ពស់ សម្រាប់ការសិក្សាពីអ្នកប្រើប្រាស់ និងជួយកែតម្រូវតាមស្ថានភាព ព្រមទាំងចេះរៀនអភិវឌ្ឍន៍ខ្លួនឯង ជាដើម។

នាពេលបច្ចុប្បន្ននេះ មិនត្រឹមតែអ្នកកាសែតមួយចំនួននោះទេ រីឯអ្នក Editor ខាងផ្នែកពិនិត្យមើលអត្ថបទ ក៏ត្រូវបានក្រុមហ៊ុន Microsoft បញ្ឈប់ជាបណ្ដើរៗដែរហើយ ខណៈពេលដែលបច្ចេកវិទ្យា AI កាន់តែឆ្លាតវៃទៅៗមក។ ចំពោះព័ត៌មានភាគច្រើន ដែលត្រូវបានចែករំលែក នៅលើវេបសាយ MSN.com គឺត្រូវបានជ្រើសរើសដោយ AI ចេញពីប្រភពព័ត៌មានល្បីៗ និងកំពុងពេញនិយម ឲ្យត្រូវតាមលក្ខខណ្ឌរបស់អត្ថបទ ដូចជាមនុស្សអ្នករើសអញ្ចឹងដែរ។

ស្របនឹងពេលនេះផងដែរ អ្នកនាំពាក្យឲ្យក្រុមហ៊ុន Microsoft បាននិយាយប្រាប់ថា ការកាត់បន្ថយការងាររបស់បុគ្គលិកនេះ គឺមិនមែនមកពីរងផលប៉ះពាល់ពីវីរុសកូវីដ 19 នោះទេ ដោយឡែក វាគ្រាន់តែជាគោលការណ៍ របស់ក្រុមហ៊ុននីមួយៗ ដែលត្រូវអភិវឌ្ឍន៍ទៅមុខ ពីមួយជំនាន់ទៅមួយជំនាន់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ នាពេលអនាគតខាងមុខ វេបសាយព័ត៌មានរបស់ Microsoft អាចនឹងត្រូវបានគ្រប់គ្រងដោយ AI សុទ្ធតែម្ដង ក៏អាចថាបានដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង