ភោជនីយដ្ឋានមួយនៅប្រទេសហូល្លង់ បានប្រើរ៉ូបូតជំនួសឲ្យអ្នករត់តុ ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ ១៩​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

វាជារឿងមួយ មិនអាចប្រកែកបានឡើយ ដែលថាវិស័យបច្ចេកវិទ្យាចេះតែជឿនលឿនជានិច្ច ជាពិសេស ការបង្កើតគ្រឿងយន្ត ដែលមកជំនួសការងារមនុស្សតែម្តង ហើយយើងឃើញថា ក្នុងពេលបច្ចុប្បន្ននេះ វាក៏បានចូលរួមជាចំណែកដ៏សំខាន់ផងដែរ ខណៈពេលដែល ជម្ងឺឆ្លងកូវីដ ១៩ កំពុងរីករាលដាល សឹងតែគ្រប់ទីកន្លែងបែបនេះ។ យ៉ាងណា មួយរយៈមុននេះ នៅឯហាងកាហ្វេមួយកន្លែង នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានគេប្រទះឃើញថា ទាំងការឆុងកាហ្វេ និងការរត់តុបម្រើភ្ញៀវ គឺសុទ្ធតែត្រូវបានប្រើប្រាស់ ដោយមនុស្សយន្តទាំងស្រុង។ 

ដើម្បីកាត់បន្ថយការឆ្លង ក៏ដូចជារក្សាចំងាយរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយការប្រើប្រាស់មនុស្សយន្ដ សម្រាប់បម្រើការងារក្នុងហាងអាហារ ពិតជាផ្តល់អត្ថប្រយោជន៍កាន់តែខ្លាំង នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង នៅក្នុងភោជនីយដ្ឋានចិនមួយកន្លែង ដែលមានឈ្មោះថា The Royal Palace នៅឯទីក្រុង Renesse នៃប្រទេសហូល្លង់ ទើបត្រូវបានសារព័ត៌មានបរទេស Associated Press រាយការណ៍មកថា សេវាបម្រើការអតិថិជនក្នុងហាងនេះ ក៏ចាប់ផ្តើមអនុវត្តដោយមនុស្សយន្ត ដែលពួកគេត្រូវបានច្នៃប្រឌិតឡើង មានឯកសណ្ឋានរបស់ភោជនីយដ្ឋានផ្ទាល់ទៀតផង។ នៅក្នុងបទសម្ភាស៍ជាមួយអ្នកសារព័ត៌មាន កូនស្រីម្ចាស់ហាងនេះ បាននិយាយប្រាប់ថា បើទោះបីជាហាងរបស់ពួកគេ ត្រូវបានបើកឲ្យដំណើរការជាធម្មតាឡើងវិញ និងប្រើប្រាស់មនុស្សយន្ត ដើម្បីដឹកជញ្ជួនអាហារដល់តុអតិថិជន ដោយពុំចាំបាច់បារម្ភអំពីការឆ្លងជម្ងឺក៏ពិតមែន ប៉ុន្តែពួកវាមិនអាចធ្វើការអ្វីផ្សេង ក្រៅពីចេះស្វាគមន៍ភ្ញៀវ ដោយប្រើភាសា “Hello and Welcome” បម្រើការលើកអាហារ ទៅកាន់តុរបស់អតិថិជនទេ។ យ៉ាងណា អ្នកស្រី Leah Hu បានបន្ថែមថា វាក៏ជាចំណែកមួយ ជួយកាត់បន្ថយហានិភ័យឆ្លង និងងាយស្រួលជាងមុន ដោយគ្រាន់អង្គុយចាំបញ្ជាវា តាមរយៈថេប្លេតប៉ុណ្ណោះ។ 

មិនខុសទេ អស់រយៈពេលប៉ុន្មានខែមកនេះ ឃើញថាហាងលក់អាហារជាច្រើនកន្លែង ត្រូវបានរងគ្រោះ ដោយសារការឆ្លងរីករាលដាល នៃវីរុសដ៏កាចសាហាវថ្មីនេះ ដែលធ្វើឲ្យឈានដល់ការបាត់បង់ការងារជាង 5.5 លាននាក់ឯណោះ ទូទៅសកលលោក បើគិតត្រឹមខែមេសាប៉ុណ្ណោះ។ និយាយរួមមក ខណៈនេះដែរ ទោះបីជាប្រើប្រាស់មនុស្សយន្ដមកបម្រើក្ដី ប៉ុន្ដែមើលទៅដូចជាមិនទាន់អាចទាក់ទាញអតិថិជន មកវិញបានច្រើនដូចមុននៅឡើយទេ។

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង