Apple បាន​បិទ​ហាង​ជា​ច្រើន​កន្លែង​ម្ដង​ទៀត នៅក្នុង​សហរដ្ឋ​អាមេរិក ដោយសារ​បញ្ហា​អសន្តិសុខ​បន្ត​គំរាម​កំហែង​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ទទួលបានពត៌មានខ្លះៗ ទាក់ទងនឹងស្ថានភាពនៅក្នុងសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះហើយ ពោលគឺមេរោគ Covid-19 មិនទាន់ស្រាកស្រានផង ស្រាប់តែមានបញ្ហាថ្មីមួយទៀត បានកើតឡើង ដែលធ្វើឲ្យមានប្រជាពលរដ្ឋជាច្រើន នៅក្នុងប្រទស ចូលរួមតវ៉ា ហើយបានបង្កជាអំពើហិង្សាផ្សេងៗជាជាដើម។ ដោយឡែក នៅក្នុងពេលនេះ ដោយសារមានការគំរាមកំហែង ពីបញ្ហាខាងលើនេះហើយ ទើបធ្វើឲ្យ Apple បានប្រកាស បិទហាងរបស់ខ្លួនមួយចំនួនម្ដងទៀត នៅក្នុងតំបន់ដែលមានបញ្ហាទាំងនោះ។

ជាការពិតណាស់ នៅក្នុងពេលនេះ Apple បានប្រកាសធ្វើការបិទហាងលក់របស់ខ្លួន មួយចំនួននៅក្នុងសហរដ្ឋអាមេរិក ដោយសារតែបញ្ហាអសន្តិសុខ នៅតែបន្តរីករាលដាល កាន់តែខ្លាំងឡើងៗ។ មិនខុសទេ មូលហេតុនេះ នៃភាពចលាចលនៅក្នុងសហរដ្ឋអាមេរិក នៅក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារតែការស្លាប់របស់បុគ្គលម្នាក់ឈ្មោះថា George Floyd ដែលបង្កឡើងដោយ ក្រុមប៉ូលីសនៅក្នុងតំបន់នោះផងដែរ។ ដោយហេតុនេះហើយ ទើបបណ្ដាលឲ្យ ប្រជាជនជាច្រើន នៅក្នុងសហរដ្ឋអាមេរិក បានចូលរួមធ្វើការតវ៉ា ប្រឆាំងចំពោះទង្វើនោះ កាន់តែច្រើនឡើងៗ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបង្ករជាអំពើហិង្សា ការលួច ឆក់ ប្លន់ ការវាយប្រហារផ្សេងៗ ដែលធ្វើឲ្យសភាពការ កាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។ ដូច្នេះហើយ ទើបនៅក្នុងពេលថ្មីៗនេះ Apple បានធ្វើការបិទហាងរបស់ពួកគេម្ដងទៀត នៅក្នុងតំបន់ដែលពាក់ព័ន្ធជាមួយ ភាពចលាចលទាំងនោះ ដើម្បីការពារសុវត្ថិភាពរបស់បុគ្គលិកពួកគេ ក៏ដូចជាការពារពីបញ្ហាផ្សេងៗទៀត ដូចជាការលួចយកផលិតផលរបស់គេ ចេញពីហាងជាដើម។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ការធ្វើការតវ៉ាខាងលើ ត្រូវបានរីករាលដាលនៅទីក្រុងជាច្រើន ក្នុងសហរដ្ឋអាមេរិក ដែលគិតទៅគឺមានទីក្រុងប្រមាណជា 25 ហើយ ដែលកំពុងជួបប្រទះ ជាមួយភាពវឹកវរ ហើយមិនមែនតែ Apple មួយនោះទេ ដែលបានធ្វើការបិទហាងនោះ ជាក់ស្ដែងហាងល្បីៗជាច្រើនទៀត ក៏បានធ្វើបែបនេះដែរ។ សូមរំឮកថា Apple ទើបតែបានធ្វើការបើកហាងរបស់ពួកគេឡើងវិញ បានប្រមាណជា 100 ហាងប៉ុណ្ណោះ ក្នុងចំណោម 271 ហាង ដោយសារតែវីរុស Covid-19 ហើយបាន 5 ថ្ងៃក្រោយមក គេក៏បានបិទហាងមួយចំនួនបន្តទៀត ដោយសាតែបញ្ហាសង្គមកើតឡើង ដូចបានរៀបរាប់នៅខាងលើនេះ។

ដោយ​ ៖ CNET
អត្ថបទទាក់ទង