លោក Martin Scorsese នឹងដឹកនាំរឿងថ្មីមួយឲ្យ Apple រួមមានការចូលរួមសម្ដែងដោយលោក Leonardo DiCaprio និងលោក Robert De Niro​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ហេតុដោយសារតែ មានការរីករាលដាលនៃវីរុសកូរ៉ូណា បានជាធ្វើឲ្យក្រុមហ៊ុន Apple សម្រេចចិត្តផ្អាកការថតនានា របស់ខ្សែភាពយន្ដសម្រាប់សេវាកម្ម Apple TV+ របស់ខ្លួនជាបណ្ដោះអាសន្ន ហើយវាត្រូវបានកើតឡើង ក្រោយពីសេវាកម្មមួយនេះ ទើបបើកដំណើរការបានរយៈពេលខ្លីប៉ុណ្ណោះ។ យ៉ាងណាមិញ របាយការណ៍ថ្មីមួយ បានលើកឡើងមកថា Apple នឹងនិយាយជាមួយលោក Martin Scorsese ដែលជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ ឲ្យមកដឹកនាំរឿងថ្មីមួយ ដោយមានការសម្ដែងពីលោក Leonardo DiCaprio និងលោក Robert DeNiro ថែមទៀតផង។

ចំណែកឯរឿងថ្មីមួយនោះ ត្រូវបានគេបង្ហើបឲ្យដឹងថា ជារឿងដកស្រង់ចេញពីសៀវភៅ “Killers of the Flower Moon” សរសេរដោយជនជាតិអាមេរិក គឺលោក David Grann ដែលបោះពុម្ពដំបូងកាលពីឆ្នាំ 2017 កន្លងទៅនេះ ជាមួយប្រជាប្រិយភាពខ្ពស់។ នេះមិនមែនជាខ្សែភាពយន្ដ ដែលយកមកផលិតដោយក្រុមហ៊ុន Apple តែឯងនោះទេ ដោយឡែក ពួកគេនឹងចូលរួមជាមួយផលិតកម្ម Paramount Pictures ដែលមានបទពិសោធន៍រាប់ឆ្នាំមកហើយ ដើម្បីមកផលិតខ្សែភាពយន្ដថ្មី ដឹកនាំដោយលោក Martin Scorsese ផងដែរ។ អ្វីដែលត្រូវបានគេរំពឹងទុកនោះគឺថា រឿង “Killers of the Flower Moon” ស្ថិតនៅក្នុងសម័យជំនាន់ 1920s និងទាក់ទងរវាងការស៊ើបអង្កេតរបស់ FBI អំពីឃាតកម្មអាថ៌កំបាំងជាច្រើន។ គួររំលឹកឲ្យបានដឹងផងថា គាត់ធ្លាប់បានដឹកនាំរឿងឧក្រិដ្ឋកម្មជាច្រើនរួចមកហើយ ដោយរួមមានបញ្ចូលទាំងរឿង Shutter Island, Taxi Driver, The Irishman និងរឿង Goodfellas ជាដើម។

 

នាពេលបច្ចុប្បន្ននេះ យើងមិនទាន់ដឹងច្បាស់ថា រឿងភាពយន្ដថ្មីមួយនេះ នឹងចាក់បញ្ចាំងនៅលើសេវាកម្ម Apple TV+ ភ្លាមៗនោះទេ បន្ទាប់ពីត្រូវបានផលិតចប់ ប៉ុន្ដែទំនងជាត្រូវចាក់នៅរោងកុនមុនសិន ទើបចាប់ផ្ដើមបង្ហាញខ្លួននៅលើសេវាកម្មនោះ ក្នុងរយៈពេលប៉ុន្មានខែក្រោយមកក៏ថាបាន។ សម្រាប់ប្រិយមិត្តអ្នកអានវិញ តើធ្លាប់បានគាំទ្រខ្សែភាពយន្ដរបស់លោក Martin Scorsese ពីមុនមកដែរឬទេ? ចុះលោក Leonardo DiCaprio និងលោក Robert DeNiro?

ដោយ​ ៖ WSJ
អត្ថបទទាក់ទង