Google បាន​ពន្យាពេល​នៃ​ការ​ប្រកាស​ចេញ Android 11 ជំនាន់ Beta វិញ ដោយសារ​កំពុង​ជួប​ប្រទះ​បញ្ហា​អសន្តិសុខ​មួយ​ចំនួន​ក្នុង​ប្រទេស​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីពេលកន្លងមក Google មានគម្រោងក្នុងការប្រកាសចេញ Android 11 ជំនាន់សាកល្បងនៅដើមខែក្រោយនេះ ដោយក្នុងនោះ គេក៏នឹងធ្វើការបង្ហាញពីមុខងារពិសេសៗមួយចំនួន ដែលនឹងមាននៅលើប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មីមួយនេះផងដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ បានចេញមុខធ្វើការបញ្ជាក់ប្រាប់សារជាថ្មីវិញ ពីការប្រកាសចេញខាងលើ និយាយឲ្យចំទៅ គេបានធ្វើការបង្ហោះ នៅតាមបណ្ដាញសង្គម Twitter បញ្ជាក់ថា ការប្រកាសចេញនោះ នឹងត្រូវធ្វើការពន្យាពេលសិន ប៉ុន្តែគេមិនបញ្ជាក់ថា នឹងធ្វើឡើងវិញ នៅក្នុងពេលណានោះទេ។

មិនខុសទេ ដូចបញ្ជាក់នៅខាងលើអញ្ចឹង នៅក្នុងពេលនេះ គណនីរបស់ Android Developer ក្នុងបណ្ដាញសង្គម Twitter បានធ្វើការបញ្ជាក់ថា ពេលនេះ មិនមែនជាពេលសម្រាប់ធ្វើការអបអរនោះទេ ដូច្នេះព្រឹត្តិការណ៍ ដែលមានគ្រោងទុកនោះ គឺត្រូវរំសាយចោលវិញ ពោលគឺមានន័យថា ពួកនឹងធ្វើការពន្យាពេលនៃការប្រកាសចេញ Android 11 ជំនាន់ Beta ខាងមុខនេះសិន ប៉ុន្តែសម្រាប់មូលហេតុថា មកពីអ្វីនោះ គេមិនទាន់បានបញ្ជាក់ឲ្យច្បាស់នោះឡើយ។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នៃការប្រកាសចេញរបស់ Google នោះ គឺត្រូវបានកំណត់យកថ្ងៃទី 3 ខែក្រោយនេះតែម្ដង ប៉ុន្តែយ៉ាងណាពេលនេះ វាមិនកើតឡើងទៀតឡើយ សម្រាប់ថ្ងៃដែលបានកំណត់ទុកនោះ ហើយចំណែកឯពេលវេលា ដែលនឹងត្រូវលើកទៅថ្ងៃណាវិញនោះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ ពោលគឺគេគ្រាន់តែប្រាប់ថា នឹងធ្វើឡើង នៅក្នុងពេលឆាប់ៗខាងមុខនេះ។ បើទោះជា Google មិនបានបញ្ជាក់ថា មកពីមូលហេតុអ្វីក៏ដោយ ប៉ុន្តែប្រភពមួយចំនួន បានបញ្ជាក់ថា គឺដោយសារតែនៅក្នុងតំបន់ ដែល Google គ្រោងនឹងប្រកាសចេញនោះ មានការធ្វើការបាតុកម្ម ឬការតវ៉ាប្រឆាំងទ្រង់ទ្រាយធំមួយ បានកើតឡើង ហើយនៅក្នុងការតវ៉ានោះ ក៏បានបង្ករជាអំពើអសន្តិសុខផ្សេងៗ រួមមានទាំងអំពើហិង្សា ក៏ដូចជាការបាញ់ប្រហារផ្សេងៗជាដើម។ 

ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ការប្រឆាំងតវ៉ានោះ មិនទាន់មានភាពស្រាកស្រាននោះទេ ថែមទាំងកាន់តែមានការរីករាលដាល ធំឡើងថែមទៀត ដូច្នេះនេះជាមូលហេតុមួយ ដែលធ្វើ Google ប្រកាសពន្យារពេល នៃការបង្ហាញពី Android 11 ជំនាន់ Beta របស់ខ្លួនវិញ ហើយក៏គួរឲ្យស្ដាយដែរ ដែលពេលនេះ គេមិនទាន់បានធ្វើការពីបញ្ជាក់ពីពេលវេលា ដើម្បីបន្តព្រឹត្តិការណ៍នោះវិញឡើយ។ ជាការពិតណាស់ នៅក្នុងពន្យារពេលនេះ ក៏ជាឱកាសល្អមួយ សម្រាប់ Google ដើម្បីមានពេលអភិវឌ្ឍបន្ថែមទៀតដែរ ហើយជាក់ស្ដែងក្រុមហ៊ុនខាងលើ ក៏បានបញ្ជាក់លើបណ្ដាញសង្គម Twitter ដែរថា នឹងធ្វើការប្រារព្ធធ្វើព្រឹត្តិការណ៍ ប្រកាសចេញនេះឡើងវិញ ជាមួយនឹងការបង្ហាញពី ចំណុចសំខាន់ៗច្រើនជាងមុនទៀត ដែលនឹងមានលើ Android 11។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង